លោក ឃួង ស្រេង បញ្ជាឲ្យចាក់ដីទប់តាមសណ្ដរស្ទឹងព្រែកត្នោតជាបណ្ដោះអាសន្នសិន នៅភូមិថ្ម សង្កាត់ទៀន

(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យចាក់ដីទប់តាមសណ្ដរស្ទឹងព្រែកត្នោតជាបណ្ដោះអាសន្នសិន ពិសេសចំណុចភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ។ តាមការពិនិត្យឃាក់ស្តែង ស្ថានភាពទឹកស្ទឹងព្រែកត្នោត បានជន់លិចភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅតាមសណ្ដរស្ទឹងមួយនេះ ប្រមាណ ៧៧១គ្រួសារ នៅខណ្ឌដង្កោ ត្រូវបានទឹកជំនន់វាយប្រហារ ។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅរសៀលនេះ លោក ឃួង ស្រេង បាននិងដឹកនាំមន្ដ្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពតាមភូមិឋានរបស់ប្រជាពលរដ្ឋដែលត្រូវជំនន់ស្ទឹងព្រែកត្នោតវាយប្រហារខណៈដែល សង្កាត់ទៀន ល្នុងខណ្ឌដង្កោ ដែលទឹកទើបហូរចូលផ្ទះចំនួន៦០គ្រួសារ ស្មើមនុស្ស២១០នាក់។

បើតាមអាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា គិតត្រឹមម៉ោងនេះ សង្កាត់ចំនួន៧ហើយ ក្នុងចំណោមសង្កាត់ទាំង ១២របស់ខណ្ឌដង្កោ បានរងការលិចលង់ដោយទឹកជំនន់ ក្នុងនោះមានប្រជាពលរដ្ឋ៧៧១គ្រួសារ បានរងផលប៉ះពាល់។

នាឱកាសនោះដែរ លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដរស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈទឹកស្ទឹងកាន់តែហក់ឡើងខ្ពស់ពីមួយនាទីទៅមួយនាទី មិនទាន់ថយចុះនូវឡើយ។ ប៉ុន្ដែកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រៀមលក្ខណៈ និងចេញជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់វិនាទីទាំងអស់។

អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យ អភិបាលខណ្ឌដង្កោ ចុះចលនាប្រជាជនតាមភូមិ ចូលរួមលើកដី ធ្វើជាទំនប់ទប់ទឹក នៅតាមសណ្ដរស្ទឹងព្រែកត្នោត ពិសេសអ្នកមានដីតាមដងស្ទឹង ចូលរួមចែករំលែកជួយជាគ្រឿងចក្រ កាយដី ដើម្បីលើកជាទំនប់ ការពារទឹកហូរចូលភូមិឋានផ្សេងទៀត។

សូមជម្រាបថា ស្ថានភាពទឹកនៅទ្វារ ទំនប់អាងទឹក៧មករាថ្ងៃទឹកមានកម្ពស់៨,៨០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញមានការកើនឡើង ០,៤៥ម៉ែត្របន្ថែម លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៧ម៉ែត្រ ធ្វើឲ្យកម្ពស់ទឹកក្នុងស្ទឹងឡើងជិតស្មើនឹងខ្នងទំនប់នៅតាមទីទំនាបមួយចំនួន។ ចាប់តាំងពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន ២៧គ្រឿង និងកម្លាំងពលកម្មប្រចាំការ២៤ម៉ោងនិង ជាពិសេសតាំងពីយប់ម្សិលមិញ រហូតដល់វេលាថ្ងៃត្រង់នេះ ក្រុមការងាររបស់ក្រសួងបានខិតខំអន្តរាគមន៍ រហូតគ្រប់គ្រងសភាពការណ៍ស្ថានភាពទឹកជំនន់ ដែលកំពុងយាយីបានទាំងស្រុងមកវិញ៕

Loading...