លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​បើកដៃឲ្យឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក

ខេត្តត្បូងឃ្មុំ៖ ប្រភពពីតំបន់​ព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ជាច្រើន​នាក់​ដែល​ក្នុងនោះ​មាន​ទាំង​មន្ត្រី​យោធា មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​ផងដែរ​នៅតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។

គេ​រិះគន់​ចំៗ​ថា​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ ហើយ​កំពុងតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ការដែល​លោក គឹម ឈុនលី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ក្រោមលេស​យកលុយ​ជួយ​គណបក្ស ហើយ​លោក គឹម ឈុនលី តែងតែ​បង្ហាញមុខ​ជាមួយ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ដើម្បី​បង្ហាញ​ពិ​ឥទ្ធិពល​របស់ខ្លួន​។ ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅ​ច្រក​បឹង​ជ្រោង ច្រក​ចាន់​មូល ច្រក​ដូន​រដ្ឋ និង​ច្រក​ទន្លេ​ចាប​ជាដើម មាន​ក្រុម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេល​យប់​។

ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ជាច្រើន​ស្ថាប័ន ជាពិសេស​សមត្ថកិច្ច​នៅតាម​ច្រកព្រំដែន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​គឃ្លើន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ហេតុនេះហើយ​ទើប​លោក គឹម ឈុនលី ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​រលូន​។ ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ក៏ដូចជា​ច្រករបៀង​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក គឺ​ត្រូវតែ​បង់លុយ​ឲ្យ​លោក គឹម ឈុនលី និង​បក្ខពួក​តាម​ការកំណត់​។ ប្រសិនបើ​ឈ្មួញ​ណា​ចង់​គេចវេះ​មិន​បង់លុយ​នោះ គឺ​លោក គឹម ឈុនលី បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រើប្រាស់​រថយន្ត​ដឹក​តាម​បង្ក្រាប​យក​ស្នាដៃ​ជាមិនខាន​ឡើយ​។

ទង្វើ​របស់លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើ​ឲ្យ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញទៅ​ស្រុក​យួន​ក្លាយទៅជា​រឿង​ឥតន័យ​ព្រោះ​លោក គឹម ឈុនលី នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​។

បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូល​ខេត្តក្រចេះ ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ច្រើន​កន្លែង​នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ហើយ​លោក គឹម ឈុនលី កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល ។

លោកគឹម ឈុនលី អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារគ្មានលេខទូរស័ព្ទ ៕

 

Loading...