លោក​ខាងលិច​គាប​ឲ្យ​លោកពូ​ទី​ន​ ទទួលយក​ឱកាស​ចុង​ក្រោយ​ស្តី​ពី​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​

​មេដឹកនាំ​លោក​ខាងលិច​បាន​ច្រានចោល​ចំពោះ​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ដែល​បាន​បញ្ជាក់​ថា​លោក​ចង់បាន​សន្តិភាព​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​នោះ​។​ មេដឹកនាំ​លោក​ខាងលិច​បាន​ព្រមាន​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បារាំង​ អា​ល្លឺ​ម៉​ង់​ដើម្បី​សន្តិភាព​លើក​នេះ​ជា​ឱកាស​ចុង​ក្រោយ​ហើយ​ដែល​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​កើត​ ឡើង​នោះ​។​

​ក្នុង​ការ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​ប៉េ​ត្រូ​ ប៉ូ​រ៉ូ​សេន​កូ​ បាន​លើក​បង្ហាញ​លិខិតឆ្លងដែន​ និង​នាមប័ណ្ណ​ទាហាន​ ដោយ​លោក​អះអាង​ថា​ រឹបអូស​បាន​ពី​ទាហាន​រុ​ស្ស៊ី​ដែល​ចូល​យ៉ាង​ជ្រៅ​មក​ក្នុង​ដែន​អធិបតេយ្យ​របស់​អ៊ុយ​ក្រែ​ន​ ហើយ​ដែល​ជា​ភស្តុ​តាំង​បញ្ជាក់​ថា​ វត្តមាន​របស់​កងទ័ព​រុ​ស្ស៊ី​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​ ពិតជា​មាន​យ៉ាង​ប្រក​ដ​មែន​ ។​ លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​នៅ​ទីក្រុង​ម៉ូ​និ​ច​ស្តី​អំពី​បញ្ហា​សន្តិសុខ​ថា​ «​អតីត​ជា​ដៃគូ​ប្រកបដោយ​យុទ្ធសាស្ត្រ​ នៅ​ពេល​នេះ​បែរជា​ធ្វើសង្គ្រាម​លាក់​មុខ​មក​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​ទៅ​វិញ​»​។

​លោក​ប៉ូ​រ៉ូ​សេន​កូ​ នឹង​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អា​ល្លឺ​ម៉​ង់​,​ បារាំង​ និង​មេដឹកនាំ​រុ​ស្ស៊ី​ស្តី​អំពី​កិច្ចព្រមព្រៀង​សន្តិសុខ​ក្នុង​ឱកាស​ជា​លើក​ចុង​ក្រោយ​ ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​អតីត​សាធារណរដ្ឋ​សូ​វៀតបាន​សម្លាប់​ជីវិត​មនុស្ស​១២​នាក់​បន្ថែម​ទៀត​ ហើយ​ទីក្រុង​គៀវ​បាន​ព្រមាន​ថា​ ក្រុម​ឧទ្ទាម​គាំទ្រ​រុ​ស្ស៊ី​មាន​គម្រោង​វាយប្រហារ​ជា​ថ្មី​។​

​អធិការបតី​អា​ល្លឺ​ម៉​ង់​ លោកស្រី​អេ​ង​ហ្គេ​ឡា​ ម៉ាក់​កែ​ល​ ជា​អ្នក​រៀបចំ​ឲ្យ​មាន​របៀបវារៈ​សន្និសីទ​នៅ​ក្នុង​ទីក្រុង​ ម៉ូ​និ​ច​ ខណៈ​ដែល​លោកស្រី​ជា​គណៈអធិបតី​ក្នុង​គម្រោង​សន្តិភាព​ ដោយ​លោកស្រី​ និង​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បាន​នាំ​ទៅ​កាន់​លោកពូ​ទី​ន​ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នោះ​ ។​ លោកស្រី​បាន​ថ្លែង​ថា​ «​មិន​ទាន់​ប្រាកដ​ច្បាស់​នៅឡើយ​ថា​ អាច​សម្រេច​បាន​ជោគជ័យ​នោះ​ទេ​ ប៉ុន្តែ​ការ​ខិតខំ​របស់ខ្ញុំ​ ក៏​ដូច​លោក​ប្រធានាធិបតី​បារាំង​ ជា​ការ​ខិតខំ​ប្រកបដោយ​សុទ្ធិ​ចិត្ត​»​។​

​រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​ លោក​ Frank-Walter​ Steinmeier​ បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ថា​ ការ​ជំរុញ​របស់​សហគមន៍​អឺរ៉ុប​ នឹង​ចេញ​លទ្ធផល​ឲ្យ​ឃើញ​នៅ​ពីរ​ ឬ​បី​ថ្ងៃ​ខាង​មុខ​។​ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ Joe​ Biden​ បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គម្រោង​សន្តិភាព​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ខាងលើ​ ដោយ​បាន​បញ្ជាក់​ថា​ «​ឲ្យ​រុ​ស្ស៊ី​ដឹង​ពី​ប្រវត្តិសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​ម្តង​។​ យើង​ឲ្យ​តម្លៃ​ចំពោះ​សកម្មភាព​ជាក់ស្តែង​ មិនមែន​ត្រឹម​ពាក្យ​សម្តី​នោះ​ទេ​ ។​ កុំ​ប្រាប់​យើង​អី​ ប៉ុន្តែ​ត្រូវ​បង្ហាញ​យើង​វិញ​»។

​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ថ្លែង​ថា​ គម្រោង​សន្តិភាព​នា​ពេល​នេះ​គឺ​ផ្តោត​ទៅ​លើ​ការ​អនុវត្ត​ឡើង​វិញ​តាម​គម្រោង​សន្តិភាព​ដែល​បាន​សម្រេច​ឡើង​នៅ​ទីក្រុង​ Minsk​ ប្រទេស​ Belarus​ កាលពី​ខែកញ្ញា​ ឆ្នាំ​២០១៤​។​ ប៉ុន្តែ​ពួក​គាត់​បាន​ទទួលស្គាល់​ថា​ ការ​ផ្តួចផ្តើម​នេះ​ វា​ស្ថិត​នៅ​ឆ្ងាយ​ និង​មិន​ងាយ​សម្រេច​បាន​ទេ​។​

​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​បារាំង​ លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ បាន​បញ្ជាក់​ថា​ គម្រោង​សន្តិភាព​នេះ​មាន​រួម​បញ្ចូល​ គម្រោង​បង្កើត​តំបន់​គ្មាន​យោធា​ក្នុង​ទំហំ​៥០​ទៅ​៧០​គីឡូម៉ែត្រ​ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ ដែល​កំពុង​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​។​ ប៉ុន្តែ​គំនិត​នេះ​ ត្រូវ​ប្រឆាំង​ជំទាស់​ពី​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ដែល​បាត់បង់​ទឹកដី​ទៅ​ខាង​ក្រុម​ឧទ្ទាម​តាំងពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ទីក្រុង​ Minsk​ ជា​បន្តបន្ទាប់​មក​នោះ​ម្ល៉េះ​។​ លោក​ប៉ូ​រ៉ូ​សេន​កូ​ បាន​បញ្ជាក់​ថា​ «​មាន​តែ​ខ្សែបន្ទាត់​តែ​មួយ​ប៉ុណ្ណោះ​ គឺ​ខ្សែបន្ទាត់​ដែល​បាន​ព្រមព្រៀង​ឡើង​នៅ​ក្នុង​ទីក្រុង​ Minsk​ »​។​

​លោក​ហូ​ឡង់​ បាន​ថ្លែង​ថា​ គ្មាន​អ្វី​ផ្លាស់​ប្តូរ​ច្រើន​នោះ​ឡើយ​ ។​ លោក​បាន​ព្រមាន​ថា​ ក​ម្រោ​ង​សន្តិភាព​ថ្មី​នេះ​«​ជា​ឱកាស​លើក​ចុង​ក្រោយ​ហើយ​»​ ដើម្បី​បញ្ឈប់​ជម្លោះ​ជាង​១០​ខែ​មកនេះ​។​ «​ប្រសិនបើ​យើង​បរាជ័យ​នៅ​ក្នុង​គម្រោង​សន្តិភាព​ចុង​ក្រោយ​នេះ​ យើង​នឹង​ដឹង​ពី​សេណា​រី​យ៉ូ​យ៉ាង​ច្បាស់​ប្រាកដ​ ដែល​គេ​ហៅ​ថា​ សង្គ្រាម​នោះ​ហើយ​»​។​

