លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ រង​ការរិះគន់​រឿង​មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព​ញា​ក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដូចជា​ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង និង​យូគី ត្រូវគេ​បើក​លេង​យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។

ជាក់ស្ដែង​ក្នុង​កាស៊ីណូ​តាម​ព្រំដែន​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង ហើយ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ឡើងវិញ​ខ្លះ​ផង​ចំពោះ​ភាព​អសកម្ម​របស់លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ។

​ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមក​ដល់ពេលនេះ​ប៉ុស្ដិ៍​ជជុះ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក កំពុងដំណើរការ​យ៉ាង​រលូន​។ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ទាំងនោះ​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ កើតឡើង​យ៉ាង​រាលដាល​គឺជា​ការបំពាន​ទៅ​ល​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​កំរោល​បំផុត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ដែលជា​កូនចៅ​ជំនិត​របស់លោក បែន រ័ត្ន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ច្រើន​កន្លែង​ក្នុងស្រុក​មេមត់ យ៉ាង​រលូន​។

ប្រសិនបើ​គ្មាន​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទេនោះ គឺ​ឈ្មួញ​ឈើ​ជា​មន្ត្រីនគរបាល មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​ដូច​សព្វថ្ងៃ​នេះឡើយ​។ ជាក់ស្ដែង​លោក ធៀ​ម ដែន ហៅ​តក់ នាយប៉ុស្ដិ៍​នគរបាល​ច្រក​បឹង​ជ្រោង ស្រុក​មេមត់ និង​បក្ខពួក​នៅតែ​បន្ត​ឃុបឃិត​គ្នា​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ តទៅទៀត​ទេ​ព្រោះ​បច្ចុប្បន្ន​កុងត្រូលជជុះ​របស់​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ក៏​កំពុង​កើតឡើង​យ៉ាង​រាលដាល​ផងដែរ​៕

Loading...