លោកឧត្តមសេនីយ៍ទោ សេង ធារិន ចុះត្រួតពិនិត្យស្ថានភាព និងកម្លាំងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ,លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកមេបញ្ចាការទិសទី១ លោកមេបញ្ចាការកងពលតូចថ្មើរជើងលេខ៥១ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងខេត្ត មេបញ្ចាការកងការពារព្រំដែនគោកលេខ៥០៣ បានចុះត្រួតពិនិត្យ ទីកន្លែងធ្វើចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងបានចុះសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងទប់ស្កាត់ការឆ្លងព្រំដែនកម្ពុជា-ថៃ ខុសពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ទិសទី១ យោធភូមិភាគទី៥ បានត្រៀមកម្លាំង និងមធ្យោបាយចល័តអន្តរាគមន៍ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនិងមេបញ្ជាការកងទ័ពជើងគោក រង់ចាំអនុវត្តតាមបទបញ្ជាថ្នាក់លើ២៤ម៉ោងលើ២៤ម៉ោង ក្នុងនោះកម្លាំងមួយផ្នែកបានសហការជាមួយកងកម្លាំងប្រដាប់អាវុធចម្រុះ មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋានបានខិតខំបំពេញភារកិច្ចទាំងថ្ងៃទាំងយប់ ក្នុងកិច្ចប្រតិបត្តិការចូលរួមយុទ្ធនាការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ពិសេសអនុវត្តនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាកាត់ផ្តាច់ និងទប់ស្កាត់ឲ្យខានតែបានការចម្លងចូលក្នុងសហគមន៍។

កត់សម្គាល់ថា៖ដោយសារការីករាលដាលនៃជំងឺឆ្លងកូវីដ-១៩នៅប្រទេសថៃ គិតពីថ្ងៃទី២១ ដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ សរុបជាងមួយពាន់នាក់ និងបានអនុវត្តវិធានការធ្វើចត្តាឡីស័ក ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនិយ៍ទោ សេង ធារិន បានថ្លែងអំណរគុណដល់ អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាសប្បុរសជននានាដែលបានជួយឧបត្ថម្ភ ជាថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ដល់កម្លាំងចម្រុះដែលកំពុងបំពេញបេសកកម្មជូនជាតិមាតុភូមិ ដែលនេះគឺជាសកម្មភាពរួមចំណែក”សមរភូមិក្រោយគាំទ្រសមរភូមិមុខ”៕

Loading...