លោក គីម ជុងអ៊ុន សុំទោសផ្លូវការចំពោះការសម្លាប់បុរសកូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានចេញលិខិតសុំទោសផ្ទាល់ខ្លួនដ៏កម្រមួយចំពោះការសម្លាប់បុរសកូរ៉េខាងត្បូងម្នាក់ ។ នេះបើតាមប្រភពប៊ីប៊ីស៊ី​ផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។

លោក គីម ត្រូវបានគេរាយការណ៍ថា បានថ្លែងតាមរយៈលិខិតទៅកាន់មេដឹកនាំកូរ៉េខាងត្បូង លោកប្រធានាធិបតី មូន ជេអ៊ីន (Moon Jae-in)ថា“ រឿងរ៉ាវដែលគួរឲ្យស្អប់ខ្ពើម”បែបនេះ មិនគួរកើតឡើងនោះទេ ។

កូរ៉េខាងត្បូងបានប្រកាសថា បុរសអាយុ៤៧ឆ្នាំរូបនេះត្រូវបានប្រទះឃើញដោយកម្លាំងកងទ័ព នៅពេលដែលកំពុងអណ្តែតនៅលើដែនទឹករបស់កូរ៉េខាងជើង ។ បន្ទាប់មកបុរសរូបនោះត្រូវបាញ់សម្លាប់ ហើយសាកសពរបស់គាត់ត្រូវបានកូរ៉េខាងជើងដុតបំផ្លាញចោល ។

គេមិនដឹងថា បុរសរងគ្រោះកំពុងធ្វើអ្វីនៅទីនោះឡើយ ។ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា គាត់ (បុរសរងគ្រោះ)ប្រហែលជាបានព្យាយាមផ្តាច់ខ្លួនទៅកាន់កូរ៉េខាងជើង ។ យ៉ាងណាក៏ដោយ ខាងក្រុមគ្រួសាររបស់បុរសរងគ្រោះបានបដិសេធរឿងរ៉ាវព្យាយាមផ្តាច់ខ្លួននេះ។

ការសម្លាប់បុរសកូរ៉េខាងត្បូង​ដោយ​កងកម្លាំងកូរ៉េខាងជើងនេះ ជាករណីដំបូងបង្អស់ គិតរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយវាបាននិងកំពុងបង្កឱ្យមានកំហឹងពីកូរ៉េខាងត្បូងជាខ្លាំង ។

គួរបញ្ជាក់ថា ព្រំដែនរវាងកូរ៉េទាំងពីរ មានលក្ខណៈតឹងរ៉ឹងណាស់ ។ កូរ៉េខាងជើងត្រូវគេគិតថា មានគោលនយោបាយ“បាញ់សម្លាប់” ដើម្បីការពារកុំអោយមានមេរោគកូវីដ១៩ឆ្លងពីប្រទេសកូរ៉េខាងត្បូងចូលទៅក្នុងប្រទេសកូរ៉េខាងជើង ។

យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានគេស្គាល់ថាជាវិមានពណ៌ខៀវនោះបានប្រកាសថា ការសុំអភ័យទោសបានធ្វើឡើងជាទម្រង់លិខិតមួយផ្ញើទៅកាន់ប្រធានាធិបតី មូន ដោយមេដឹកនាំកូរ៉េខាងជើងបានទទួលស្គាល់ថា ឧប្បត្តិហេតុនេះមិនគួរកើតឡើងនោះទេ។

សេតវិមានបានប្រកាសថា លោក គីម បានហៅទង្វើបាញ់ប្រហារនេះថា ជាការគួរឱ្យស្អប់ខ្ពើមមួយ ហើយថា គាត់ (គីម ជុងអ៊ុន) មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង និងសុំទោសចំពោះលោក មូន និងប្រជាជនកូរ៉េខាងត្បូង ។ នេះគឺជាការអត្ថាធិប្បាយផ្លូវការលើកដំបូងរបស់កូរ៉េខាងជើងលើឧប្បត្តិហេតុនេះ។

កូរ៉េខាងជើងបានផ្តល់លទ្ធផលស៊ើបអង្កេតរបស់ខ្លួន -ដោយបានបញ្ជាក់ថា ការបាញ់ប្រហារបុរសកូរ៉េខាងត្បូងនោះ​ធ្វើឡើងចំនួន ១០ គ្រាប់ ។ បុរសរូបនេះបានចូលដែនទឹករបស់កូរ៉េខាងជើងហើយបន្ទាប់មកមិនបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួន ហើយព្យាយាមរត់គេចថែមទៀតផង ។

ទោះយ៉ាងណា កូរ៉េខាងជើងបានទទូចថា ខ្លួនមិនបានដុតបំផ្លាញរាងកាយបុរសនេះឡើយ ប៉ុន្តែគឺបានដុត “សម្ភារៈអណ្តែតទឹក” របស់បុរសកូរ៉េខាងត្បូងរូបនោះទៅវិញទេ ៕ ថាច់ យ៉ាត

Loading...