លោក ឃួង ស្រេង ជំរុញដល់មន្ទីរជំនាញ លុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

(ភ្នំពេញ)៖ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែសីហានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរខណ្ឌទំាង១៤ដើម្បីចុះត្រួតពិនិត្យ កន្លែងលក់ហ្គាសនានា ស្វែងយល់ ពីទិដ្ឋភាពច្បាប់សម្ភារៈបច្ចេកទេសស្តង់ដារ និងឧបករណ៍ការពារ ក្នុងគោលដៅធានាថាអាជីវកម្មនេះគ្មានផលរំខានឬបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងបរិស្ថាន ។

លោកអភិបាលបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានកន្លែងលក់ហ្គាសនិងបញ្ជូលហ្គាសជាច្រើនកន្លែង កន្លែងខ្លះគ្មានស្តង់ដារបច្ចេកទេស ប្រើប្រាស់ធុងហ្គាសចាស់ៗគ្មានគុណភាព ឬធុងស្តើង ដែលងាយបង្កហានិភ័យគ្រោះថ្នាក់ទំាងអ្នកបញ្ជូលនិងអ្នកប្រើប្រាស់ ។ ដូច្នេះលោកសូមអំពាវនាវដល់ក្រុមអាជីវករលក់ហ្គាសទំាងអស់ត្រូវបញ្ឈប់ការទិញធុងហ្គាសចាស់ៗពីប្រទេសដ៏ទៃ ហើយយកមកបាញ់ថ្នំា ប្រើប្រាស់បន្តដែលនេះគឺជាហានិភ័យគ្រោះថ្នាក់ខ្ពស់អាចបង្កអោយផ្ទុះធុងហ្គាសនិង អគ្គិភ័យឆាប់ឆេះផ្ទះសម្បែងជាដើម ។ យើងឃើញថានៅរាជធានីភ្នំពេញសព្វថ្ងៃនេះ កន្លែងលក់ហ្គាសពុំមែនតែកន្លែងលក់ហ្គាសទេ គឺមានទំាងផលិតហ្គាសថែមទៀត។ ព្រោះពេលចុះទៅកន្លែងផ្ទុះហ្គាសយើងសង្កេតឃើញមានថ្មស្អុយដែលជាសារធាតុផលិតហ្គាស។ កិច្ចការងារនេះគឺជាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ នៅមូលដ្ឋាន បើកាលណាបង្កអោយមានកន្លែងលក់ហ្គាស អនាធិបតេយ្យបែបនេះកាន់តែច្រើន ហានិភ័យកាន់តែខ្ពស់ចំពោះយើង កន្លែងខ្លះឡានពិបាករត់ទៅជួយសង្គ្រោះ ភាពចង្អៀតដោយសារបញ្ហាចរាចរណ៍ ចំណុចនេះត្រូវតែយក ចិត្តទុកដាក់អោយបានខ្ពស់ ។

ដោយឡែកលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាហ្គាសឬការលក់សំាងដបនៅតាមចិញ្ចើមផ្លូវឬផ្ទះលក់ដូរគ្រឿងទេសជាបញ្ហាប្រឈមផ្នែកសុវត្ថិភាព ដោយត្រូវ បង្កើនការយកចិត្តទុកដាក់ លុបបំបាត់ឲ្យខាងតែបាន ខណៈដែលអគ្គិភ័យនានាដែលកើតឡើងនៅរាជធានីភ្នំពេញកន្លងមកនេះ ភាគច្រើនបណ្តាលមកពីការផ្ទុះធុងហ្គាសគ្មានបច្ចេកទេសនិងគុណភាព ៕

 

Loading...