លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅត្រូវត្រៀមចេញប្រតិបត្តិការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ  ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចមន្រ្តីនគរបាលអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានណែនាំដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនៅពេលវេលានេះត្រូវត្រៀមកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានស្ថិរភាពនិងសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ ក្រោយគេមើលឃើញមានក្រុមប្រឆាំងមួយចំនួនបានន ងកំពុងធ្វើសកម្មភាពខុសច្បាប់ទាមទារតវ៉ាឱ្យមានការដោះលែងជនជាប់ចោទឈ្មោះ រ៉ុង ឈុន ប្រធាន សហភាព សហជីព កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំកម្ពុជាដែលត្រូវមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា និងត្រូវបានតុលាការរាជធានីភ្នំពេញបញ្ជានាំខ្លួនដាក់ឃុំក្នុងពន្ធនាគារដោយរងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវិកវរដល់សន្តិសុខសង្គមតាមមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ក្រោយជនជាប់ចោទរូបនោះលើកឡើងនិយាយបំប៉ោងព័ត៌មានមិនពិតក្នុងគោលបំណងចំណេញផ្នែកនយោបាយជុំវិញលើបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងក៏បានលើកឡើងជំរុញកម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការគ្នាឱ្យបានល្អតាមដានក្តាប់រាល់សភាពការណ៍ទូទៅឱ្យបានម៉តចត់ ដើម្បីចេញបង្ការទប់ស្កាត់រាល់សកម្មភាពនៃអំពើខុសច្បាប់ណាមួយនោះ។

លោកឧត្តមសេនីយ៍ស្នងការរងក៏បានលើកឡើងនូវទិសដៅការងារមួយចំនួនរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញជុំវិញការផ្តល់ឯកសាររដ្ឋបាលសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់់រហ័ស ធ្វើឯកសារនោះហើយត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។បន្តចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបង្ការទប់ស្កាត់ កុំឱ្យឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩។បន្តចូលរួមសកម្មភាពនៃការពង្រឹងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។បន្តស្រាវជ្រាវចាត់វិធានការបង្ការទប់ស្កាត់អំពើលួចឆក់ប្លន់ និងបញ្ហាបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពផងដែរ។

ក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ទោ បេ ដាណារ៉ា ស្នងការរងទទួលដឹកនាំពង្រឹងកិច្ចការងារអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក៏បានចូលរួមលោកឡើងណែនាំដល់កម្លាំងនគរបាលខណ្ឌច្បារអំពៅ ត្រូវគោរពអនុវត្តនូវក្រមសីលធម៌ វិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ និងបំពេញភារកិច្ចបំរើប្រជាពលរដ្ឋឱ្យបានល្អ ចៀសវាងធ្វើសកម្មភាពបង្កប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលនាំឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្ត។

សូមបញ្ជាក់ថាពិធីប្រកាសតែងតាំងមុខតំណែងនិងផ្ទេរភារកិច្ចគឺន្រ្តីនគរបាល១៤រូបនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅត្រូវបានតែងមុខតំណែងជានាយនាយរងផ្នែក និង នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Loading...