លោក ឃួង ស្រេង សម្តែងការព្រួយបារម្ភ ចំពោះសុវត្ថិភាព ប្រជាពលរដ្ឋ រស់នៅអគារអង្គរជ័យ ទាំង៦៥គ្រួសារ ព្រោះសភាពីអគារនៅចាស់ទ្រុឌទ្រោម មិនអាចឲ្យពលរដ្ឋបន្តរស់នៅបានទៀតទេ

(ភ្នំពេញ)៖ ដោយមានការព្រួយបារម្ភ ចំពោះសុវត្ថិភាពប្រជាពលរដ្ឋ ជាង៦០គ្រួសារ បាននិងកំពុងរស់នៅលើអគារអង្គរជ័យ ដែលមានសភាពចាស់ទ្រុឌទ្រោម ស្ថិតនៅចំណុចកែងមហាវិថីព្រះមុនីវង្សនិង កែងមហាវិថីកម្ពុជាក្រោម ក្នុងខណ្ឌ៧មករា ។ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជួបសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ១០០នាក់ក្នុងគោលបំណងផ្សព្វផ្សាយអំពីស្ថានភាពអាគារ ដើម្បីរិះរកដំណោះស្រាយ ចៀសផុតពីហានិភ័យផ្សេងៗ ដែលកើតមានឡើងដោយយថាហេតុណាមួយដែលយើងមិនអាចស្មានបាន ចំពោះពីអគារចាស់នេះ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា អគារអង្គរមានជ័យ ជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល ៧០ឆ្នាំមកហើយ មិនអាចបន្តរស់នៅបានទៀតទេ គឺមានហានិភ័យខ្ពស់ ។ ហេតុដូច្នេះហើយ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម អំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅលើនេះ គូរគប្បី ប្រញាប់ រកកន្លែងរស់នៅដែលមានសុវត្ថិភាពបណ្តោះអាសន្នសិន ។

លោកបន្តថា ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់ដែលអាចកើតចេញពីអគារនេះ ទើបអាជ្ញាធររាជធានី អញ្ជើញ បងប្អូនប្រជាពលរដ្ឋពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណា ដើម្បីចៀសបាននូវហានិភ័យផ្សេងៗ ។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសន្យាជាមួយប្រជាពលរដ្ឋថា លោក រក្សាកម្មសិទ្ធិគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋសូមកុំភ័យ និងភ័ណ្ឌច្រលំជាមួយអាជ្ញាធរឲ្យសោះ។ លោកបញ្ជាក់ថា បើបងប្អូនរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងអស់ ពីព្រោះនៅជាទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលអាជ្ញាធរធ្វើគឺគិតគូរ និងការពារអាយុជីវិត ប្រជាពលរដ្ឋខណៈដែលអគារនេះមិនអាចរស់បានតទៅទៀតឡើយ ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ” អ្វីដែលលោកបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះ ជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់ បែបសព្វថ្ងៃនេះទេ អាយុជីវិត ច្រើនណាស់ដែលរស់នៅទីនោះ ” ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានផ្តល់អនុសាសន៍ខ្លះៗសម្រាប់ប្រជាពលរដ្ឋយកទៅពិភាក្សាគ្នាក្នុងសហគមន៍ គឺ ទី១. សូមបងប្អូនប្រជាពលរដ្ឋ រកកន្លែងស្នាក់នៅបណ្តោះអាសន្នសិន ព្រោះអគារនេះមិនអាចស្នាក់នៅបន្តទៀតបានទេ។
ទី២.រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ ។ ទី៣.បងប្អូនអាចរកម៉ូយមកទិញអគារនេះចោលតែម្តង និងទី៤.អាចឱ្យប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នា ដើម្បីជួសជុលអគារនេះឡើងវិញ ដោយរដ្ឋបាលរាជធានីភ្នំពេញ ធានាផ្នែកបច្ចេកទេសជូនបងប្អូន ។

ក្នុងឱកាសនោះដែរ លោក អភិបាលបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋលើកឡើង ជុំវិញកង្វល់ របស់ពួកគាត់ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាមានសភាពចាស់ទ្រុឌទ្រោមពិតបា្រកដមែន និងស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ ដូចជាជួសជុល ឬក៏ការដោះស្រាយតាមរបៀបអគារនៅប៊ូឌីងជាដើម ។

គួរបញ្ជាក់ថា អគារនៅទល់មុខអតីតអាពាណិជ្ជកម្មប៊ីអេសនេះ មានប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារស្មើនឹង១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើសេចក្តីជូនដំណឹងអំពីស្ថានភាព អគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្រប ដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយ និងជៀសវាងបាននូវហានិភ័យ ដែលកើតចេញពីអគារចាស់ទ្រុឌទ្រោមនេះ ។

គូររំលឹកថា កាលពីថ្ងៃទី៥ ខែកក្កដា មានករណីបំណែកដុំថ្មនៃវេរ៉ងដាអគារនេះធ្លាក់លើរថយន្ត ១គ្រឿង ដែលចតនៅខាងក្រោម តែសំណាង មិនមានគ្រោះថ្នាក់ដល់អាយុជីវិត ម្ចាស់រថយន្តឡើយ ៕

Loading...