លោក ថោង ខុន៖ ក្រុមការងារបក្ស ត្រូវត្រួតពិនិត្យឯកសារនានា សម្រាប់ការបោះឆ្នោតនាពេលខាងមុខ

ខេត្តកំពង់ធំ៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជន បន្តជំរុញដល់ក្រុមការងារបក្ស ត្រូវត្រួតពិនិត្យឯកសារនានា របស់សមាជិកបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ នាថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ ការក្រើនរំឮនេះធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយជាមួយប្រធានក្រុមបក្ស ក្នុងឃុំសូយោង ស្រុកបារាយណ៍កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ។

លោក រដ្ឋមន្ត្រី ថោង ខុន មានប្រសាសន៍ថា ប្រធានក្រុមបបក្សទាំងអស់ យកចិត្តទុកដាក់ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានសិទ្ធិទៅបោះឆ្នោត តែមិនទាន់ធ្វើ ឬមិនទាន់ទទួលបាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រោះអត្តសញ្ញាណបណ្ណជា វត្ថុដ៏សំខាន់បំផុត ដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលដ៏ខ្លីខាងមុខ ។

ក្នុងឱកាសនោះដែរ ប្រធានក្រុមការងារគណបក្សប្រជាជនរូបនេះ ក៏បានផ្ដល់អនុសាសន៍បន្ថែមមួយចំនួនដល់ប្រធានក្រុមបក្សទាំង១៨ឃុំ នៃស្រុកបារាយណ៍ រួមមាន ទី១៖ ត្រូវត្រៀមមធ្យោបាយ និងសម្ភារៈដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតដ៏ខ្លីខាងមុខ ដែលប្រព្រឹត្តទៅរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៧-២៧ ខែកក្កដា ឆ្នាំ២០១៨។ ទី២៖ ត្រូវបន្តរួមគ្នាពង្រីកសមាជិកបក្សថ្មីបន្ថែម សំដៅពង្រីកសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានច្រើន ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។ ម្យ៉ាងទៀត ត្រូវខិតខំបន្តពន្យល់ប្រជាពលរដ្ឋពីការខិតខំស្វែងរកសន្តិភាព រក្សាសន្តិភាព ស្ថិរភាពនយោបាយ ការខិតខំអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ទី៣៖ ប្រធានក្រុមការងារចុះជួយមូលដ្ឋានតាមឃុំ-ភូមិ ត្រូវរៀបចំកែលម្អ និងលើកបន្ថែមនូវស្លាកគណបក្សប្រជាជនកម្ពុជា បដាពាក្យស្លោក និងរូបភាពសមិទ្ធផលនានា នៅតាមទីស្នាក់ការគណបក្ស ក៏ដូចជាតាមទីសាធារណៈឱ្យបានត្រឹមត្រូវតាមការណែនាំ។ ទី៤៖ ត្រូវពន្លឿនការផ្ដល់បណ្ណសមាជិកគណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្សឱ្យបានគ្រប់គ្នា។ ត្រូវខិតខំផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព។ លោក បណ្ឌិតរដ្ឋមន្ត្រី ថោង ខុន ក៏បានកោតសរសើរ និងលើកទឹកចិត្តឱ្យប្រធានក្រុមបក្សទាំងអស់ត្រូវខិតខំធ្វើការងារទាំងឡាយ ដែលគណបក្សបានដាក់ជូនឱ្យទទួលបានលទ្ធផល និងមានប្រសិទ្ធភាពបន្តទៀត ៕

 

 

Loading...