លោក​​មេធាវី​ពុធ​ ធាវី​ ប្តឹង​ព្រះ​រាជ​អាជ្ញានិង​ព្រះ​រាជ​អាជ្ញា​រង​ ​​ខេត្ត​ព្រះសីហនុ​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​និង​ក្រសួង​យុត្តិធម៌

ភ្នំពេញ​៖ លោក​មេធាវី​ពុធ​ ធាវី​ ប្តឹង​លោក​ស្រី​ ចាត​ សូរស្មី​ ជា​ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ និង​ លោក​ កៀង​ សុន្ទរោ​ ជា​ព្រះ​រាជ​អាជ្ញា​រង​ ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ និង​ក្រសួង​យុត្តិធម៌​ ករណី​មិន​ព្រម​អនុវត្ត​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​ ។​ លោក​មេធាវី​ ចាត់​ទុក​ថា​ ទង្វើ​អ្នក​ទាំងពីរ​ គឺ​ជា​ចេតនា​ទុច្ចរិត​ល្មើស​នឹង​ច្បាប់​ ប្រឆាំង​ទៅ​នឹង​អំណាច​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទាំង​ស្រុង​ ។

ក្នុង​ពាក្យ​បណ្ដឹង​ដាក់​ចូល​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ និង​ក្រសួង​យុត្តិធម៌​ កាលពី​ថ្ងៃទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៧​ ហើយ​អ្នក​សារព័ត៌មាន​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២៤ ខែ​សីហា​ នេះ​ លោក​មេធាវី​ ពុធ​ ធាវី​ បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​៤​ ខែ​សីហា​ ឆ្នាំ​២០១៧​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បើក​សវនាការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​:២២៣​ ចុះ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ តាម​បណ្តឹង​ឧទ្ធរណ៍​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ របស់​លោក​មេធាវី​ ពុធ​ ធាវី​ ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ឈ្មោះ​ ឈន​ ផ្លុំ​ ។

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ប្រកាស​ភ្លាមៗ​សម្រេច​ឲ្យ​ឈ្មោះ​ ឈន​ ផ្លុំ​ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ និង​ បង្គាប់​មក​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ឲ្យ​ដោះលែង​ជា​បន្ទាន់​ ។

សាលដីកា​នេះ​ ត្រូវបាន​សមត្ថកិច្ច​សាលាឧទ្ធរណ៍​ និង​ មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ ចាត់ការ​ត្រឹមត្រូវ​តាម​បែបបទ​រដ្ឋបាល​ ។

លោក​មេធាវី​អះអាង​ថា​ ទង្វើ​របស់​ព្រះ​រាជ​អាជ្ញា​រង​ កៀង​ សុន្ទរោ​ ជា​ព្រះ​រាជ​អាជ្ញា​ប្រចាំការ​ រួម​ទាំង​លោក​ស្រី​ព្រះ​រាជ​អាជ្ញា​ ចាត​ សូរស្មី​ គឺ​ជា​ចេតនា​ទុច្ចរិត​ល្មើស​នឹង​ច្បាប់​ ប្រឆាំង​នឹង​អំណាច​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ។

លោក​មេធាវី​សង្កត់​ធ្ងន់​ថា​ “​ ខ្ញុំ​ធ្លាប់​បាន​ឃើញ​ព្រះ​រាជ​អាជ្ញា​ រួម​នឹង​ចៅក្រម​ស៊ើបសួរ​បាន​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​ថ្ងៃ​សៅរ៍​ ថ្ងៃ​អាទិត្យ​ រួម​ទាំង​ថ្ងៃ​បុណ្យ​…។ល។​ មិន​ដែល​លឺ​ចោទ​ថា​ ខ្វះ​មន្ត្រី​រដ្ឋបាល​សោះ​ឡើយ​ ចុះ​ករណី​នេះវា​​ដូចម្ដេច​ទៅ​ ?​ “​ ។លោក​សូម​ឲ្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ពិនិត្យ​លើ​ផ្លូវ​ច្បាប់​ និង​ ដាក់​ទណ្ឌកម្ម​តាម​ច្បាប់​ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ ពុំ​ទាន់​មាន​ការ​ឆ្លើយតប​បែប​ណា​ពី​លោក​ស្រី​ ចាត​ សូរស្មី​ ព្រះ​រាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ នៅ​ឡើយទេ​ ៕

Loading...