លោក កែប កត់ មេរដ្ឋបាលព្រៃឈើខេត្តរតនគិរី ធ្វើឲ្យមន្ត្រីក្រោមឱវាទទ្រាំលែងបាន នាំគ្នាដាក់ពាក្យបណ្តឹង

ខេត្តរតនគិរី ៖ លោក កែប កត់ មេរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ត្រូវមន្ត្រីក្រោមឱវាទ បើកកកាយជាបន្តបន្ទាប់ ហើយថ្មីៗនេះ មន្ត្រីក្រោមឱវាទ របស់លោក កែ​ប កត់ បានដាក់ពាក្យបណ្តឹង ចំនួន ៣ច្បាប់ ទៅស្ថាប័នពាក់ព័ន្ធ ដោយសារតែលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ប្រព្រឹត្តអំពើពុករលួយកិបកេង ប្រាក់លើកទឹកចិត្ត ដែលត្រូវបែងចែក ឲ្យមន្ត្រីក្រោមឱវាទ យកទៅចាយវាយតែម្នាក់ឯង។

ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្ម ខេត្តរតនគិរី បានឲ្យដឹងថា អ្នកប្តឹងលោក កែប កត់ គឺមានទាំងនាយរងខណ្ឌ នាយផ្នែក នាយសង្កាត់ និងនាយរងសង្កាត់រដ្ឋបាលព្រៃឈើ ជាច្រើននាក់ ក្នុងខេត្តរតនគិរី ព្រោះពួកគេមិនពេញចិត្ត នឹងអំពើពុករលួយ ពេញបន្ទុករបស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ដែលជាចៅហ្វាយនាយ។

ប្រភពបន្តថា ពាក្យបណ្តឹងនោះ ក៏បានដាក់ជូនទៅអង្គភាព ប្រឆាំងអំពើពុករលួយដូច្នេះ​លោក កែប កត់ មិនអាចបិទបាំង រឿងអាស្រូវ និងអំពើពុករលួយ ពេញបន្ទុករបស់ខ្លួនបានឡើយ។

ប្រភពពីមន្ត្រីរាជការ នៅក្នុងមន្ទីរកសិកម្ម ខេត្តរតនគិរី បានឲ្យដឹងទៀតថា លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទបើកកកាយជាសាធារណៈ ដូច្នេះលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ នៅក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយ​តទៅទៀតទេ។

បើតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងខេត្តរតនគិរី មួយចំនួន ក៏បានឲ្យដឹងដែរថា ការដែលលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងកសិកម្ម ប្រការនេះហើយទើបលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ឃុបឃិត ឲ្យឈ្មួញធំៗដឹកជញ្ជូនឈើ ទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករ​បៀងច្រើនកន្លែង ក្នុងស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស យ៉ាងពេញបន្ទុក។

ប្រភពស្និទ្ធនឹងលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានឲ្យដឹងថា កន្លងមកដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងកសិកម្ម ទើបលោក កែប កត់ ហ៊ានប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក។ ហើយជាក់ស្តែង តាំងពីឆ្នាំ២០១៦ រហូតមក គឺប្រាក់លើកទឹកចិត្ត ឬប្រាក់អប្បហារ សម្រាប់មន្ត្រីក្រោមឱវាទ ត្រូវបានលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ព្យាយាមលាក់លៀម បិទបាំង កេងប្រវ័ញ្ច យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងគឃ្លើន បើសរុបទៅ មិនតិចជាង ៣០០លាន់រៀលនោះទេ។

ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលនៃក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយឲ្យលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី​ ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ ហើយជាពិសេស ករណីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុក ក្នុងខេត្តរតនគិរី ត្រូវបានគេដឹងថា កើតចេញពីអំពើពុករលួយ របស់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី៕

 

Loading...