លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​មាន​កុងត្រូលជជុះ​កើតឡើង​យ៉ាង​រាលដាល​

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រីនគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ដែលជា​ការបំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​។ ប្រការនេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេស​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន កំពុង​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ធ្វើការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ព្រោះ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​មន្ត្រីក្រោមឱវាទ​គឺជា​អ្នក​ឃុបឃិត​គ្នា​បង្កើត​កុងត្រូលជជុះ ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រីនគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ បាន​ពង្រាយ​កម្លាំង​តាម​កុងត្រូលជជុះ​លើ​ដងផ្លូវ​នៅ​ឃុំ​ដារ ស្រុក​មេមត់ យ៉ាង​គឃ្លើន​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។ ក្រៅពីនេះ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ បាន​បង្កើត​កុងត្រូលជជុះ​២​កន្លែង​ទៀត​នៅ​ចំណុច​គល់ស្ពាន​ជ្រាវ និង​ចំណុច​ច្រកចូល​ប៉ុស្ដិ៍​ចាន់​មូល ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ នគរបាល​សេដ្ឋកិច្ច​ប្រចាំ​កុងត្រូលជជុះ​ទាំងនោះ​មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​បើករថយន្ត​ប្រដេញ​តាម​រថយន្ត​ដឹកទំនិញ រថយន្ត​ដឹកឈើ និង​រថយន្ត​របស់​ប្រជាពលរដ្ឋ​ដឹក​កសិផល​ដើម្បី​គាប​យកលុយ​យ៉ាង​កំរោល​តែម្តង​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ អាចបង្កើត​កុងត្រូលជជុះ​ច្រើន​កន្លែង​និង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​លោក បែន រ័ត្ន ទេនោះ​គឺ​នាយការិយាល័យ​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មន្ត្រីក្រោមឱវាទ​មិន​ហ៊ាន​បង្កើត​កុងត្រូលជជុះ​ផ្គើន​នឹង​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​ទុក​ឲ្យ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​ត្បូងឃ្មុំ បង្កើត​កុងត្រូលជជុះ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទៀត​ទេ​៕

Loading...