លោកអ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ នៃ​សាលា​រាជធានី​ភ្នំពេញ ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​?

​ថ្មីៗ​នេះ​មន្ត្រី​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ នៃ​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​បក្ខពួក​កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក អ៊ុក សុផល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​ខ្នង​បង្អែក​ដ៏​រឹងមាំ ហេតុនេះហើយ​ទើប​លោក អ៊ុក សុផល និង​បក្ខពួក​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លេង​ដៃ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​រូបនេះ​ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកាជាតិ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក អ៊ុក សុផល ទទួលបាន​តំណែង​ជា​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ រួចមក​គឺ​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ក្នុងនោះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ស្ថាបនា​ផ្លូវ ធ្វើ​លូ ធ្វើ​សួនច្បារ ដាក់​ភ្លើង​បំភ្លឺ តាម​ទីសាធារណៈ បានក្លាយ​ទៅជា​ប្រភព​ចំណូល​របស់លោក អ៊ុក សុផល យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ សុទ្ធតែ​ក្រុមហ៊ុន​របស់​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក អ៊ុក សុផល ហើយ​មានការ​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ យ៉ាង​ពេញទំហឹង​តែម្តង​។

បើតាម​ប្រភពពី​ថ្នាក់ដឹកនាំ​មន្ទីរ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ក៏បាន​បើក​កកាយ​ពី​រឿងអាស្រូវ​ពុករលួយ​ច្រើន​រូបភាព​របស់លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ផងដែរ​។ ប្រភពពី​មន្ត្រី​គណនេយ្យ​ប្រចាំ​មន្ទីរ​នានា​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​ពួកគេ​ទៅ​បើក​ថវិកា​សម្រាប់​អនុវត្តន៍​គម្រោង​នានា​នៅក្នុង​អង្គភាព គឺ​ត្រូវ​ចំណាយលុយ​ទឹកតែ​ពី​១០​ទៅ​១៥​ភាគរយ​ដល់​លោក អ៊ុក សុផល ដែលមាន​ជំនាញ​ខាង​ពុករលួយ​។

មន្ត្រី​គណនេយ្យ​ប្រចាំ​មន្ទីរ​ទាំង​នោះបាន​អះអាង​ទៀតថា ប្រសិនបើ​មិន​កាត់លុយ​ទឹកតែ​ឲ្យ​លោក អ៊ុក សុផល តាម​ការកំណត់​ទេនោះ គឺ​ពេលខ្លះ​លោក អ៊ុក សុផល មិន​ព្រម​បើកទ្វារ​ឲ្យ​ចូលជួប​ឡើយ ហើយ​បើ​បាន​ចូលជួប​គឺ​លោក អ៊ុក សុផល ឆ្លើយថា​រវល់​ទៅ​ជួប​មេ​ដើម្បី​គេចវេះ​។​ រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​ដែល​មន្ត្រីរាជការ​ក្នុង​សាលា​រាជធានី​ភ្នំពេញ កំពុងបើក​កកាយ​នោះ​គឺ​ទាក់ទង​ទៅនឹង​គម្រោង​ចំណាយ​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ​។

រាល់​គម្រោង​ចំណាយ​សុទ្ធតែ​ត្រូវបាន​លោក អ៊ុក សុផល និង​បក្ខពួក​បំប៉ោង​តាម​អំពើ​ចិត្ត​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​សុទ្ធតែជា​បក្ខពួក​របស់​លោក អ៊ុក សុផល ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុក សុផល និង​បក្ខពួក ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

ពាក់ព័ន្ធការលើកឡើងខាងលើនេះ អង្គភាពយើងមិនអាចទាក់ទងលោក អ៊ុក សុផល ដើម្បីសុំការបកស្រាយបន្ថែមបានទេ ដោយសារពុំមានលេខទូរស័ព្ទ ៕

 

Loading...