លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ​ព្រមាន​ថា​ ការ​អនុវត្ត​គោលដៅ​អ.ស.ប.សម្រាប់​១៥​ឆ្នាំលុប​បំបាត់​ភាព​ក្រីក្រនោះ​ នឹង​បរាជ័យ​ ប្រសិនបើ​រដ្ឋាភិបាល​មិន​រៀបចំ​ខ្លួន​ឲ្យ​បាន​ប្រសើរ

លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា ប្រធានាធិបតី​អា​មេ​រិ​ក​ ​បាន​ព្រមាននៅក្នុងសុន្ទរកថាថ្លែងនៅអង្គការសហប្រជាជាតិ​កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥​ថា​ ការ​អនុវត្ត​គោលដៅ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​១៥​ឆ្នាំទៅ​មុខ​នេះ​ ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​ នឹង​បរាជ័យ​ ប្រសិនបើ​រដ្ឋាភិបាល​មិន​រៀបចំ​ខ្លួន​ឲ្យ​បាន​ប្រសើរ​ទេ​នោះ​។​ ជា​ការ​ពិត​ តាម​សម្តី​លោក​ អូ​បា​ម៉ា​ គឺ​ចង់​សំដៅលើ​រដ្ឋាភិបាល​ដែល​មិន​អាច​រក្សា​បាន​នូវ​អភិបាលកិច្ច​ល្អ​ អសមត្ថភាព​ក្នុង​ការ​កម្ចាត់​អំពើ​ពុក​រលួយ​ និង​អនុវត្តន៍​គោលនយោបាយ​រើសអើង​ប្រឆាំង​ស្ត្រី​ និង​ក្រុម​ជនជាតិភាគតិច​ណាមួយ​ក្នុង​សង្គម​នោះ​។​

​មហាសន្និបាត​អង្គការសហប្រជាជាតិ​ មេដឹកនាំ​ប្រទេស​ទាំង​ ១៩៣​ បាន​សម្រេច​អនុម័ត​យក​គោលដៅ​អភិវឌ្ឍន៍​ថ្មី​ដែល​មានឈ្មោះ​ថា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​រយៈពេល​១៥​ឆ្នាំទៅ​មុខ​ ដើម្បី​ផ្លាស់​ប្តូរ​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ផែនការអភិវឌ្ឍន៍​ថ្មី​នេះ​មាន​គោលដៅ​សរុប​ចំនួន​១៧​ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​ ផែនការ​ដែល​អាច​អនុវត្តន៍​បាន​ក្នុង​បរិបទ​ប្រទេស​អ្នកមាន​និង​ក្រ​ ហើយ​អ្វី​ដែល​ពិសេស​ វា​ក៏​គ្រប់​ដណ្តប់​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​បរិស្ថាន​ផង​ដែរ​។​ ស្រប​ពេល​ដែល​មានការ​អនុម័ត​យក​ផែនការ​ថ្មី​ មេដឹកនាំ​ពិភពលោក​ក៏​ប្តេជ្ញា​កាត់​បន្ថយ​ភាព​ក្រីក្រ​ ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០​។​

​សុន្ទរកថា​រយៈពេល​២៨​នាទី​ លោក​ អូ​បា​ម៉ា​ បាន​បញ្ជាក់​ថា​៖«​ ការ​អភិវឌ្ឍ​ត្រូវ​បាន​គំរាមកំហែង​ដោយសារ​អភិបាលកិច្ច​មិនល្អ​របស់​រដ្ឋាភិបាល​។​ រដ្ឋាភិបាល​នានា​ត្រូវ​តែ​លើកកម្ពស់​តម្លាភាព​ និង​បើកចំហរ​ រួម​ទាំង​នីតិរដ្ឋ​ឲ្យ​បាន​ ក្នុង​ការ​ប្រឈម​ជាមួយ​អំពើ​ពុក​រលួយ​ដែល​ផ្ទេរ​លុយរាប់​ពាន់​លាន​ដុល្លារ​ចេញពី​គម្រោង​សាងសង់​សាលារៀន​ មន្ទីរពេទ្យ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចូល​ក្នុង​គណនី​ធនាគារ​បរទេស​»​ ។

​ប្រជាជន​រាប់រយ​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ នៅ​បន្ត​រស់នៅ​ស្ថិត​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅឡើយ​ ហើយ​ពួក​គេ​បន្ត​រងគ្រោះថ្នាក់​ ដោយសារ​បញ្ហា​ពុក​រលួយ​ជា​ប្រព័ន្ធ​ ការ​រើសអើង​ដោយសារ​ពួក​គេ​ជា​ក្រុម​ងាយ​រង​គ្រោះ​ និង​ក្រុម​ភាគតិច​ផង​ដែរ​។

ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ជោគជ័យ​នូវ​ផែនការអភិវឌ្ឍន៍​ថ្មី​នេះ​ ប្រទេស​ទាំងអស់​ត្រូវ​ប្តេជ្ញា​ចិត្ត​រៀបចំ​វិធានការ​ ឬ​គោលនយោបាយ​ក្នុងស្រុក​ ហើយ​បន្ថែម​ពីលើ​នោះ​ វា​ជា​ការ​ចាំបាច់​ដែល​ពួក​គេ​ត្រូវ​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ផង​ដែរ​។​ ប្រទេស​ខ្វះ​ធនធាន​គឺជា​កង្វល់​ និង​ឧបសគ្គ​សម្រាប់​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ជោគជ័យ​ ។​

កង្វល់​សហគមន៍​អន្តរជាតិ​បាន​រសាយ​បន្តិច​​ ក្រោយ​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិន​ពីង​ ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​។​ លោក​ថា​ រដ្ឋាភិបាល​លោក​ត្រៀម​លុប​បំណុល​ដែល​ប្រទេស​ក្រីក្រ​ជំពាក់​ ក្នុង​នោះ​រួម​មាន​ប្រទេស​កោះ​តូចៗ​ផង​ដែរ​ ហើយ​ អ្វី​ដែល​គេ​សាទរ​ខ្លាំង​គឺ​ ចិន​បាន​ត្រៀម​កញ្ចប់​ថវិកា​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ជួយ​ទ្រទ្រង់​បណ្តា​ប្រទេស​ត​តី​យ​លោក​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅ​មុខ​ប្រកបដោយ​និរន្ត​ភាព​ ​៕
UN-ASSEMBLY/

Loading...

Leave a Reply

Your email address will not be published. Required fields are marked *