លោក​អូ​បា​ម៉ា​ និង​លោកពូ​ទី​ន​ ព្រម​ជួប​ពិភាក្សា​គ្នា​ស្តី​អំពី​បញ្ហា​ស៊ី​រី​ ប៉ុន្តែ​ខ្វែងគំនិត​ លើ​វាសនា​លោក​អាល់​អាសា​ដ​

​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ប្រធានាធិបតី​រុ​ស្ស៊ី​ បាន​ព្រម​ជួប​ពិភាក្សា​គ្នា​ទៅ​លើ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​បាន​ខ្វែងគំនិត​គ្នា​ទៅ​លើ​ជោគវាសនា​របស់​លោក​អាល់​ អាសា​ដ​ ប្រធានាធិបតី​ស៊ី​រី​ថា​ តើ​ត្រូវ​នៅ​កាន់​តំណែង​ប្រធានាធិបតី​តទៅ​ទៀត​ ឬ​ក៏​យ៉ាងណា​នោះ​ ។​

​នៅ​មុន​ថ្លែង​សុន្ទរកថា​ក្នុង​មហា​ស​ន្និ​បាទ​អង្គការសហប្រជាជាតិ​ លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​សំដៅ​ទៅ​លើ​លោក​អាល់​ អាសា​ដ​ ប្រធានាធិបតី​ស៊ី​រី​ថា​ ជា​អ្នក​ដែល​បាន​សម្លាប់​កុមារ​ដោយ​ប្រើ​អំណាច​ផ្តាច់​ការ​ ខណៈ​ដែល​លោកពូ​ទី​ន​ ថ្លែង​ថា​ ពិភពលោក​គួរតែ​គាំទ្រ​លោក​អាល់​ អាសា​ដ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​នោះ​ ។​

​មេដឹកនាំ​ប្រទេស​រុ​ស្ស៊ី​បាន​ជំរុញ​ឲ្យ​សមាជិក​ក្នុង​អង្គ​មហា​សន្និត​បាទ​អង្គការសហប្រជាជាតិ​ទាំងអស់​រួបរួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ជី​ហា​ដ​និយម​(jihadist)​ ហើយ​បាន​ព្រមាន​ថា​ លោក​កំពុង​មាន​ផែនការ​ជួយ​ដល់​កងទ័ព​រដ្ឋាភិបាល​អាល់​អាសា​ដ​ ។​

​ប្រធានាធិបតី​អា​មេ​រិ​ក​ និង​ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ជល់​កែវ​ និង​ចាប់ដៃ​គ្នា​ នៅ​ក្នុង​ឱកាស​ជួប​អាហារ​ថ្ងៃត្រង់​ជាមួយ​លោក​បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ មេដឹកនាំ​ទាំង​ពីរ​នេះ​ គ្មាន​អ្វី​ប្រែប្រួល​ចំពោះ​គោល​ជំហរ​របស់​ខ្លួន​នោះ​ឡើយ​ ។​

​លោកពូ​ទី​ន​ និង​លោក​អូ​បា​ម៉ា​ បាន​ជួប​ពិភាក្សា​គ្នា​រយៈពេល​៩០​នាទី​ ហើយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​នេះ​មេដឹកនាំ​រុ​ស្ស៊ី​បាន​ឲ្យ​ឈ្មោះ​ថា​ ជា​កិច្ច​ពិភាក្សា​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​ និង​ស្មោះត្រង់​ ។​ ដូច​គ្នា​នេះ​ដែរ​ មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ក៏​បាន​អះអាង​ដែរ​ថា​ ការ​ពិភាក្សា​មានការ​បោះ​ជំហាន​ទៅ​មុខ​ ។​

​មេដឹកនាំ​ទាំង​ពីរ​ពាន​ព្រមព្រៀង​យល់​ស្រប​ទៅ​លើ​ដំណើរការ​នៃ​ការ​ផ្លាស់​ប្តូរ​នយោបាយ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កបាន​បញ្ជាក់​បន្ថែម​ថា​ មេដឹកនាំ​ទាំង​ពីរ​មិន​ទាន់​យល់​ស្រប​ជា​មូលដ្ឋាន​ទៅ​លើ​តួនាទី​របស់​លោក​បា​សា​ អាល់​អាសា​ដ​ ។​

​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង​រយៈពេល​មួយ​ទសវត្សរ៍​នោះ​ លោកពូ​ទី​ន​ បាន​ព្រមាន​ថា​ វា​ជា​កំហុស​ធ្ងន់​សម្បើម​មួយ​ដែល​មិន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្លាំង​ក្នុង​ប្រទេស​ស៊ី​រី​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​ភេរវកម្ម​មុខ​ទល់​នឹង​មុខ​នោះ​ ។​ លោកពូ​ទី​ន​បាន​ថ្លែង​ថា​ «​យើង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​មុខ​ទាំង​អស់នេះ​ ហើយ​បង្កើត​ក្រុម​សម្ពន្ធមិត្ត​ដើម្បី​ប្រឆាំង​ក្រុម​ភេរវកម្ម​ ។​ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បង្កើត​ក្រុមចម្រុះ​មួយ​ដោយ​រួម​បញ្ចូល​លោក​អាល់​ អាសា​ដ​ និង​ប្រទេស​អ៊ី​រ៉​ង់​ផង​ដែរ​ ។​

