លោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ នៅតែល្បីល្បាញខាងពុករលួយ

មន្ត្រីគយក្នុងខេត្តស្វាយរៀង មួយចំនួនបានបង្ហើបឲ្យដឹងថា ឈ្មួញធំៗដែលនាំចូលទំនិញពីស្រុកយួនតាមច្រកព្រំដែនជាច្រើនកន្លែងក្នុងខេត្តស្វាយរៀង ហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ ដែលល្បីល្បាញខាងពុករលួយច្រើនឆ្នាំមកហើយ។

ប្រសិនបើឈ្មួញណាគ្មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ ទេនោះគឺមិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួនដឹកជញ្ជូនឆ្លងកាត់ខេត្តស្វាយរៀង ចូលទៅរាជធានីភ្នំពេញ បានឡើយ។

ប្រភពស្និទ្ធនឹងលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ បានឲ្យដឹងថា តាមច្រកព្រំដែនច្រើនកន្លែងក្នុងខេត្តស្វាយរៀង ឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ យ៉ាងរលូន ដូចជានៅច្រកទ្វារតំបន់បុសមន ស្រុករំដួល និងច្រកទ្វារតំបន់ដូង ស្រុករមាសហែកជាដើម។

ប្រភពបានឲ្យដឹងទៀតថា ការដែលមេគយប្រចាំច្រកទ្វារទាំងនោះហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងសុខស្រួលគឺដោយសារអាងមានការសម្របសម្រួលពីសំណាក់លោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​។ បញ្ហានេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្វាយរៀង បានលើកឡើងថា តាមច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកកំពង់រោទ៍ ស្រុកចន្ទ្រា ក្រុងបាវិត ស្រុករំដួល ស្រុករមាសហែក និងស្រុកស្វាយជ្រំ មានឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញធំៗទាំងនោះសុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ ដើម្បីឲ្យមុខរបររបស់ពួកគេអាចប្រព្រឹត្តទៅដោយរលូនហើយមិនប្រឈមនឹងការបង្ក្រាប។ ជាងនេះទៅទៀតប្រភពពីក្រុមឈ្មួញមួយចំនួនបានឲ្យដឹងថា លោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទន្ទេញជាប់មាត់ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។

ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះករណីលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង​ គឺដោយសារអាងមានលោក គុណ ញឹម អគ្គនាយកគយជាបង្អែករឹងមាំ ។

ទាក់ទងការលើកឡើងខាងលើនេះ គេហទំព័រឧត្តមគតិ មិនអាចទាក់ទងលោក ខៀវ សារឿន សុំការបំភ្លឺបានទេ ពីព្រោះមិនមានលេខទូរស័ព្ទ ៕

 

Loading...