លោកអូបាម៉ា យល់ព្រមផ្ទេរតំណែងឲ្យលោកដូណាល់ ត្រាំ ដោយសន្តិវិធី

ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានយល់ព្រមប្រគល់អំណាចដោយសន្តិវិធីជូនលោក ដូណាល់ ត្រាំ ដែលទើបទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ ។

លោកអូបាម៉ា បានថ្លែងអបអរសាទរលើកទឹកចិត្តចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋដែលទទួលជ័យជម្នះលើលោកស្រី ហ៊ីលឡារី គ្លីនតុន គណបក្សប្រជាធិបតេយ្យ ក្នុងលទ្ធផល២៧៦សំឡេងទល់នឹង២១៨សំឡេង ។

ថ្លែងនៅឯ Rose Garden នៃសេតវិមាន បន្ទាប់ពីការអំពាវនាវរបស់លោកដូណាល់ ត្រាំឲ្យមានការរួបរួមសាមគ្គី ក្រោយទទួលជ័យជម្នះនោះ លោកអូបាម៉ា បានបញ្ជាក់ថា លោកនឹងប្រគល់អំណាចទៅឲ្យប្រធានាធិបតីបន្ទាប់នេះដោយសន្តិវិធី ។ លោកអូបាម៉ា បានបញ្ជាក់ថា លោកនឹងធ្វើគ្រប់យ៉ាងដែលអាចដើម្បីធានាថា ការផ្ទេរតំណែងនេះប្រព្រឹត្តឡើងដោយសន្តិភាព ។ យើងចង់ឲ្យប្រទេសនេះ ក្លាយជាប្រទេសដែលល្អបំផុត ។

ការថ្លែងរបស់លោកអូបាម៉ា ក៏កើតឡើងក្រោយការប្រកាសរបស់លោកស្រី គ្លីនតុន ព្រមទទួលយកការបរាជ័យនេះផងដែរ ។

សេតវិមានបានប្រកាសថា នៅថ្ងៃព្រហស្បតិ៍ លោកដូណាល់ ត្រាំ និងលោកអូបាម៉ា មានគម្រោងពិភាក្សាគ្នា លើការផ្ទេរអំណាច ក៏ដូចជាការបន្តពិភាក្សាលើការផ្លាស់ប្តូរជាដើម ៕

 

obama-speech

Loading...