លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​

ភ្នំពេញ៖ ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ និង​បក្ខពួក​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាមច្រើន​រូបភាព ហើយ​យក​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តាំងពី​ជំនាន់​លោក ប៉ា សុជាតិ​វង្ស នៅ​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ រហូតដល់​បច្ចុប្បន្ន​ដែល​លោក ឃួ​ង ស្រេង ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ គឺ​លោក ប៊ុត សារ៉េត និង​បក្ខពួក​នៅតែ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​តទៅទៀត​។
​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៊ុត សារ៉េត បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​ចូលរួម​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ដែលជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ភាគច្រើន​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ​ត្រូវមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ប៊ុត សារ៉េត តាមរយៈ​ការបែងចែក​ផលប្រយោជន៍​ក្រោម​តុ​យ៉ាង​សុខ​ស្រួល​។ សម្រាប់​ក្រុមហ៊ុន​ផ្សេង​ដែល​ចង់​ចូលរួម​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ដែលជា​គម្រោង​របស់​សាលា​រាជា​ធានី​ភ្នំពេញ គឺ​មិនអាច​ទៅរួច​ឡើយ​ព្រោះ​អី​លោក ប៊ុត សារ៉េត មាន​សិទ្ធិអំណាច​រាំងខ្ទប់​មិន​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ចូលរួម​ដេញថ្លៃ​បានទេ​។ លើស​នេះ​ទៅទៀត​លោក ប៊ុត សារ៉េត មាន​សិទ្ធិ​សម្រេច​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ទទួលបាន​សិទ្ធិ​សាងសង់​សំណង់​ផ្សេងៗ​ដែលជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ដូច្នេះហើយ​ទើប​លោក ប៊ុត សារ៉េត និង​បក្ខពួក​អាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រលូន​តែម្តង​។

​ប្រភពពី​មន្ត្រីរាជការ​ក្នុង​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​សាងសង់​សំណង់​ផ្សេងៗ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សាលា​រាជធានី​ភ្នំពេញ សុទ្ធ​តែមាន​ភាពមិនប្រក្រតី​ព្រោះ​លោក ប៊ុត សារ៉េត និង​បក្ខពួក​បំប៉ោង​ថវិកា​ចំណាយ​យ៉ាងច្រើន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ សូម្បីតែ​ការស្ថាបនា​សួនច្បារ ការ​ដាក់លូ​តូចធំ ការស្ថាបនា​ផ្លូវថ្នល់ ការធ្វើ​ស្ពាន ធ្វើ​ផ្លូវ​ក្រវាត់ក្រុង​នៅក្នុង​រាជធានី​ភ្នំពេញ គឺ​ពោរពេញ​ទៅដោយ​អំពើពុករលួយ​បំប៉ោង​ការចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្រុមហ៊ុន​ទាំងឡាយ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​រាជធានី​ភ្នំពេញ សុទ្ធតែជា​ដៃគូ​ផ្ដល់​ប្រភព​ចំណូល​យ៉ាងច្រើន​សម្រាប់​លោក ប៊ុត សារ៉េត និង​បក្ខពួក​ហើយក៏​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ផងដែរ​។

តំណាង​ក្រុមហ៊ុន​មួយចំនួន​បានលើកឡើង​ថា បើទោះបី​ពួកគេ​ចង់​ចូលរួម​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ដែលជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ក៏​ទៅ​មិន​រួច​ដែរ​ព្រោះ​លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម​ទុក​គម្រោង​សាងសង់​ទាំងនោះ​ឲ្យ​ក្រុមហ៊ុន​ដែល​ដៃគូ​របស់ខ្លួន​ដើម្បី​កុំ​ឲ្យ​ខាតបង់​ផលប្រយោជន៍​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ប៊ុត សារ៉េត នាយក​ទីចាត់ការ​លទ្ធកម្ម​សាលា​រាជធានី​ភ្នំពេញ គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ​។ ដោយហេតុថា​បច្ចុប្បន្ន​លោក ប៊ុត សារ៉េត និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ការដកហូត​លោក ប៊ុត សារ៉េត ចេញពី​តំណែង​នាយក​ទីចាត់ការ​លទ្ធកម្ម​នៃ​សាលា​រាជធានី​ភ្នំពេញ គឺជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អំពើពុករលួយ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕

Loading...