លោក ឈូក បណ្ឌិត ត្រូវបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី

ខេត្តស្វាយរៀង ៖លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទណ្ឌិតក្នុងសំណុំរឿងបាញ់កម្មកររោងចក្រកៅវ៉េ ៣នាក់ឲ្យរបួស ត្រូវបានគេបញ្ជូនមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យ រុស្ស៊ី។ សង្គមស៊ីវិលបន្តឃ្លាំមើលករណីនេះ បានរិះគន់ថា ការអនុវត្តច្បាប់ដល់អ្នកទោសពុំមានភាពស្មើគ្នា។
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្ស និងពន្ធនាគារបានស្នើឲ្យមានការអនុវត្តសិទ្ធិដល់អ្នកទោសឲ្យមាន ភាពស្មើគ្នា ស្របពេលដែលក្រុមគ្រួសារ និងសាច់ញាតិរបស់អ្នកជាប់ឃុំត្អូញត្អែរចំពោះការរឹតបន្តឹងដល់ ពួកគេ។
មន្ត្រីជាន់ខ្ពស់ផ្នែកបច្ចេកទេសនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោក ឈូក បណ្ឌិត ត្រូវបានបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីប្ដូរមកឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស។ លោកថា លោកចង់ឲ្យមានការអនុវត្តឲ្យមានភាពស្នើគ្នារវាងអ្នកទោសដទៃ មិនថា តែអ្នកទោសធម្មតា អ្នកទោសដែលជាដែលធ្លាប់ជាអ្នកមានបុណ្យស័ក្ដិនោះទេ។
លោក អំ សំអាត៖ «បើយើងនិយាយពីសិទ្ធិស្មើគ្នាវាអត់ស្មើគ្នាទេ ពីព្រោះ ពន្ធនាគារខ្លះយើងឃើញហើយមានបញ្ជូនពីមក១ ត្រឡប់ទៅត្រពាំងថ្លុង ទៅស៊ីស៊ីហ្វ័រ ពោធិ៍សាត់អ៊ីចឹង។ ដោយឡែកអ្នកដែលមានលុយ ធ្លាប់មានអំណាច ឬក៏មានបុណ្យសក្ដិពីមុនមក គេផ្លាស់ប្ដូរបញ្ជូនពីស្វាយរៀង មកស៊ីស៊ី១ គាត់មានលទ្ធភាពជិតគ្រួសារក្នុងការចេញចូលសួរសុខទុក្ខ ទី២ ពេលមានបញ្ហា ស្រួលបញ្ជូនមកមន្ទីរពេទ្យ ហើយលទ្ធភាព អាទិភាពក្នុងពន្ធនាគារក៏មកបន្ទប់ស្នាក់នៅក្នុងពន្ធនាគារសមរម្យជាង អ្នកទោសដទៃ»។
ទាក់ទងនឹងស្ថានភាពជំងឺរបស់លោក ឈូក បណ្ឌិត នេះ មន្ត្រីពេទ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មួយរូប ឈ្មោះ បូរ៉ា ដែលប្រចាំការនៅអគារស៊ី (C) នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ មិនបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលសម្ភាស និងថតរូបនោះទេ ដោយលោកឲ្យស្នើសុំពីនាយកមន្ទីរពេទ្យ។ ប៉ុន្តែបានប្រាប់ថា លោក ឈូក បណ្ឌិត កំពុងសម្រាកព្យាបាលនៅអាគារ១ ក្នុងមន្ទីរពេទ្យនេះ ដោយសារលោកមានជំងឺលើសឈាម និងទឹកនោមផ្អែម។
កាលពីថ្ងៃទី៨ ខែសីហា លោក ឈូក បណ្ឌិត ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត ដោយអនុវត្តតាមសាលដីកាស្ថាពររបស់តុលាការកំពូល ដែលកាត់ទោសដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៣៨លានរៀលក្នុងបទបង្ករបួសស្នាមដោយអចេតនា។
ការចោទប្រកាន់នេះ បន្ទាប់ពីលោក ឈូក បណ្ឌិត បានបាញ់រះធ្វើឲ្យកម្មការិនីរោងចក្រស្បែកជើងកៅវ៉េ (Kaoway) ក្នុងក្រុងបាវិត ចំនួន ៣នាក់ រងរបួសក្នុងពេលពួកគេតវ៉ាទាមទារលក្ខខណ្ឌការងារល្អកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១២។
លោក ឈូក បណ្ឌិត ត្រូវបានចាប់បញ្ជូនចូលពន្ធនាគារខេត្តស្វាយរៀង ភ្លាមៗកាលពីថ្ងៃទី៨ ខែសីហា បន្ទាប់ពីលោកដើរចូលមកសារភាពដោយខ្លួនឯង ក្រោយគេចខ្លួនជាង ៣ឆ្នាំ។ ការចូលទទួលទោសទណ្ឌនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យសមត្ថកិច្ចស្វែងរកចាប់ខ្លួន។
ក្រៅពីផ្ដន្ទាទោសដាក់ពន្ធនាគារមួយឆ្នាំកន្លះនោះ គឺសាលក្រមតុលាការខេត្តស្វាយរៀង បានតម្រូវឲ្យលោក ឈូក បណ្ឌិត បង់ប្រាក់សំណងទៅឲ្យកម្មការិនី កែវ នា ដែលរងរបួសដៃ ចំនួន ៨លានរៀល ឬប្រហែល ២.០០០ដុល្លារ។ កម្មការិនី នុត សាខន របួសខ្នង ចំនួន ១០លានរៀល ឬប្រហែល ២.៥០០ដុល្លារ និង ប៊ុន ចិន្តា ដែលត្រូវគ្រាប់កាំភ្លើងចំទ្រូងធ្លាយទៅក្រោមក្លៀកខាងស្ដាំ ចំនួន ២០លានរៀល ឬប្រហែល ៥.០០០ដុល្លារ។ ក៏ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលសំណុំរឿងនេះ បានអះអាងថា រហូតមកដល់ពេលនេះ ជនរងគ្រោះទាំង ៣រូប នៅពុំទាន់ទទួលបានសំណងនេះនៅឡើយទេ៕

493a4a84-a90b-45d3-a513-a658bc2687c8

Loading...

Leave a Reply

Your email address will not be published. Required fields are marked *