លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត សំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកថវិកា៩០លានរៀលរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាផ្តល់ជូនគ្រួសារសពមន្រ្តីនគរបាលមរណៈ១៥គ្រួសារ

ភ្នំពេញ៖ លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារ  ធនធានមនុស្ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសំណេះសំណាលសាកសួរសុខទុក្ខនិងនាំយកថវិកា៩០លានរៀលរបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនគ្រួសារសពមន្រ្តីនគរបាលមរណៈ១៥គ្រួសារដើម្បីយកថវិកាទាំងនោះទៅចាត់ចែងដោះស្រាយនៅក្នុងជីវភាពប្រចាំថ្ងៃ។ពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខបានធ្វើឡើងនៅព្រឹក២៥ខែធ្នូ ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារ  ធនធានមនុស្ស បានមានប្រសាសន៍នាំយកការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចូលរួមរំលែកទុក្ខនិងសោកស្តាយនូវការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃល្អនិងលះបង់សព្វបែបយ៉ាងក្នុងការបំពេញភារកិច្ចការងារថែរក្សាការពារសន្តិសុខ ធានាបាន សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋទូទៅនៅក្នុងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ ស្នងការរងក៏បានមានប្រសាសន៍ទៅកាន់គ្រួសារនគរបាលនោះទៀតថាសូមបងប្អូនគ្រួសារនគរបាលទាំងអស់កុំអស់សង្ឃឹមនិងបន្តបំពេញភារកិច្ចប្រកបមុខរបរដើម្បីចិញ្ចឹមជីវិតឱ្យបានរឹងមាំទៅមុខ។តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលការណ៍ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិនិងឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈដល់គ្រួសារនគរបាល ដោយមិនបោះបង់និងបំភ្លេចនូវវីរភាពអង់អាចមុះមុតចំពោះពួកគាត់និងក្រុមគ្រួសារដែលមានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។ជាពិសេសបន្តជួយលើកទឹកចិត្តផ្គត់ផ្គង់ទ្រងទ្រង់ជីវភាពគ្រួសារដែលកំពុងរស់នៅធ្វើយ៉ាងណាឱ្យពួកគាត់មានក្តីសង្ឃឹមនិងមានភាពកក់ក្តៅ។

លោកឧត្តមសេនីយ៍ស្នងការរងក៏បានផ្តាំផ្ញើដល់គ្រួសារនគរបាលខាងលើនៅក្នុងកាលៈទេសៈនេះត្រូវការពារទប់ស្កាត់បង្ការជម្ងឺឆ្លងផ្លូវដង្ហើម វីរុសកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួនដោយកុំធ្វេសប្រហែសពីព្រោះជម្ងឺនេះបានកំពុងរាតត្បាតជាសកលនិងឆ្លងរាលដាលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជានិងត្រូវអនុវត្តវិធានការអនាម័យជាប្រចាំ។

សូមបញ្ជាក់ថាគ្រួសារសពមន្រ្តីនគរបាល១៥គ្រួសារដែលមកទទួលថវិកាសមាគមមិត្តនគរបាលជាតិក្នុងនោះ០១គ្រួសារទទួលបានថវិកា៦លានរៀល៕

Loading...