លោក ឃួង ស្រេង និង ភរិយា បន្តនាំយក អំណោយសម្ដេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅសង្កាត់រលួស

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា អញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមកចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ តាមសណ្ដស្ទឹងព្រែកត្នោត ប្រមាណ៨៦៣គ្រួសារស្ថិតនៅសង្កាត់រលួសខណ្ឌដង្កោ កាលពីព្រឹក ថ្ងៃទី១៧ តុលា ឆ្នាំ២០២០ នៅសាលាសង្កាត់រលួស ។

អំណោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលនាំមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ តាមសណ្ដស្ទឹងព្រែកត្នោតនៅសង្កាត់រលួសនាពេលនេះ ចំនួន៨៦៣គ្រួសារ គឺក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១កេស, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ, ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល។

លោកឃួង ស្រេង បានបញ្ជាក់ថា រឿងទឹកលិចនេះ អាជ្ញាធររាជធានីគិតពីសុវត្ថិភាពបងប្អូនជាចម្បង គឺរឿងអាយុជីវិតជារឿងសំខាន់ ទ្រព្យសម្បត្ដិចាំជួយសង្គ្រោះជាក្រោយ ដូច្នេះសូមបងប្អូនយោគយល់ផង។ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋមកនៅលើទីទួលសុវត្ថិភាពទេ អាជ្ញាធរថែមទាំងបានរៀបចំផ្តល់អាហារជូនពួកគាត់ផងដែរ ប្រកបដោយការទទួលសុខត្រូវ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការផ្គត់ផ្គង់ម្ហូបអាហារដល់កងកម្លាំងគ្រប់ប្រភេទថែមទៀត។

សូមបញ្ជាក់ថា៖ នៅតាមដងស្ទឹងព្រែកត្នោត នាម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញឲ្យបិទផ្លូវជាតិលេខ៣ជាបណ្តោះអាសន្ន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារ ទឹកជំនន់នេះ។ ទណ្ទឹមនិងនោះ រដ្ឋបាលខណ្ឌដង្កោ ក៏បានចេញសេចក្តីជូនដំណឹង នាយប់ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០ផងដែរ។ ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើឲ្យជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ, សង្កាត់ទៀន, សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ក្នុងខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បាននិងកំពុងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួសតាមផ្លូវជាតិលេខ២១ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេកហ្វេសប៊ុករដ្ឋបាលខណ្ឌ ៕

 

Loading...