លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវស្មោះត្រង់ លះបង់ដាច់ខាតជូនជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល

ខេត្ត​កំពង់ស្ពឺ៖ ថ្លែងទៅកាន់សិក្ខាកាម ដែលត្រូវបញ្ចប់វគ្គហ្វឹកហ្វឺន និង សិក្ខាកាមបន្តវគ្គថ្មី នៅមូលដ្ឋានកងពលតូចទ័ពឆត្រយោង៩១១ ថា កងទ័ពត្រូវស្មោះត្រង់ លះបង់ដាច់ខាតជូនជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ។ នេះជាប្រសាសន៍ លើកឡើង របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញឆត្រយោង ជំនាន់ទី២៤ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញឆ្លាមសមុទ្រជំនាន់ទី៦ នៅថ្ងៃអង្គារទី១០ខែមេសានេះនៅខេត្តកំពង់ស្ពឺ ។

លោក ឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា កងទ័ពត្រូវម៉ឺងម៉ាត់ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន និងអនុវត្តឲ្យបានដាច់ខាតរាល់បទបញ្ជា ដែលមេបញ្ជាការនិងថ្នាក់លើបានប្រគល់ជូន និង ចុងក្រោយ ត្រូវស្មោះត្រង់ លះបង់ដាច់ខាតជូនជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលនិងការពារអោយបាននូវ សុខសន្តិភាពជូនមាតុភូមិ និងប្រជាជនយើង ។

លោកបានលើឡើងថា ប្រទេសជាតិមួយខ្លាំងក៏ខ្លាំងដោយសារកងទ័ពសម័យនេះ មិនខុសពីកងទ័ពសម័យមុនដែរ គឺខុសតែអាយុ ខុសតែសម័យកាល ប៉ុន្តែភារកិច្ចនិងកាតព្វកិច្ចរបស់យើងមិនខុសពីអ្វីដែលបុព្វបុរសខ្មែរយើង បន្សល់ទុកអោយនោះទេ គឺមានកាតព្វកិច្ចបន្តនូវភារកិច្ចរបស់កងទ័ពខ្មែរយើង ការពារទឹកដី ការពារសុខសន្តិភាព ស្ថិរភាពសង្គម និងសុខសន្តិសុខជូនដល់ប្រជាពលរដ្ឋរបស់យើង ។ ទោះបីយើងមិនមានសព្វាវុធទំនើបៗ និងបច្ចេកទេសវិទ្យាយោធាដូចលោកខាងលិចក៏ពិតមាន ប៉ុន្តែកងទ័ពខ្មែរ គឺជាកងទ័ពដែលមានស្មារតី និងឆន្ទៈខ្ពស់ក្នុងដំណើរការកសាងសន្តិភាពនៅទសវត្សរ៍៨០–៩០ និងការស្តារឡើងវិញនៅឃឿនការពារជាតិ ជាបន្តបន្ទាប់ព្រមទាំងការបើកមុខមាត់មាតុភូមិយើង និងកិត្យានុភាព ជាតិដ៏ផូរផង់នៅលើឆាកអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើនរបស់កងទ័ព ។

លោកឧត្តមសេនីយ៍ឯកគូសបញ្ជាក់ថា តាមរយៈសមិទ្ធផលហ្វឹកហ្វឺន ដែលអង្គភាពសម្រេចបាននិងលទ្ធផលជ័យលាភីផ្សេងៗដែលបងប្អូនសិក្ខាកាមបានទទួលនៅថ្ងៃនេះ។ សូមបងប្អូនសិក្ខាកាមទាំងអស់ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន និងធានាអោយមានស្វ័យសិក្សាជាប្រចាំ ។ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងអង្គភាព គោរពបទវិន័យកងទ័ព និងលក្ខន្តិកៈកងទ័ពអោយបានខ្ជាប់ខ្ជួន ។ ត្រូវរក្សាអោយបាននូវសុជីវធម៌ និងសេចក្តីថ្លៃថ្នូ ក្នុងនាមជាកងយោធពលខេមរៈភូមិន្ទ ប្រកដដោយកិត្តិយស និងសាកសមជាយោធិនគំរូ៕

 

 

 

Loading...