​បើ​ទោះបី​មេដឹកនាំ​លោក​ខាងលិច​រួបរួម​គ្នា​ថ្កោលទោស​ទៅ​លើ​រុ​ស្ស៊ី​ថា​បាន​គាំទ្រ​ដល់​ក្រុម​បះបោរ​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ស្ទាក់​ស្ទើរចិត្ត​ក្នុង​ការ​បញ្ជូន​អាវុធ​ទៅ​ជួយ​ដល់​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​។​ តែ​ទោះ​យ៉ាងណា​ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កបាន​ច្រាន​ចោលការ​លើក​ឡើង​របស់​ប្រភព​ព័ត៌មាន​ដែល​ថា​ សម្ពន្ធមិត្ត​ប្រទេស​នៅ​តាម​តំបន់​អា​ត្ល​ង់​ទិច​មានការ​បែកបាក់​។​ «​គ្មាន​រឿង​បែប​នេះ​កើតឡើង​នោះ​ទេ​»​។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​មានគម្រោង​ធ្វើ​ឲ្យ​យោធា​អ៊ុយ​ក្រែ​ន​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ​ ប៉ុន្តែ​លោកស្រី​ម៉ាក់​កែ​ល​ បាន​បញ្ជាក់​ថា​ គម្រោង​នេះ​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​ថមថយ​កម្តៅ​នោះ​ឡើយ​ ។​ លោកស្រី​បាន​ថ្លែង​ថា​ «​ខ្ញុំ​មិន​យល់​ស្រប​ចំពោះ​ការ​បំពាក់​បរិក្ខារ​ទំនើប​ដល់​កម្លាំងយោធា​អ៊ុយ​ក្រែ​ន​នោះ​ទេ​ ហើយ​ដែល​គេ​គិត​ថា​ អាច​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ចុះ​ខ្សោយ​ខាង​ឥទ្ធិ​ព​លើ​យោធា​នោះ​ដែរ​»​។​

​លោក​ Biden​ បាន​អះអាង​ថា​ អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ការពារ​ខ្លួន​ ហើយ​ដែល​រហូត​មក​ដល់​ពេល​នេះ​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ផ្តល់​ជូន​យោធា​អ៊ុយ​ក្រែ​ន​នូវ​អាវកាក់​ការពារ​គ្រាប់​ និង​មួក​តែ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ «​យើង​នឹង​បន្ត​ផ្តល់​ជំនួយ​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​ន​។​ មិនមែន​លើកទឹកចិត្ត​ឲ្យ​ធ្វើសង្គ្រាម​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ការពារ​ខ្លួន​ ។​ ខ្ញុំ​សូម​អះអាង​ថា​ យើង​មិន​ជឿ​ថា​ មាន​ដំណោះស្រាយ​យោធា​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​នោះ​ទេ​។​ ប៉ុន្តែ​ ខ្ញុំ​ក៏​សូម​អះអាង​ដែរ​ថា​ យើង​មិន​ជឿ​ថា​ រុ​ស្ស៊ី​មាន​សិទ្ធិ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ដែរ​»​។​

​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ច​ន​ ឃើ​រី​ បាន​ថ្លែង​ថា​ អា​មេ​រិ​ក​កំពុង​ថ្លឹងថ្លែង​នៅ​ក្នុង​ការ​ផ្តល់​ជំនួយ​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន​ ។​ លោក​បាន​ដំអក់​ឈប់​មួយ​ភ្លែត​ ហើយ​បាន​បន្ត​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​អាច​ផ្តល់​អាវុធ​។​

​នៅ​ខណៈ​នេះ​ដែរ​ លោកពូ​ទី​ន​បាន​ថ្លែង​ថា​ រុ​ស្ស៊ី​គ្មាន​សង្គ្រាម​នោះ​ទេ​ ហើយ​ក៏​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​នរណា​ម្នាក់​នោះ​ដែរ​។​ ប៉ុន្តែ​លោក​បាន​ដៅ​សំខាន់​ត្រង់​ថា​ លោក​ខាងលិច​បាន​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​រុ​ស្ស៊ី​ចំពោះ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​នោះ​ វា​មាន​ជម្រៅ​ជ្រៅ​ហួសហេតុ​ពេក​ ។​ ប្រសាសន៍​របស់​លោកពូ​ទី​ន​ ត្រូវ​ទីភ្នាក់ងារ​ព័ត៌មាន​ TASS​ ដកស្រង់​មក​ផ្សព្វផ្សាយ​ថា​ «​ពុំ​មាន​ទេ​ សង្គ្រាម​,​ អរគុណ​ព្រះ​ជា​ម្ចាស់​។​ ប៉ុន្តែ​មាន​និយម​ន័យ​មួយ​ដែល​ប៉ុនប៉ង​រាំង​ខ្ទប់​ដំណើរការ​អភិវឌ្ឍន៍​របស់​យើង​»​។​

​នៅ​ទីក្រុង​ម៉ូ​និ​ច​ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ លោក​សឺ​ហ្គេ​យ៍​ ឡាវ​រ៉ូ​វ​ បាន​ថ្លែង​ថា​ លោក​មាន​ជំនឿ​ថា​ គម្រោង​សន្តិភាព​ថ្មី​នេះ​អាច​ជួយ​ឲ្យ​ជម្លោះ​ស្ងប់ស្ងាត់​ទៅ​វិញ​។​ លោក​បាន​បញ្ជាក់​ថា​ គ្រប់ពេល​ អា​មេ​រិ​ក​និង​សហគមន៍​អឺរ៉ុប​តែងតែ​ព្យាយាម​ធ្វើ​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ​ឡើង​។​ លោក​ឡាវ​រ៉ូ​វ​ បញ្ជាក់​ថា​ «​កិច្ច​ពិភាក្សា​ទាំងនេះនឹង​បន្ត​ធ្វើ​ឡើង​ទៀត​ ដូច​ដែល​អ្នកដឹង​ស្រាប់​ហើយ​ យើង​ជឿ​ថា​ ពិតជា​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ បញ្ចប់​ជម្លោះ​កុំ​ឲ្យ​កើតឡើង​សា​ជា​ថ្មី​ម្តងទៀត​»​។​

​ដោយ​មិន​និយាយ​គ្នា​តាម​ផ្លូវ​ការទូត​ ការ​វាយ​ប្រយុទ្ធ​បាន​កើតឡើង​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ ដែល​ទីនោះ​មនុស្ស​ជិត​៥៤០០​នាក់​បាន​បាត់បង់​ជីវិត​ ក្នុង​ជម្លោះ​ដែល​បាន​កើតឡើង​កាលពី​ខែមេសា​ ឆ្នាំ​២០១៤​រៀង​មក​ ។​ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បញ្ជាក់​ថា​ កម្លាំង​បះបោរ​គាំទ្ររ​ស្ស៊ី​កំពុង​ត្រៀម​ប្រមូល​កម្លាំង​វាយប្រហារ​ជា​ថ្មី​ទៀត​ចូល​ទៅ​កាន់​ទីតាំង​ Debaltseve​ និង​ Mariupol​ ។

​ប្រភព​បន្ត​ថា​ ក្រុម​បះបោរ​បាន​បញ្ជូន​រថក្រោះ​ រថយន្ត​ដឹក​កម្លាំង​ទាហាន​ និង​គ្រាប់​មី​ស៊ី​ល​ទៅ​កាន់​តំបន់​ Debaltseve​ និង​ Granitne​ ស្ថិត​នៅ​ចម្ងាយ​៣៥​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​ Mariupol​ ។​ ទីក្រុង​ Debaltseve​ ស្ថិត​នៅ​ចន្លោះ​កណ្តាល​ពី​ទីតាំង​គ្រប់គ្រង​របស់​ពួក​ឧទ្ទាម​ គឺ​នៅ​តំបន់​ Donetsk​ និង​ Lugansk​ ។​ ក្រុម​បះបោរ​បាន​វាយ​ប្រយុទ្ធ​ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ​ក្នុង​បំណង​ឡោម​ព័ទ្ធ​កងទ័ព​រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​មណ្ឌល​ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ​ផ្លូវដែក​ផង​ដែរ​ ៕​
យ៉ា​ត​ សុមេធ​
peter-merkel-hollande

Loading...

Leave a Reply

Your email address will not be published. Required fields are marked *