លោកអាបេ សន្យាមិនឲ្យគ្រោះមហន្តរាយ(សង្គ្រាមលោក)កើតឡើងសារជាថ្មីទៀតទេ

លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន នៅក្នុងខួបលើកទី៧០ឆ្នាំនៃការចុះចាញ់សង្គ្រាមរបស់ជប៉ុនបានថ្លែងសុន្ទរកថា គោរពរដល់វិញ្ញាណក្ខ័ន្ធអ្នកស្លាប់ដោយសារសង្គ្រាម និងការឈ្លានពានរបស់ជប៉ុនកាលនោះ ហើយលោកបានប្រកាសជាថ្មីថាលោកសន្យាមិនឲ្យគ្រោះមហន្តរាយបែបនេះកើតជាថ្មីឡើយ។ ប៉ុន្តែសកម្មភាពនិងពាក្យ សម្តីរបស់លោក អាបេ ស្ថិតក្រោមក្រសែភ្នែកឃ្លាំមើលរបស់មេដឹកនាំចិន និងកូរ៉េខាងត្បូងផងដែរ ប៉ុន្តែលោកអាបេនៅតែរឹងទទឹងមិនចេញមុខសុំអភ័យទោសជាលក្ខណៈបុគ្គលចំពោះទង្វើផ្សៃព្រៃរបស់ជប៉ុនសម័យសង្គ្រាមលោកលើកទី២នោះឡើយ ។

លោក ស៊ិនហ្សូ អាបេ បានបង្ហាញក្តីឈឺចាប់ខ្លាំងភ្ជាប់ជាមួយការគោរព និងសោកស្តាយចំពោះវិញ្ញាណក្ខ័ន្ធអ្នក បាត់បង់ជីវិតដែលជាជនរងគ្រោះសម័យសង្គ្រាមលោកលើកទី២ ក្នុងពេលដែលលោកថ្លែងសុន្ទរកថាក្នុងខួបលើកទី៧០នៃការបិទបញ្ចប់សង្គ្រាមលោកលើកទី២និងការចុះចាញ់សង្គ្រាមរបស់ជប៉ុនផង។ សកម្មភាពនិងពាក្យសម្តីរបស់ប្រមុខរដ្ឋាភិបាលជប៉ុនរូបនេះស្ថិតក្រោមការឃ្លាំងមើលរបស់មេដឹកនាំរដ្ឋជិតខាងទាំងពីរកូរ៉េខាងត្បូងនិងចិនផងដែរ។ នេះក៏ព្រោះថា មេដឹកនាំជាតិនិយមរូបនេះឧស្សាហ៍ធ្វើសកម្មភាពដែលបង្កការក្តៅក្រហាយដល់ចិននិងកូរ៉េខាងត្បូង ដូចជាការទៅគោរពវិញ្ញាណក្ខ័ន្ធមេទ័ពសម័យសង្គ្រាម ។

នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា លោកពិតជាឈឺចាប់ខ្លាំងចំពោះសកម្មភាពឈ្លានពានរបស់ប្រទេសលោកនៅសម័យសង្គ្រាមលោកលើកទី២ ហើយលោកក្នុងនាមជានាយករដ្ឋមន្ត្រីក៏សូមចែករំលែកទុក្ឋបងប្អូននិងក្រុមគ្រួសារជនរងគ្រោះសម័យសង្គ្រាមទាំងក្នុងនិងក្រៅប្រទេស។ លោកក៏បានប្តេជ្ញាទប់ស្កាត់មិនឲ្យគ្រោះមហន្តរាយបែបនេះកើតឡើងជាថ្មីដែរ។ លោកបញ្ជាក់ថា លោកពិតជាយល់ថា អ្វីដែលជប៉ុនប្រឹងប្រែងកសាងដើម្បីលុបលាងទង្វើរបស់ខ្លួននោះ ពិតជាមិនអាចប៉ះប៉ូវការឈឺចាប់និងស្លាកស្នាមដ៏ឈឺចាប់ដែលបង្កឡើងដោយសារបាត់បង់ក្រុមគ្រួសារក្នុងសម័យសង្គ្រាមនោះទេ ។

លោក អាបេ បានទទួលស្គាល់ថា ប្រទេសជប៉ុនបាននាំមកនូវក្តីឈឺចាប់ខ្លាំងដល់បណ្តាប្រជាជនស្លូតត្រង់ក្នុងនោះមានទាំងស្ត្រីទន់ខ្សោយ។ ពួកគេរងការរំលោភបំពានដោយត្រូវទាហានជប៉ុនបង្ខំឲ្យបម្រើជាទាសករផ្លូវភេទកន្លងមកនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ប៉ុន្តែមេដឹកនាំម្នាក់នេះព្យាយាមទប់អារម្មណ៍ ដោយមិនបានហៅស្ត្រីទាំងនោះថាស្ត្រីបម្រើការសប្បាយរបស់ទាហានជប៉ុន ដូចដែលប្រទេសចិននិងកូរ៉េខាងជើងបន្តទាមទារឲ្យជប៉ុនទទួលស្គាល់ឡើយ។ ម្យ៉ាងទៀត លោក អាបេ នៅតែព្យាយាមបដិសេធថ្លែងសុំអភ័យទោសដោយផ្ទាល់និងជាលក្ខណៈបុគ្គលចំពោះទង្វើមិនគប្បីរបស់ប្រជាជាតិជប៉ុនកន្លងមក ដូចមេដឹកនាំជប៉ុនមុនៗនោះដែរ។ កាលពីឆ្នាំ ១៩៩៥ មេដឹកនាំជប៉ុន Tomiichi Murayama បានថ្លែងសុន្ទរកថាបង្ហាញការសោកស្តាយភ្ជាប់ជាមួយក្តីគោរពនិង សុំអភ័យទោសចំពោះជនរងគ្រោះ ។

ដោយសារសោកនាដកម្មនិងការបំភ្លេចបំផ្លាញដ៏ធំធេងនាសម័យសង្គ្រាមលោកលើកទី២ លោក អាបេ បានព្យាយមាអះអាងម្តងជាពីរដងថា លោកមិនអនុញ្ញាឲ្យរឿងចាស់ដ៏ជូរចត់កើតឡើងជាថ្មីឡើយ ហើយលោកក៏បង្ហាញពីជំនឿចិត្តមុតមាំក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរសកល ។

ការប្រារព្ធពិធីខួបនៃការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរីស៊ីម៉ា និងណាហ្កាសាគី ប្រមុខរដ្ឋាភិបាលក្រុងតូក្យូ លោក អាបេ បានបញ្ជាក់ថា មានតែប្រជាជាតិជប៉ុនប៉ុណ្ណោះដែលរងគ្រោះដោយសារគ្រាប់បែកបរមាណូ ហើយលោកសន្យាថា នឹងជំរុញសកម្មភាពរំសាយអាវុធនុយក្លេអ៊ែរនៅលើពិភពលោកទាំងមូល។ នាពេលដ៏ខ្លីខាងមុខលោក អាបេ នឹងដាក់ស្នើដំណោះស្រាយនៅមហាសន្និបាតអង្គការសហប្រជាជាតិជំរុញឲ្យមានការរំលាយចោលអាវុធនុយក្លេអ៊ែរសកលដើម្បី សន្តិភាពនិងសន្តិពិភពលោក ៕

Abe-New
លោកស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប់ុន
df-hiro01s
ពលរដ្ឋជប៉ុនរងគ្រោះដោយការទម្លាក់គ្រាប់បែកបរមាណូ
Loading...

Leave a Reply

Your email address will not be published. Required fields are marked *