លោក ប៉ុន ប៊ុនឈាន មានជំនាញជំរិតយកលុយពីឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ

ខេត្តតាកែវ៖ តាមការអះអាងរបស់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ បន្លែ ផ្លែឈើពីស្រុកយួនចូលតាមច្រកភ្នំដិន និងច្រកក្នុងស្រុកអង្គរបុរីខេត្តតាកែវ ហើយឆ្លងកាត់ក្រុងដូនកែវ បានឲ្យដឹងថាពួកគាត់ត្រូវបង់លុយឲ្យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃជាប្រចាំ ទៅតាមការកំណត់។ការដឹកជញ្ជូនទំនិញតាមរថយន្តតូចៗឆ្លងកាត់ផ្លូវជាតិ លេខ២ប្រសិនបើមិនចង់មានការរំខានពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃទេនោះ គឺក្នុងមួយខែត្រូវបង់ជិត១០០០ដុល្លារហើយថ្លៃក្បាលរថយន្ត១គ្រឿង ថែមទៀតដែលគេហៅថា ជាលុយថ្លៃបាយ។ប្រសិនបើឈ្មួញឬអាជីវករណាម្នាក់ហ៊ានតវ៉ាជាមួយ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រោមការគ្រប់គ្រងរបស់លោក ប៉ុន ប៊ុនឈានប្រាកដជាជួបឧបសគ្គចៀសមិនផុតឡើយ។
ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តតាកែវតាមផ្លូវជាតិ លេខ២ និងផ្លូវជាតិលេខ៣បានឲ្យដឹងថានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃក្រោមការគ្រប់គ្រងរបស់លោក ប៉ុន ប៊ុនឈាន ប្រចាំខេត្តតាកែវជំរិតយកលុយពីពួកគាត់តាមអំពើចិត្ត។ ប្រភពបានឲ្យដឹងទៀតថា លោក ប៉ុនប៊ុនឈាន ប្រើលិខិតបេសកកម្មដែលចេញដោយលោក នេត សាវឿនអគ្គស្នងការនគរបាលជាតិទៅប្រើប្រាស់ដើម្បីប្រមូលលុយដាក់ហោប៉ៅ ស្រេចតែអំពើចិត្តគ្មានញញើត។ លោក ជា សុមេធីប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃគួរពិនិត្យមើលកូនចៅក្រោមឱវាទខ្លះផង ដើម្បីកុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិត ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងទៀតថា លោក ប៉ុន ប៊ុនឈាន កំពុងប្រើប្រាស់លិខិតបេសកកម្មរបស់អគ្គស្នងការ នគរបាលជាតិដើម្បីប្រមូលលុយស្រង់ដើមនិងចែកគ្នាធ្វើមានធ្វើបាន យ៉ាង សុខស្រួលគ្មានញញើតចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ ឈ្មួញធំៗដែលដឹកជញ្ជូនទំនិញតាមរថយន្តយីឌុបទាំងខ្សែៗហើយភាគច្រើន ជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ប៉ុន ប៊ុនឈានបើមិនដូច្នេះទេត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ ជាងនេះទៅទៀតនៅលើផ្លូវជាតិលេខ២កូនចៅលោក ប៉ុន ប៊ុនឈានមានត្រៀមរថយន្តចាំប្រណេញតាមរថយន្តដឹកទំនិញទាំងឡាយណាដែល បើកហួសកុងត្រូលជជុះរបស់ពួកគេទៀតផង។ ករណីនេះជារឿងដែលលោក នេត សាវឿនអគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក ប៉ុនប៊ុនឈាននិងបក្ខពួកកំពុងប្រព្រឹត្តខុសពីតួនាទីនិងភារកិច្ច របស់ខ្លួន ៕

12141594_789551107823584_6608851343343249646_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *