លោក ផែង វណ្ណៈ ត្រូវគេប្តឹងទាមទារសំណងជំងឺចិត្ត ១០០ ០០០ ០០០ រៀល

ភ្នំពេញ៖ មេធាវីការពារសិទ្ធិ និងតំណាងដោយអាណត្តិឲ្យសាលាខេត្តសៀមរាបបានប្តឹងទាមទារសំណងជំងឺចិត្តពីឈ្មោះ ផែង វណ្ណៈ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកិត្តិយសរបស់អ្នករាជការសាធារណៈ នៃសាលាខេត្តសៀមរាបចំនួន១០០ ០០០ ០០០(មួយរយលាន)រៀល ។

ពាក្យបណ្តឹងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ខ្ញុំមេធាវី អ៊ុន ច័ន្ទថុល អត្តលេខ១០៦៦ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីនៅក្រុមមេធាវី ធី.អេជ.អិល អគារសកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) អគារលេខ៣៦ ជាន់ទី៩ ផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងជាមេធាវីការពារសិទ្ធិ និងតំណាងដោយអាណត្តិឲ្យសាលាខេត្តសៀមរាប ។

សូមគោរពជូនឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្មវត្ថុ ប្តឹងឈ្មោះ ផែង វណ្ណៈ ភេទប្រុស អាយុ៥២ ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះលេខ៥៥៨ ផ្លូវលំភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទញុះញង់ឲ្យមានការរើសអើង តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា៤៩៦, បទអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មាន បញ្ញត្តិមាត្រា៤៩៧, និងបទប្រមាថចំពោះអ្នករាជការសាធារណៈ បញ្ញត្តិមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតឡើងកាលពីអំឡុងថ្ងៃទី១៤, ១៥ និង១៦ ខែមីនា ឆ្នាំ២០២១ ។

យោងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

-ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។

-ច្បាប់ស្តីពីរបបសារព័ត៌មាន ។

-ភស្តុតាងវីដេអូឡាយផ្ទាល់របស់ម្ចាស់AccountFacebookPhengVannakNewsព័ត៌មានយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ។

-ភស្តុតាងស្រង់សំដីរបស់ឈ្មោះ ផែង វណ្ណៈ មកសរសេរឡើងវិញតាមការនិយាយក្នុងវីដេអូឡាយផ្ទាល់របស់ម្ចាស់AccountFacebookPhengVannakNewsព័ត៌មានយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។

-ភស្តុតាងកិច្ចសន្យារបស់ព្រះចៅអធិការវត្តរាជបូណ៍ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។

-ភស្តុតាងកំណត់ហេតុសម្របសម្រួលចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។

-ភស្តុតាងកំណត់ហេតុស្តីពីការប្រជុំថេរសភាសង្ឃដោះស្រាយករណីអប់រំទូន្មានប្រៀនប្រដៅសិស្សគណក្នុងវត្តរាជបូណ៍ដោយប្រើរំពាត់វាយលើខ្លួនចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។ -លិខិតប្រគល់សិទ្ធិដល់មេធាវីតំណាងដោយអាណត្តិចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាមេត្តាជ្រាបថា៖ ក្រោយពីការបែកធ្លាយនូវវីដេអូតាមបណ្តាញសង្គមFacebook អំពីអង្គហេតុកាលពីថ្ងៃសៅរ៍ ១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ គឺព្រះមហាវិមលធម្ម ពិន សែម បានអនុវត្តករណីដាក់ទណ្ឌកម្មចំពោះភិក្ខុសាមណេរក្រោមឱវាទ ដោយអនុវត្តនូវវិន័យវាយប្រដៅដោយរំពាត់ផ្តៅ ដែលមានការបែកធ្លាយតាមបណ្តាញសង្គម Facebook ធ្វើឲ្យមានការរិះគន់ពីពុទ្ធបរិស័ទ និងមហាជនទូទៅ អំពីករណីការអប់រំទូន្មានប្រៀនប្រដៅក្នុងគោលបំណងអប់រំកែប្រែអត្តចរិតចចេសរឹងរូសមានៈរបស់ភិក្ខុ សាមណេរ ដែលបានប្រព្រឹត្តខុស ហើយមិនព្រមអនុវត្តតាម ហើយនៅតែបន្តធ្វើទង្វើខុសឆ្គងជាដដែលៗ ។ ដោយសង្ឃមួយចំនួនខ្ជិលអត់ចូលសាលា គ្មានអនាម័យ មិនគោរពវិន័យបទបញ្ជាផ្ទៃក្នុងជាដំបូងត្រូវស្តីបន្ទោសរហូតខុសឆ្គង ក្រោយៗទៀត គឺត្រូវវាយប្រដៅ ។

ដូចនេះការវាយប្រដៅរំពាត់ផ្តៅទៅលើសាមណេរ៣អង្គកាលពីថ្ងៃសៅរ៍១៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នោះ គឺជាការវាយប្រដៅក្នុងគោលបំណងអប់រំទូន្មានប្រៀនប្រដៅឲ្យបុគ្គលនោះក្លាយជាមនុស្សល្អដោយក្តីស្រលាញ់ និងក្តីអាណិតអាសូរតែប៉ុណ្ណោះ ពុំមានបំណងស្អប់ខ្ពើម ឬគុំគួន ឬធ្វើទារុណកម្មនោះឡើយ ។

