លោក ឃួង ស្រេង ព្រមានអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះត្រួតពិនិត្យ ក្លឹបកំសាន្តនិងខារ៉ាអូខេ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានថ្លែងព្រមានដល់បណ្តាអភិបាលខណ្ឌទាំង១៤ក្រោមឱវាទរបស់ខ្លួនថា បើសិនជានៅក្នុងខណ្ឌណាមួយ មានលួចបើក ក្លឹបកម្សាន្តនិងខារ៉ាអូខេ ពពាក់ពពូន ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ច របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្ដែងនោះ ។ អភិបាលខណ្ឌនោះត្រូវមានបញ្ហាប្រឈមមុខនឹងក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលហើយ ។ការថ្លែងដោយម៉ឺងមាត់ របស់អភិបាលរាជធានីខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ_១៩ តាមក្លឹបកម្សាន្តនិងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

លោក អភិបាលមានប្រសាសន៍ថា អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះពិនិត្យក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្តនិងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋានជាប់ជាប្រចាំ ថាតើទីតាំងទាំងនោះបានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ ។ បើអនុវត្តផ្ទុយហើយនូវបន្ត បើក្លឹបនិងខារ៉ាអូខេ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេតែបែរជា លួចបើកជាក្លឹប ខារ៉ាអូខេ ត្រូវបានកម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការបង្ក្រាបបានជាក់ស្តែងក្នុងមូលដ្ឋានខណ្ឌ សង្កាត់ណាមួយនោះ ។ អាជ្ញាធរខណ្ឌនោះ នឹងមានបញ្ហាប្រឈមមុខជាមួយនិងក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាល។

លោកបន្តថា ក្លឹបកម្សាន្តនិងខារ៉ាអូខេ ដែលប្តូរទៅជាភោជនីយដ្ឋាន អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើល តើពួកគាត់បានគោរពតាមវិធានរបស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាតនិងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម ។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីត–១៩នេះ យើងកុំហ៊ានពេក ហើយក៏កុំខ្លាចពេកដែរ ធ្វើឲ្យបាត់បង់ម្ចាស់ការ ។

លោកឃួង ស្រេង បានគូសបញ្ជាក់ថា បញ្ហាជម្ងឺកូវីដ-១៩ មិនមែនជារឿងរបស់ក្រសួងសុខាពិបាលតែមួយនោះទេ ប៉ុន្តែវាជារឿងរបស់យើងទាំងអស់គ្នា។ ត្រូវរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ អាជ្ញាធរខណ្ឌត្រូវចុះតាមដានដល់ទីតាំងធ្វើចក្រតាឡីស័ក្កិនិងដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលធ្វើចក្រតាឡីស័ក្តិ ហើយធ្វើរបាយការណ៍មករដ្ឋាបាលរាជធានីភ្នំពេញជាប្រចាំ ៕

Loading...