លោក ផែង វណ្ណៈ ទៅសុំទោសដល់ព្រះមហាវិមលធម្ម ពិន សែម និងព្រះគណខេត្តសៀមរាបដល់វត្ត

ខេត្តសៀមរាប៖ លោកផែង វណ្ណៈ ព្រឹកនៅថ្ងៃទី២០ ខែមីនាបានសុំការអនុញ្ញាត្តមកក្រាបបង្គំ នៅចំពោះព្រះភ័ក្រ ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះចៅអធិការវត្តព្រះរាជបូរណ៍ និងព្រះមេគណ ខេត្តសៀមរាប ជុំ គឹមឡេង ដើម្បីសុំព្រះរាជទានទោស និងសុំអនុគ្រោះ ពីកំហុសឆ្គងរបស់ខ្លួន។

លោក ផែង វណ្ណៈ បានសុំព្រះរាជទានទោសដោយមានខ្លឹមសារថា សុំលោកឪព្រះមហា និងព្រះមេគណខេត្ត សូមព្រះរាជទានទោស និងសុំការយោគយល់ដល់ករុណាខ្ញុំផង ដែលបានប្រើពាក្យពេចន៍មិនសមរម្យមកលើលោកឪ។

លោក ផែង វណ្ណៈ បានចេញវាចាទៀតថា លោកឪពិតជានឹងលើកលែងទោសដល់ទូលបង្គំជាខ្ញុំ ។

ព្រះមហាវិមលធម្ម ពិន សែម បានមានសង្ឃដីកាទៅកាន់លោក ផែង វណ្ណៈ ថា មនុស្សដែលខុសហើយបានមកក្រាបបង្គំទទួលកំហុសគឺជារឿងល្អបំផុត។ ក្នុងនាមជាសង្ឃ បើគេដឹងកំហុសហើយ ហើយព្រះសង្ឃត្រូវតែទទួលយកនូវការអប់រំទៅវិញ ដែលនោះគឺជាមនុស្សដែលដឹងកំហុស។

ព្រះមហាវិមលធម្ម ពិន សែម បានបន្តសង្ឃដីកាទៀតថា ចាប់ពីពេលនេះទៅញោមស្គាល់អាត្មាហើយ អញ្ចឹងទេបើញោមមានចម្ងល់អ្វី អាចមកវត្តរាជបូរណ៌ក្រុងសៀមរាប បើមិនបានមកទេអាចខលតាមទូរស័ព្ទសួរអាត្មារឿងធម៌វិន័យ ឬផ្លូវលោក អាត្មានឹងឆ្លើយទៅញោមវិញ ដោយមិនប្រកាន់ឡើយ។

ព្រះអង្គមានសង្ឃដីកាទៀតថា ចាប់ពីពេលនេះតទៅយើងជាមនុស្សតែមួយ ហើយយើងស្គាល់គ្នាតទៅថ្ងៃមុខ ដោយព្រះអង្គពោលថា អាត្មានឹងបួសជាសង្ឃរហូតដល់សង្ខាចុងក្រោយ។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃនោះនៅវត្តរាជបូរណ៌ក្រុងសៀមរាប មានករណីអប់រំវិន័យធម៌លើនេនមួយអង្គដែលគេដឹងថាអង្គនោះមិនគោរពវិន័យច្រើនលើកច្រើនសារ ដោយវិន័យក្នុងវត្តគឺត្រូវវាយនឹងរំពាត់។

ក្នុងន័យនេះមានវីដេអូឃ្លីបមួយបានធ្លាយមកក្រៅ ហើយត្រូវបានលោកផែង វណ្ណៈ ឡាយក្នុងផេករបស់គាត់ និងប្រមាថកាតទានដល់ព្រះមហា វិមលធម្ម ពិន សែម និងព្រះមេគណខេត្ត ព្រមទាំងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្ឃទូទាំងប្រទេស ជាពិសេសគាត់បានដៀលដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានការគោរពស្រលាញ់ចំពោះព្រះមហាវិមលធម្ម ពិន សែម។

ដោយសារការនិយាយក្នុងផេកមានការប៉ះពាល់ធ្ងន់ធ្ងរ ក្រសួងពត៌មានបានលុបអាជ្ញាប័ណ្ណវេបសាយរបស់លោក ផែង វណ្ណៈ និងនៅថ្ងៃទី២០ ខែមីនានេះ លោក ផែង វណ្ណៈ បានធ្វើដំណើរមកកាន់វត្តរាជបូរណ៌ ដើម្បីសុំរាជទានទោសចំពោះកំហុសដែលបានធ្វើខុស៕

Loading...