លោកអើយ! គេកំពុងឃុបឃិតគ្នា ប្រោសខ្មោចបទល្មើសព្រៃឈើ ក្រោមលេសស្ដារបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ អោយរស់ឡើងវិញ!

ភ្នំពេញ៖ ប្រភពខ្សឹបចេញពីក្រុមអ្នកដឹងរឿង បទល្មើសព្រៃឈើបានអោយដឹងថា ប្រហែល១ខែចុងក្រោយនេះ មានក្រុមមន្ត្រីដែលចាំទាញយកប្រយោជន៏ និងឈ្មួញរកស៊ីបទល្មើសព្រៃឈើធំៗ កំពុងតែឃុបឃិតគ្នាធ្វើយ៉ាងណា «ក្រូម៉េ» របាយការណ៏ដើម្បីអោយរាជរដ្ឋាភិបាលផ្ដល់ច្បាប់អនុញ្ញាត (PC) អោយមានការនាំឈើចេញពីតំបន់វារីអគ្គិសនី សេសានក្រោម២ឡើងវិញ ក្រោមអ្វីដែលគេអះអាងថា ឈើនៅសល់ក្នុងស្តុកមុនរាជរដ្ឋាភិបាល បិទច្បាប់អនុញ្ញាត ដឹកជញ្ជូនចេញបណ្ដោះអាសន្នតាំងពីចុងខែកុម្ភះ ឆ្នាំ២០១៨រហូតមក។

ប្រភពអ្នកដឹងរឿងបានបង្ហើបអោយដឹងថា កាលពីពាក់កណ្ដាលខែសីហាកន្លងទៅនេះ ឈ្មួញ និងមន្ត្រី ដែលទទួលបានប្រយោជន៏ពីបទល្មើសព្រៃឈើនេះ បានឃុបឃិតគ្នាធ្វើរបាយការណ៍ មួយរាយការណ៏ទៅក្រសួងកសិកម្មធ្វើរបាយការណ៍ ស្នើទៅរាជរដ្ឋាភិបាលផ្ដល់ច្បាប់អនុញ្ញាតអោយក្រុមហ៊ុនទទួល បានសិទ្ធិស្ដារបាតអាងវារីអគ្គិសនីសេសានក្រោម២ មានសិទ្ធិដឹកជញ្ជូនឈើដែលស្ថិតនៅ ក្នុងស្តុកទាំងឈើបង់សួយសារហើយ និងមិនទាន់បង់ចេញដូចដើមវិញ។

ក្នុងនោះយោងតាមរបាយការណ៍ របស់រដ្ឋបាលព្រៃឈើរាយការណ៏ជូនគណៈកម្មការ ចុះពិនិត្យជាក់ស្ដែងលើការចំណាយក្នុងការសម្អាតអាងស្តុកទឹកគម្រោង វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលចេញកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយ លោក អ៊ុង សំអាត បានអះអាងថាឈើដែល បង់សួយសារនិងបុព្វលាភ រួចនៅសល់ក្នុងស្តុក មានឈើជ្រុងប្រណីត ១៥១,១២៣ម៉ែត្រគូប, ឈើអារសរុប ៣,៩៧៣,០៤១ម៉ែត្រគូ និងឈើមិនទាន់បង់សួយសារ និងបុព្វលាភ បន្ទាប់ពីរាជរដ្ឋាភិបាល បានសំរេចផ្អាកជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ មានឈើហ៊ុបមូល ចំនួន ២០,៥៩១,១៤២ ម៉ែត្រគូប និងឈើជ្រុងចំនួន ៤,២០៩,១១៨ម៉ែត្រគូប។

ដូច្នេះ តាមការប៉ាន់ស្មានឈើរបស់ក្រុមហ៊ុនស្ដារបាតអាងដែលស្ថិតនៅក្នុងស្តុកមិនទាន់ដឹកចេញ មាន ចំនួនជិត៣ម៉ឺនម៉ែត្រគូបឯណោះ។

គេមិនដឹងថាតួលេខនេះ ជាតួលេខពិតឬតួលេខបំប៉ោងនោះទេ តែសំរាប់អ្នកដឹងរឿងបានលួចបង្ហើបអោយដឹងថា ឈើនៅសល់ក្នុងស្តុក ដូចមិនច្រើននោះទេ ខ្លាចតែគេបំប៉ោងតួលេខដើម្បីពេលបានច្បាប់ដឹកចេញ គេឃុបឃិតគ្នាកាប់ឈើ ពីក្រៅបាតអាងដឹកចូលដើម្បីបន្លំដឹកចេញនោះទេ ព្រោះបច្ចុប្បន្ននេះ ឮថាខណៈមានអ្នកកំពុងរត់ការដុតដៃដុតជើង ដើម្បីអោយរាជរដ្ឋាភិបាលផ្ដល់ច្បាប់អនុញ្ញាត បានដឹកឈើចេញពីបាតអាងឡើងវិញ ក៏មានក្រុមមេកាក្រុមហ៊ុន និងសមត្ថកិច្ច ដែលមានផលប្រយោជន៏មួយចំនួន ក៏កំពុងរត់ការទៅសមត្ថកិច្ច និងមន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចដែនដី និងមាត់ច្រកទ្វារព្រំដែនដែលរថយន្តដឹកឈើត្រូវ បើកឆ្លងកាត់បណ្ដើរហើយដែរ ព្រោះពួកគេសង្ឃឹមថារបាយការណ៍ «ក្រូម៉េ» សុំនាំឈើចេញពីបាតអាងនេះ នឹងរលូនជាមិនខាន។

មន្ត្រីតូចតាចបាននាំគ្នាខ្សឹបថា បើមិនចង់អោយព្រៃឈើនៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តកំពង់ធំ រលាយហិនហោចទេ រាជរដ្ឋាភិបាល គួរតែពិនិត្យអោយបានច្បាស់លាស់ ហើយយកល្អគួរតែបិទអោយជិតតែម្ដង ក៏ជាការល្អដែរ ព្រោះខ្មោចងាប់បាត់ទៅហើយ មិនគួរនាំគ្នាគាស់ខ្មោចយកមកហិត និងបង្កក្លិនស្អុយដល់គេឯងទៀតនោះទេ៕

Loading...