លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យស្ថានភាពនៅតាមទីតាំងចាក់វ៉ាក់សាំង៤ខណ្ឌ

ភ្នំពេញ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការ​ចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានចុះពិនិត្យស្ថានភាពនៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួននៅ​ទូទាំង​រាជធានីភ្នំពេញ ។ លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យចំនួន៤ខណ្ឌនៅក្នុងរាជធានី ភ្នំពេញ ក្នុងនោះ មាននៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ។

ក្នុងការចុះ ពិនិត្យ​ទីតាំង ជាច្រើនកន្លែងនៅក្នុងតំបន់នានានៃ៤ខណ្ឌនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការ ណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្តលើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឱ្យបងប្អូន ប្រជាពលរដ្ឋ រក្សា គម្លាតសុវត្ថិភាពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឱ្យបាននូវការឆ្លង រីករាលដាល នៃជំងឺកូវីដ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយកការ ចាក់វ៉ាក់សាំង ជាប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឱ្យបង ប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហមទាំងនេះ គឺជាការគិតគូរខ្ពស់មួយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យ ប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនៃការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាព ពីការវាយប្រហារ ដោយមេរោគកូវីដ-១៩ ។ តំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុង ធ្វើយុទ្ធនា ការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនេះ ស្ថិតក្នុងខណ្ឌចំនួន៤ខាងលើ ស្មើនឹង៣៣ សង្កាត់។

លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុងតំបន់ក្រហមនេះ មានប្រជាពលរដ្ឋ និងកម្មករ និយោជិក ដែលត្រូវទទួលវ៉ាក់សាំង សរុបប្រមាណ ៨០៥,០៣៣ នាក់ តែមានប្រជាពលរដ្ឋប្រមាណ ២៩ ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងរួច ស្មើនឹង ២៣៣,៤៦០នាក់ និងកម្មករ និយោជិតប្រហាក់ប្រហែល ១០០,០០០នាក់បានចាក់វ៉ាក់សាំងដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។ ដូច្នេះប្រជាពលរដ្ឋ និងកម្មករ និយោជិត អាយុចាប់ពី១៨ឆ្នាំឡើងក្នុងតំបន់ក្រហម ដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានចំនួន ប្រមាណ ៤៧១,៥៧៣នាក់៕

Loading...