លោក​ ខៀវ​ កាញារីទ្ធ ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប្រុងប្រយ័ត្ន​ព័ត៌មាន​ក្លែងក្លាយ​

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញ​ដល់ប្រព័ន្ធផ្សព្វផ្សាយឲ្យជួយប្រយុទ្ធប្រឆាំង​ព័ត៌មានមិនពិតនៅក្នុងសង្គម ដើម្បីទប់ស្កាត់កុំអោយព័ត៌មានមិនពិតនេះបង្ក​ចលាចល​និងបង្កអសន្តិសុខក្នុងសង្គម។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយ ពិសេស តាមបណ្តាញទំនាក់ទំនងសង្គម ត្រូវធ្វើការឆ្លើយតប ទៅនឹងព័ត៌មាន មិនពិតឲ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ដើម្បីកុំឲ្យសាធារណជន​មួយចំនួនមានការភាន់ច្រឡំ។

នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ​ លោក​ ខៀវ កាញារីទ្ធ លេីក​ឡេីង​ថា ក្នុងរយៈពេលកន្លងទៅនេះ ព័ត៌មានមិនពិតកាន់តែមានច្រើន ពិសេសបាន ផ្សព្វផ្សាយក្នុងបណ្តាញប្រព័ន្ធសង្គម នាំឲ្យសាធារណជនមួយចំនួន ដែលមិនបានធ្វើការតាមដាន និងពិនិត្យព័ត៌មាន គ្រប់ជ្រុងជ្រោយ បានមានការភាន់ច្រឡំ ហើយចោទប្រកាន់មកលើរាជរដ្ឋាភិបាល។

ដូច្នេះ គ្រប់ផ្នែក គ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវធ្វើការតាមដានក្រុម ដែលតែងតែបំផុសផ្សព្វផ្សាយព័ត៌មានមិនពិត ហើយត្រូវធ្វើការបកស្រាយ ឬជូនដំណឹង ទៅមន្ត្រីជំនាញ​ពាក់ព័ន្ធ ពីបញ្ហាអ្វីមួយ ដោយមានការឆ្លើយតបទៅវិញឲ្យបានឆាប់រហ័សនៅរឿងមិនពិត។

លោកខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្តដល់ ប្រជាពលរដ្ឋទាំងអស់ឲ្យមានការតាមដានព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងការភាន់ច្រឡំ និងការចែករំលែកព័ត៌មានប្រកបដោយការពិចារណា ដើម្បីកុំអោយព័ត៌មានមិនពិតកាន់ផ្ទុះឡើងធំ នាំឲ្យប៉ះពាល់ដល់សង្គម៕

Loading...