លោក ឈឹម ផល្លី មេយោធាស៊ើបការណ៍ខេត្តក្រចេះ សុំលិខិតបេសកកម្មពីថ្នាក់លើ ឲ្យកូនចៅចេញប្រមូលលុយ

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ នៅក្នុងខេត្តក្រចេះ បានលើកឡើងថា លោក ឈឹម ផល្លី មេយោធាស៊ើបការណ៍ ខេត្តក្រចេះ បានប្រើប្រាស់អំណាច បញ្ជាឲ្យកូនចៅបង្កើត កុងត្រូលជជុះ ប្រមូលលុយយកមកចែកគ្នា ធ្វើមានធ្វើបានតាមអំពើចិត្តធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ កងយោធពលខេមរភូមិន្ទ ដែលទាមទារឲ្យថ្នាក់លើពិនិត្យមើល បញ្ហានេះឡើងវិញផង។
ប្រជាពលរដ្ឋ រស់នៅស្រុកឆ្លូង ស្រុកស្នួល និងស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា ក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនឈើប្រណីត ខុសច្បាប់ និងក្រុមអ្នកដឹកជន្លង់ម្រេច ត្រូវតែបង់លុយឲ្យក្រុមយោធាស៊ើបការណ៍ ក្រោមបញ្ជារបស់លោក ឈឹម ផល្លី។ សូម្បីតែប្រជាពលរដ្ឋ ដឹកអុសដឹកធ្យូងលក់ឬដឹកឈើបន្តិចបន្តួច យកមកសាងសង់លំនៅដ្ឋាន ក៏ត្រូវបង់លុយឲ្យ ក្រុមយោធាស៊ើបការណ៍ របស់លោក ឈឹម ផល្លី ផងដែរ ធ្វើឲ្យប្រជាពលរដ្ឋរិះគន់ យ៉ាងពេញបន្ទុក និងអំពាវនាវឲ្យ ថ្នាក់ដឹកនាំក្រសួងការពារជាតិ ពិនិត្យមើលទង្វើ មិនប្រក្រតី របស់លោក ឈឹម ផល្លី ជាបន្ទាន់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមយោធាស៊ើបការណ៍ ខេត្តក្រចេះ ធ្លាប់ប្រើប្រាស់រថយន្ត ប្រដេញតាមរថយន្ត ដឹកឈើខុសច្បាប់ ជំរិតយកលុយ ហើយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ មជ្ឈដ្ឋាននានា បានលើកឡើងថា ការបង្ក្រាបបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់ និងបទល្មើសផ្សេងៗទៀត គឺជាតួនាទីរបស់មន្ត្រី រដ្ឋបាលព្រៃឈើ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តក្រចេះ និងនគរបាលប្រឆាំង បទល្មើលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ជាដើម។
ចំណែកក្រុមយោធាស៊ើបការណ៍ គ្មានតួនាទីអ្វីក្នុងការបង្ក្រាប បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗ ទាល់តែសោះ បែរជាលោក ឈឹម ផល្លី សុំលិខិតបេសកកម្ម ពីថ្នាក់លើ ដាក់ពង្រាយកម្លាំង ក្រោមឱវាទរបស់ខ្លួន ឲ្យធ្វើសកម្មភាព ប្រមូលលុយពីរថយន្តដឹកឈើ ដឹកជន្លង់ម្រេច យកទៅចែកគ្នា ធ្វើមានធ្វើបានយ៉ាងសុខស្រួល អស់រយៈពេលជាយូរមកហើយ មិនដែលឃើញថ្នាក់លើ ដាក់ពិន័យទាល់តែសោះ៕

W@t-26103

Loading...

Leave a Reply

Your email address will not be published. Required fields are marked *