លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភឧបករណ៍ត្រួតពិនិត្យជាតិអាកុល១៦គ្រឿងនិងឧបករណ៍សម្រាប់ផ្លុំ៥០០បំពង់ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់អនុវត្តវិធានការណ៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលការឧបត្ថម្ភនូវឧបករណ៍សម្រាប់ត្រួតពិនិត្យជាតិអាកុលចំនួន១៦គ្រឿងនិងឧបករណ៍បំពង់ផ្លុំចំនួន៥០០បំពង់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឱ្យកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ប្រើប្រាស់សម្រាប់យកអនុវត្តវិធានការក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអ្នកស្លាប់ អ្នករងរបួសនៅក្នុងរាជធានីភ្នំពេញឱ្យមានការថយចុះ។គ្រាដែលរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញឱ្យដឹងថា រយៈពេល០៩ ខែនៃឆ្នាំ២០២០ បទល្មើសគ្រោះថ្នាក់ចរាចរណ៍បានថយចុះ៧៦លើកនិងអត្រាគ្រោះថ្នាក់មនុស្សស្លាប់បានថយចុះ១៣នាក់ ចំណែកអ្នករងរបួសថយចុះ២៥២នាក់។បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង១,០៤៥លើក បណ្តាលឱ្យមនុស្សស្លាប់២៣៣នាក់ អ្នករងរបួស១,០២៥នាក់។បើប្រៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩ បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង១,១២១លើក អត្រាអ្នកស្លាប់២៥២នាក់ អ្នករងរបួស១,២៧៧នាក់។

នៅក្នុងពិធីប្រគល់និងទទួលឧបករណ៍សម្រាប់ត្រួតពិនិត្យ ជាតិអាកុលធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និងវត្តមានលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារចរាចរណ៍  និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនការងារសេនាធិការដែលជាតំណាឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍លើកឡើងវាយតម្លៃខ្ពស់អំពីការខិតខំបំពេញភារកិច្ចរបស់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងម៉ាត់និងមិនមានបាតុភាពអាក្រក់ណាមួយដែលធ្វើឱ្យជះឥទ្ធិពលរឺការរាំងស្ទះដល់ការងារនៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញនោះឡើយ។អ្វីជាលទ្ធផលគឺបានកាត់បន្ថអត្រាគ្រោះថ្នាក់ចរាចរណ៍និងបានកាត់បន្ថយអត្រាអ្នកស្លាប់ អ្នករងរបួស ឱ្យមានការថយចុះជាបន្តបន្ទាប់គួរឱ្យគត់សម្គាល់។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញកម្លាំងនគរបាលរាជធានីភ្នំពេញបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។អនុវត្តផ្អែកលើគោលការណ៍ច្បាប់ហើយកម្លាំងត្រូវអនុវត្តច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់។

លោកស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានតែងតែគិតគូរយកចិត្តទុកដាក់និងគាំទ្រគ្រប់សកម្មភាពរបស់កម្លាំងនគរបាលរាជធានីភ្នំពេញក្នុងកិច្ចការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនិងកិច្ចការងារផ្សេងទៀតនិងក៏បានរាយការណ៍ ទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានកើតឡើងភាគច្រើននៅពេលយប់អធ្រាត្របង្កដោយអ្នកបើកបរយានយន្តមួយចំនួនទទួលទានគ្រឿងស្រវឹង និងកត្តាផ្សេងទៀត។ប៉ុន្តែក្នុងរយៈពេលដែលការចាប់ផ្តើមនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងអំឡុងខែឧសភា រហូតដល់ពេលនេះ ពិនិត្យឃើញថាឥរិយាបថ អ្នកបើកបរយានយន្តគ្រប់ប្រភេទបានកែប្រែភាគច្រើនចូលរួមគោរពច្បាប់ចរាចរាចរណ៍ផ្លូវគោកដោយមានចំនួនតិចតួចប៉ុណ្ណោះមិនទាន់គោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ក្នុងឱកាសនោះក៏មានការអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិ៕

 

 

 

Loading...