លោក ឃុន ណូ អ្នកថតរូបទូរទស្សន៍ស៊ីធីអិន និង ម៉ាយធីវី កើតជំងឺផ្តាសាយជ្រូក H1N1

ភ្នំពេញ៖ លោក ឃុន ណូ អ្នកជំនាញថតរូបដ៏ឆ្នើមម្នាក់ ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន និងម៉ាយធីវី បានធ្លាក់ខ្លួនឈឺជាទម្ងន់ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតអស់រយៈពេលជិត ១សប្តាហ៍មកហើយ និងរហូតមកដល់ពេលនេះស្ថានភាពជំងឺនៅមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ ។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះ គឺក្រុមគ្រូពេទ្យជំនាញបានអះអាងថា លោក ឃុន ណូមានមេរោគ H1N1 (ផ្តាសាយជ្រូក)ជាប់ខ្លួន ដែលនេះជាលើកដំបូងហើយនៅប្រទេសកម្ពុជាដែលមានមនុស្សឆ្លងជំងឺH1N1 ។
សូមបញ្ជាក់ថា លោកឃុន ណូ មានអាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយបច្ចុប្បន្នស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកបានធ្លាក់ខ្លួនឈឺដំបូងចូលសម្រាកព្យាបាលនៅមន្ទីរពហុព្យាបាល សម្ភព «អង្គរធំ» តាំងពីថ្ងៃទី១៣ កុម្ភៈ មកម្ល៉េះ ដោយសារអាការៈរបស់លោកក្តៅរងា និងពិបាកក្នុងការដកដង្ហើម ហើយប្រព័ន្ធរំលាយអាហារមិនទទួលយកអ្វីដែលហូបចូលទៅ និងចេះតែអស់កម្លាំង ។ លុះរហូតមកដល់ថ្ងៃទី១៦ កុម្ភៈ ដោយសារស្ថានភាពជំងឺកាន់តែដុនដាបឡើងៗ លោកត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ។
ក្រោយការតាមដានយ៉ាងដិតដល់ ពីសំណាក់ក្រុមគ្រូពេទ្យជំនាញរួចមក ក្រុមគ្រូពេទ្យ បានបញ្ជាក់ថា រូបលោកកើតជំងឺផ្តាសាយជ្រូក (H1N1) ជាប់ខ្លួន ។ គិតមកត្រឹមវេលាព្រឹកថ្ងៃទី ២១ កុម្ភៈ នេះ អាការៈជំងឺលោក ឃុន ណូ ពុំទាន់ត្រូវបានធូរស្បើយនៅឡើយទេ ពោលនៅមានសភាពធ្ងន់ធ្ងរដដែល ។
គួរបញ្ជាក់ថា ស្ថានភាពក្រុមគ្រួសារលោកឃុន ណូ មានជីវភាពខ្វះខាតខ្លាំង ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាយវាយ និងការបង់ថ្លៃព្យាបាលជំងឺឡើយ ។ លើសពីនេះទៅទៀត ប្រពន្ធរបស់លោកក៏កំពុងមានផ្ទៃពោះគ្រប់ខែជិតសម្រាលកូនទៅហើយដែរ ជាហេតុធ្វើឱ្យក្រុមគ្រួសារត្រូវការប្រាក់កាសជាចាំបាច់បំផុត ក្នុងការដោះស្រាយទុក្ខលំបាកនៅចំពោះមុខនេះ ។
សូមបញ្ជាក់ថា ជំងឺH1N1បានឆ្លងរាលដាលនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី ប៉ុន្តែមិនធ្លាប់កើតមាននៅកម្ពុជាយើងទេ ។ ប៉ុន្តែនេះជាលើកដំបូងហើយ សម្រាប់ប្រទេសកម្ពុជាដែលកើតមាននៅលើខ្លួនលោក ឃុន ណូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ក្រុមគ្រូពេទ្យជំនាញបានបញ្ជាក់ឱ្យដឹងថា ជំងឺផ្តាសាយជ្រូកនេះ ប្រសិនបើកើតនៅលើអ្នកមានជំងឺសួតនោះ វានឹងធ្វើឱ្យមានសភាពធ្ងន់ធ្ងរ ប៉ុន្តែវាមិនមែនជាជំងឺចម្លែកអ្វីឡើយ គ្រាន់តែវាខុសប្លែកពីជំងឺផ្តាសាយបន្តិចបន្តួច ហើយវាឆ្លងតាមរយៈការដកដង្ហើម និងកណ្តាស់ ៕

IMG-54

IMG-76

Loading...

Leave a Reply

Your email address will not be published. Required fields are marked *