លោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែល​​​បាន​​​បើក​​​រថយន្ត​​​បុក​​​ប្តីប្រពន្ធ​​​ស្លាប់​​ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​

ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបដែលជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដែលបានបុកប្ដីប្រពន្ធស្លាប់ពីរនាក់ស្លាប់នោះ នឹងមិនប្រឈមការចោទប្រកាន់ឡើយ បន្ទាប់ពីសាលាដំបូងខេត្តកណ្ដាលបានទម្លាក់ចោលរឿងក្ដីនេះ សូម្បីសាក្សីដ៏សំខាន់ម្នាក់អះអាងថាគាត់មិនទាំងបានឃើញហេតុការណ៍នេះកើតឡើងផង។

លោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ត្រូវបាននគរបាលខេត្តឃុំខ្លួនកាលពីថ្ងៃទី១២ ខែមេសា បន្ទាប់ពីរថយន្តតូយ៉ូតាឡង់គ្រីស័រដែលលោកកំពុងបើកបរមកកាន់រាជធានីភ្នំេពញនោះ បានបុកម៉ូតូមួយគ្រឿងនៅតាមផ្លូវជាតិលេខ១។ អ្នកបើកបរម៉ូតូឈ្មោះ មិត្ត សុធា អាយុ៣៨ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ ហើយប្រពន្ធរបស់គាត់ឈ្មោះ ឃន យ៉េត អាយុ៣២ឆ្នាំបានស្លាប់រយៈពេលពីរបីសប្ដាហ៍ក្រោយមក។

លោក នួន សុមេធ អះអាងថា រថយន្តរបស់លោកបានបុកម៉ូតូនេះដែលបើកក្នុងទិសដៅផ្ទុយគ្នា បន្ទាប់ពីម៉ូតូនេះត្រូវបានបុកចំចំហៀងខាងឆ្វេងផ្នែកខាងមុខដោយរថយន្តមួយគ្រឿងទៀតមកពីខាងមុខ ដែលបានបើកគេចពីកន្លែងកើតហេតុបាត់។

អនុរដ្ឋលេខាធិការរូបនេះត្រូវបានដោះលែងពីការឃុំខ្លួនរបស់នគរបាលរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីគ្រោះថ្នាក់កើតឡើងតាមសំណើរបស់លោក។ ក្រោយមក លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកបានបង្គាប់ឱ្យដោះលែងនេះផ្អែកលើរបាយការណ៍នគរបាលអំពីហេតុការណ៍គ្រោះថ្នាក់នេះ និងដោយសារលោក នួន សុមេធ បានយល់ព្រមបង់ប្រាក់សំណងចំនួន៥.៥០០ដុល្លារដល់ក្រុមគ្រួសារជនរងគ្រោះ។

លោក នួន សុមេធ មានវត្តមាននៅតុលាការសម្រាប់ការសាកសួរកាលពីខែមិថុនា ជាមួយសាក្សីម្នាក់ និងសាច់ញាតិរបស់លោក មិត្ត សុធា។ នគរបាលអះអាងថា សាក្សីបានប្រាប់ពួកគេថា ពួកគាត់បានឃើញរថយន្តធុនធំមួយគ្រឿងបុករថយន្តតូយ៉ូតារបស់លោក នួន សុមេធ មុនពេលរថយន្តរបស់គាត់បានជ្រុលទៅបុកម៉ូតូនោះ។

នគរបាលបានឲ្យដឹងថា កាលពីខែឧសភាថា ពួកគេបានកត់ឈ្មោះសាក្សីតែម្នាក់ប៉ុណ្ណោះ គឺលោក តាត សាំង ម្ចាស់កន្លែងជួសជុលម៉ូតូតូចមួយនៅតាមចិញ្ចើមផ្លូវ កន្លែងដែលគ្រោះថ្នាក់កើតឡើង។

ប៉ុន្តែលោក តាត សាំង បានប្រាប់អ្នកយកព័ត៌មានកាលពីខែឧសភាថា  គាត់មិនបានសម្លឹងមើលទៅផ្លូវទេនៅពេលគ្រោះថា្នក់បុកនោះកើតឡើង  ដូច្នេះគាត់មិនបានឃើញហេតុការណ៍បុកនោះឡើយ  ហើយក៏បាននិយាយប្រាប់នគរបាលអ៊ីចឹងដែរ។

គាត់និយាយនៅពេលនោះថា ”ខ្ញុំឮសំឡេងបុកគ្នាក្ទាំង ប៉ុន្តែខ្ញុំមិនបានឃើញរថយន្តបុកជាមួយម៉ូតូដោយផ្ទាល់ភ្នែកឡើយ”។

តាមច្បាប់កម្ពុជា ការបង្កគ្រោះថ្នាក់បណ្ដាលឱ្យមនុស្សស្លាប់ មានទោសជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពី២ឆ្នាំទៅ៥ឆ្នាំប្រសិនបើគ្រោះថ្នាក់នោះបណ្ដាលឱ្យមនុស្សស្លាប់ច្រើន ឬបើជនបង្កស្រវឹងទៀតនោះ។ ទោះជាយ៉ាងណា វាជាការអនុវត្តទូទៅក្នុងប្រទេសកម្ពុជាដែលនគរបាល និងតុលាការមិនបន្តការចោទប្រកាន់លើអ្នកដែលបង្កគ្រោះថ្នាក់ឱ្យមានមនុស្សស្លាប់នៅពេលពួកគេបង់សំណងដល់ជនរងគ្រោះ ឬក្រុមគ្រួសាររបស់ពួកគេហើយនោះ។

