លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តកំពុងបណ្តោយឲ្យម្ចាស់ការស៊ីណូភូមិយើង នៅក្នុងស្រុកពញាក្រែក ប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើន

ខេត្តត្បូងឃ្មុំ៖ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នម្ចាស់កាស៊ីណូភូមិយើង នៅតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី ហ្គេមបាញ់ត្រីនិងល្បែងភ្នាល់តាមប្រព័ន្ធអនឡាញយ៉ាងពពាក់ពពូន មិនខ្វល់ពីរឿងឆ្លងជំងឺកូវីដ-១៩ នោះទេ។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់ការស៊ីណូភូមិយើង នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើន។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេ ព្រោះអភិបាលខេត្តត្បូងឃ្មុំ និងស្នងការនគរបាលខេត្តត្បូងឃ្មុំ កំពុងបណ្តោយឲ្យម្ចាស់កាស៊ីណូភូមិយើង ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រជាពលរដ្ឋអំពាវនាវទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន ពិនិត្យឡើងវិញជាបន្ទាន់ទៅលើករណីម្ចាស់កាស៊ីណូភូមិយើង បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកញៀនល្បែងជិះរថយន្តទំនើបៗនិងម៉ូតូរាប់រយគ្រឿងចូលទៅលេងល្បែងក្នុងកាស៊ីណូភូមិយើង ដោយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរថ្នាក់ស្រុកថ្នាក់ខេត្ត ចាត់វិធានការទប់ស្កាត់ឡើយ។

ប្រភពបានឲ្យដឹងទៀតថា សម្រាប់ការបញ្ជល់មាន់មួយគូៗនៅថ្ងៃពិសេសមានដាក់ដើមថាន់ចាប់ពី១០០០ដុល្លារ ទៅ៥០០០ដុល្លារ រហូតដល់រាប់ម៉ឺនដុល្លារ ទៀតផង។ រីឯសម្រាប់ល្បែងបៀអាប៉ោងក៏ស៊ីសងទ្រង់ទ្រាយធំក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារក្នុងមួយគ្របៗផងដែរ ហើយមានអ្នកខ្លះចាញ់ល្បែងអស់ម៉ូតូរថយន្តនិងទ្រព្យសម្បត្តិផ្សេងៗជាបន្តបន្ទាប់។

ប្រភពខ្លះបង្ហើបឲ្យដឹងថា ទំនងជាម្ចាស់កាស៊ីណូភូមិយើង មានខ្នងបង្អែករឹងមាំ មានអំណាចខ្លាំងក្លាទើបលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ហើយលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។

ប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក បានកត់សម្គាល់ថា ដោយសារម្ចាស់ការស៊ីណូភូមិយើង បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញបន្ទុកនោះហើយទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲេ្យភ័យខ្លាចយ៉ាងខ្លាំង៕

Loading...