ឈ្មោះ ផែង វណ្ណៈ បាននិយាយរិះគន់ផងដែរ ដល់សមាសភាពអ្នកចូលរួមធ្វើកំណត់ហេតុសម្របសម្រួលករណីហិង្សាបានកើតឡើងរវាងព្រះសង្ឃ និងព្រះសង្ឃក្នុងវត្តរាជបូណ៍ដោយប្រើពាក្យអសុរោះមិនគួរគប្បី និងពាក្យប្រមាថចំពោះអ្នករាជការសាធារណៈដោយនិយាយថា “ដល់ថ្នាក់ចៅហ្វាយខេត្តរងដល់ថ្នាក់ស្តែងការរងទៅសន្និដ្ឋានរឿងក្រឡិបិអញ្ចឹង ។ …ប៉ុន្តែបែរជានាំគ្នាទៅសន្និដ្ឋានទាំងល្ងីល្ងើពកថ្ងាសច្រាសបាយរាជការ ប៉ុន្តែទៅសន្និដ្ឋានទាំងល្ងីល្ងើពកថ្ងាស សុទ្ធតែមិនមែនករណីហិង្សា មិនមែនធ្វើទារុណកម្ម តើជាករណីស្អី បើសិនជាអញ្ចឹងមែន ច្បាប់នៅសៀមរាប គេមានធ្វើអញ្ចឹងមែន ស្អែកខានស្អែក ខ្ញុំឡើងទៅសុំវាយក្បាលមនុស្សបួនដប់នាក់នៅនោះថាខ្ញុំអប់រំកុំចាប់ខ្ញុំទៅវាយក្បាលពួកអ្នកគណៈកម្មការនោះ មានទាំងមន្ត្រីប៉ុន្មានហ្នឹងទៅដាក់ក្បាលម្នាក់មួយរំពាត់ៗ កុំចាប់ខ្ញុំ ព្រោះខ្ញុំគ្រាន់តែអប់រំថា កុំឲ្យធ្វើអញ្ចឹង ថ្ងៃក្រោយកុំចាប់ខ្ញុំ ខ្ញុំសុំព្រះរាជអាជ្ញាទៅខ្ញុំវាយផ្តៅដូចគ្នា ខ្ញុំទៅវាយមន្ត្រីទាំងអស់ហ្នឹង ថាខ្ញុំជារាស្ត្រម្ចាស់ឆ្នោត ខ្ញុំអត់ពេញចិត្តនឹងទង្វើរបស់អ្នកឯង អញ្ចឹងខ្ញុំសុំយកផ្តៅហ្នឹងទៅដាក់អ្នកឯងបួនដប់ផ្តៅ អាហ្នឹងវាជាវិន័យរបស់រាស្ត្រ មកសន្និដ្ឋានបង្គ្រប់កិច្ច ចេះតែមានម៉ង វាហួសហេតុ…“ ។ ឈ្មោះ ផែង វណ្ណៈ និយាយខាងលើនេះ ជាការប្រមាថ គឺជាវាចាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ នៃបុគ្គល ។ ជាការប្រមាថចំពោះអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌ នៃមុខងារ ឬនៅក្នុងឱកាស នៃការបំពេញមុខងាររបស់ខ្លួន ដែលអំពើនេះជាអំពើបំពានច្បាប់ ដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌតាមមាត្រា៥០២ក្នុងកថាខណ្ឌទី១ និងទី២ ដែលត្រូវទទួលរងនូវការផ្តន្ទាទោសតាមច្បាប់ ។

សកម្មភាពរបស់ឈ្មោះ ផែង វណ្ណៈ គឺធ្វើសកម្មភាពញុះញង់ឲ្យមានការរើសអើងចំពោះអ្នករាជការសាធារណៈរបស់សាលាខេត្តសៀមរាប ដែលជាអ្នកទទួលបន្ទុកការងារដោះស្រាយសម្របសម្រួលលើការងារទប់ស្កាត់កុំឲ្យកើតមានអំពើហិង្សាទៅថ្ងៃក្រោយទៀត ការញុះញង់នេះឈ្មោះ ផែង វណ្ណៈ បានធ្វើឡើងដោយគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណជនតាមបណ្តាញសង្គម Facebook និងជាអំពើញុះញង់ប្រព្រឹត្តតាមផ្លូវសារព័ត៌មានស្របតាមបញ្ញត្តិមាត្រា៤៩៤,មាត្រា៤៩៦ និងបញ្ញត្តិមាត្រា៤៩៧ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ ។

ការវាយប្រហារតាមពាក្យសំដីរបស់ឈ្មោះ ផែង វណ្ណៈ ប្រើពាក្យអសុរោះ អសីលធម៌ បំពុលសង្គមជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអ្នករាជការសាធារណៈ ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោតនៅក្នុងក្របខ័ណ្ឌ នៃមុខងារឬនៅក្នុងឱកាស នៃការបំពេញមុខងាររបស់ខ្លួន ។

អាស្រ័យហេតុនេះ សូមឯកឧត្តមព្រះរាជអាជ្ញាមេត្តាពិនិត្យនូវភស្តុតាង និងឯកសារភស្តុតាងវីដេអូខ្លីបក្នុងយោងខាងលើ ដែលបានដាក់ជូនភ្ជាប់មកជាមួយក្នុងពាក្យបណ្តឹងនេះសម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យ និងសម្រេច ។

សេចក្តីដូចបានបញ្ជាក់ជូនខាងលើខ្ញុំសុំប្តឹង និងធ្វើសំណូមពរចំពោះឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបដូចខាងក្រោមសុំឲ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុតលើឈ្មោះ ផែង វណ្ណៈ តាមបញ្ញត្តិមាត្រា នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

សុំទាមទារសំណងជំងឺចិត្តពីឈ្មោះ ផែង វណ្ណៈ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកិត្តិយសរបស់អ្នករាជការសាធារណៈ នៃសាលាខេត្តសៀមរាបចំនួន១០០ ០០០ ០០០(មួយរយលាន)រៀល៕

Loading...