នៅពេលទាក់ទងកាលពីម្សិលមិញ លោកព្រះរាជអាជ្ញារង សំ រិទ្ធីវាសនា បានមានប្រសាសន៍ថា លោកបានសម្រេចទម្លាក់ចោលរឿងក្ដីនេះកាលពីខែមុន ពីព្រោះលោក នួន សុមេធ មិនមានកំហុសទេ។

លោកបានមានប្រសាសន៍ថា “ខ្ញុំបានទម្លាក់ចោលរឿងក្ដីនេះ ហើយនឹងមិនអនុវត្តទេ ពីព្រោះវាមិនមែនជាកំហុសរបស់គាត់។ គាត់គឺជាជនរងគ្រោះ ពីព្រោះរថយន្តរបស់គាត់មិនបានបុកម៉ូតូនោះដោយផ្ទាល់ឡើយ”។

លោក នួន សុមេធ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសេចក្ដីសម្រេចរបស់តុលាការឡើយ។ នៅតែមានចម្ងល់ជុំវិញរឿងក្តីនេះ និងការលើកឡើងខុសៗគ្នាពីសំណាក់សាក្សី។

មនុស្សបីនាក់ទៀតដែលអះអាងថា បានឃើញគ្រោះថ្នាក់នេះកើតឡើង ប៉ុន្តែបានបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួន ដោយខ្លាចការសងសឹកនោះ បានប្រាប់កាសែត ខេមបូឌា ដេលី កាលពីខែមេសាថា ពួកគាត់មិនបានឃើញរថយន្តធុនធំបុករថយន្តនេះមុនពេលវាជ្រុលទៅបុកម៉ូតូឡើយ។ ម្នាក់ក្នុងចំណោមអ្នកទាំងបីក៏បាននិយាយផងដែរថា  ភ្លាមៗបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់កើតឡើង អ្នករួមដំណើរម្នាក់ដែលបានចេញពីរថយន្តបានបន្ទោសអ្នកបើកបរចំពោះការមិនស្ដាប់ការណែនាំរបស់ខ្លួនថា កុំឱ្យបើកបរពេលស្រវឹង។

លោក ព្រំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយមានប្រសាសន៍នៅពេលនោះថា លោកមិនមានឧបករណ៍ជាប់មកជាមួយដើម្បីធ្វើតេស្តរកកម្រិតជាតិអាល់កុលក្នុងឈាមរបស់លោក នួន សាមេធ ឡើយ។ ប៉ុន្តែលោកបាននិយាយថា  លោកជឿថាអនុរដ្ឋលេខាធិការរូបនេះមិនមានជាតិស្រវឹងទេ បើវិនិច្ឆ័យតាមអាការៈខាងក្រៅ។

លោក តាត សាំង ដែលជាម្ចាស់តូបជួសជុលម៉ូតូបានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញអំពីសេចក្ដីសម្រេចរបស់តុលាការ ឬអំពីអង្គហេតុដែលនគរបាល និងមន្ត្រីតុលាការនិយាយថា គាត់បានឃើញហេតុការណ៍គ្រោះថ្នាក់នោះ ផ្ទុយទៅនឹងការរៀបរាប់ពីមុនរបស់គាត់។

គាត់បាននិយាយថា “ខ្ញុំបានផ្តល់ចម្លើយប្រាប់តុលាការរួចហើយ ដូច្នេះខ្ញុំមិនចង់និយាយទៀតទេ។ វាជាសេចក្ដីសម្រេចរបស់តុលាការ ដូច្នេះខ្ញុំមិនចង់ពាក់ព័ន្ធករណីនេះទៀតឡើយ”។

លោក សារុំ សុខា ក្មួយប្រុសរបស់លោក មិត្ត សុធា អ្នកបើកបរម៉ូតូដែលបានស្លាប់ក្នុងគ្រោះថ្នាក់នោះ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។ កាលពីឆ្នាំមុន គាត់បានសម្ដែងការសោកស្ដាយចំពោះការមិនធ្វើការចោទប្រកាន់ ប៉ុន្តែបាននិយាយថា គាត់បានទទួលយកសេចក្ដីសម្រេចរបស់តុលាការ ពីព្រោះក្រុមគ្រួសារបានទទួលយកប្រាក់របស់លោក នួន សុមេធ រួចហើយ។

នៅពេលសួរកាលពីម្សិលមិញអំពីភាពខុសគ្នារវាងរបាយការណ៍របស់នគរបាល និងការរៀបរាប់របស់សាក្សី លោក សំ រិទ្ធីវាសនា បានថ្លែងថា ការខូចខាតរថយន្ត មិនអាចបង្កឡើងដោយអ្វីដែលស្រាលដូចជាម៉ូតូឡើយ ដោយបញ្ជាក់ពីការអះអាងថា រថយន្តនេះត្រូវបានរថយន្តធុនធំបុក។លោកថ្លែងថា “មនុស្ស អាចកែប្រែចម្លើយរបស់ខ្លួនបាន ប៉ុន្តែភ័ស្តុតាងដូចជារថយន្តជាដើម មិនអាចកែប្រែបានទេ គឺវាច្បាស់ក្រឡែត”៕

Loading...