​លោក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ត្រៀ​វ​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ចូលរួម​ធ្វើការ​ជាមួយ​ប្រទេស​រុ​ស្ស៊ី​ ដែល​មិន​ដើម្បី​ប្រឆាំង​ត្រឹមតែ​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ជី​ហា​ដ​និយម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​មិន​អាច​រក្សា​ទុក​ឲ្យ​លោក​អាល់​ អាសា​ដ​ នៅ​កាន់​អំណាច​តទៅ​ទៀត​បាន​ឡើយ​។​

​លោក​បាន​បញ្ជាក់​ថា​ «​សហរដ្ឋអាមេរិក​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ទាំងឡាយ​ ក្នុង​នោះ​រួម​មាន​រុ​ស្ស៊ី​ និង​អ៊ី​រ៉​ង់​ផង​ដែរ​ដើម្បី​ដោះស្រាយ​វិបត្តិ​ ។​ លោក​បន្ត​ថា​ ជា​ជាង​ធ្វើ​ជា​រនាំង​ការពារ​ក្រុម​ជ្រុលនិយម​ជី​ហា​ដ​នោះ​ លោក​អាល់​អាសា​ដ​ បាន​ជំរុញ​ឲ្យ​ស៊ី​រី​ធ្លាក់​ចូល​ក្នុង​កណ្តាប់ដៃ​ក្រុម​ទាំងនេះ​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​បណ្តាល​ឲ្យ​កុមារ​ដែល​ជា​ជន​ស្លូតត្រង់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់​ ។​

​ដោយ​មិន​បង្អែបង្អង់​យូរ​ មេដឹកនាំ​រុ​ស្ស៊ី​បាន​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នេះ​ថា​ ការ​ធ្វើ​អន្តរាគមន៍​ដោយ​កង​កម្លាំងយោធា​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​លី​ប៊ី​ និង​អ៊ី​រ៉ា​ក់​នោះ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​រីក​រាលដាល​ ពិសេស​គឺ​ក្រុម​ជ្រុលនិយម​នោះ​តែ​ម្តង​ ។​ លោក​បញ្ជាក់​ថា​ អំពើ​ចលាចល​នេះ​ធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​គ្មាន​សេចក្តីសុខ​ ។​

​លោកពូ​ទី​ន​ បញ្ជាក់​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​(IS)​ បាន​និង​កំពុង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បង្ក​ហិង្សា​គ្មាន​ឈប់​ឈរ​នៅ​ផ្នែក​ខ្លះ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់​ និង​លី​ប៊ី​ ដែល​ជា​ស្នាដៃ​បន្សល់​ទុក​បន្ទាប់​ពី​កងកម្លាំង​គាំទ្រ​ដោយ​អា​មេ​រិ​ក​ធ្វើ​សកម្មភាព​វាយប្រហារ​បណ្តេញ​មេដឹកនាំ​សា​ដាម​ ហ៊ូ​សេន​ចេញពី​អំណាច​ ក៏​ដូច​ជា​វាយប្រហារ​ទម្លាក់​លោក​ Moamer​ Kadhafi​ ក្នុង​ប្រទេស​លី​ប៊ី​នោះ​ផង​ដែរ​ ។​

​លោក​បន្ត​ទៀត​ថា​ ក្រោយ​ពី​ការ​បញ្ចប់​សង្គ្រាមត្រជាក់​ លោក​ខាងលិច​បាន​ផុស​ចេញ​នូវ​អំណាច​ត្រួតត្រា​ថ្មី​មួយ​ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​ក្រអឺតក្រទម​ ដោយ​យក​កម្លាំង​មក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ ។​ ការ​មាន​អំណាច​បែប​នេះ​ហើយ​ដែល​នាំ​ឲ្យ​មានការ​កើត​មាន​តំបន់​អនាធិបតេយ្យ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ជាមួយនឹង​ការ​បះបោរ​ និង​ភេរវកម្ម​នោះ​ ។​

​លោកពូ​ទី​ន​ បញ្ជាក់​ទៀត​ថា​ ការ​វាយឆ្មក់​ពីលើ​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​របស់​សម្ពន្ធមិត្ត​លោក​ខាងលិច​ និង​សម្ពន្ធ​អា​រ៉ាប់​ ដឹកនាំ​ដោយ​អា​មេ​រិ​ក​នោះ​គឺជា​ទ​ង្វើ​ខុសច្បាប់​ ។​ ពីព្រោះ​ពួក​គេ​មិន​បាន​សួរនាំ​ ឬ​សុំ​ការ​អនុញ្ញាត​ពី​ស៊ី​រី​ ឬ​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នោះ​ឡើយ​ ហើយ​ប្រសិនបើ​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​នៅ​ក្នុង​ការ​វាយប្រហារ​ពីលើ​ដែនអាកាស​នោះ​ទេ​ រុ​ស្ស៊ី​នឹង​មិន​ចូលរួម​សកម្មភាព​នេះ​ឡើយ​ ។​

​លោកពូ​ទី​ន​ បាន​ថ្លែង​នៅ​ក្នុង​ស​ន្និ​សីត​មួយ​នោះ​ថា​ «​យើង​កំពុង​គិត​អំពី​វិធី​ជួយ​ដល់​កម្លាំង​ទាហាន​ស៊ី​រី​ ។​ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទាំងអស់​ ប៉ុន្តែ​បើ​យើង​ធ្វើ​វិញ​ ទាល់តែ​ស្រប​ទៅ​តាម​ច្បាប់​ និង​បទដ្ឋាន​អន្តរជាតិ​តែ​ប៉ុណ្ណោះ​ ៕​

 

obama-and-putin

Loading...

Leave a Reply

Your email address will not be published. Required fields are marked *