លោកអភិបាលរាជធានីភ្នំពេញប្រាប់ ប្រតិភូ សមាជិកក្រុមប្រឹក្សាធម្មនុញ ពីស្ថានភាពបោះឆ្នោតសមាជិកព្រឹទ្ធសភាពនីតិកាលទី៤

ភ្នំពេញ៖ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានជ្រាប់ជូន សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង់្ស សមាជិកក្រុមប្រឹក្សាធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះស្ថានភាពនៃការប្រព្រឹតទៅ ការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅមណ្ឌលរាជធានីភ្នំពេញ ថាបានប្រព្រឹតទៅដោយរលូន ។ នេះបើតាមការប្រាប់ឲ្យដឹងពី លោក ម៉េត មាសភក្តី អ្នកនាំពាក្យ របស់សាលារាជធានីភ្នំពេញ បន្ទាប់ពីជំនួបពិភាក្សាការងារ រវាងសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង់្ស ប្រតិភូអមនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ អាទិត្យ ទី ១០កើត ខែផល្គុន ឆ្នាំ រកា ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភះ ឆ្នាំ ២០១៨ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរាបជូន ពីស្ថានភាពទូទៅនិងសភាពការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ ដំណើរបានដោយរលូន ទាំងកិច្ចការ ការពារសន្តិសុខ និងសុវត្ថិភាព ត្រូវបានធានា១០០ភាគរយ គ្រប់បែបយ៉ាង ពុំមានអ្វីកើតឡើង ។ ចាប់តាំងពីដំណើរការបោះឆ្នោតរហូតមកដល់ចប់ការបោះឆ្នោតតាមនីតិវិធីនៃការបោះឆ្នោតគឺចប់នៅវេលាម៉ោង៣រសៀល ការិយាល័យទាំងពីរ គឺការិយាល័១០០១ និង១០០២ ត្រូវបានបិទ ដើម្បីបន្តនីតិវិធីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងបន្តនីតិវិធីក្នុងការបិទហិបឆ្នោតនិងរាប់សន្លឹកឆ្នោត ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជធានីភ្នំពេញមានការិយាល័យចំនួនគឺ១០០១ និង១០០២ ដែលស្ថិតនៅក្នុងវិទ្យាល័យប៉ុន រ៉ានី ហ៊ុន សែន វត្តភ្នំទាំងពីរការិយាល័យ ត្រូវបានរៀបចំ និងធានា នូវបញ្ហាសន្តិសុខសុវត្ថិភាព យ៉ាងល្អប្រសើរ ជូនដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងរាជធានីភ្នំពេញ និងតំណាងរាស្រ្ត មានកាត្វកិច្ចចូលរួមបោះឆ្នោត ។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍ជូន របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួច សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង់្ស សមាជិកក្រុមប្រឹក្សាធម្មនុញ មានបន្ទូលវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអាជ្ញាធរ មានសម្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងរាជធានីភ្នំពេញ ដែលបានរក្សាការពារ ក្នុងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ បានដោយរលូនគ្មានអំពើហិង្សា និងបាតុភាពផ្សេងៗ គឺធ្វើឡើងតាមលក្ខណៈប្រជាធិបតេយ្យដែលអាចទទួលយកបាន ។ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតកម្ពជា (គជប) បានបង្ហាញពីស្ថានភាពទូទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨ ដំណើរទៅបានដោយរលូន ៕

Loading...