លោក ផែង វណ្ណៈ នៅប្រឈមផ្លូវច្បាប់នៅឡើយទេ ទោះបីមាន ការសុំទោសជាសាធារណៈ

រាជធានីភ្នំពេញ ៖ ក្រសួងធម្មការ និងកិច្ចការសាសនា តាមរយៈលិខិតលេខ ១២៣/២១ ក.ធ.ស ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ បានស្នើទៅព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថ ចំពោះព្រះសង្ឃ តាមមាត្រា ៥១៦ បទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៦ ពីបទគំរាមកំហែង ថា នឹងសម្លាប់តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌ ។

ក្រសួងធម្មការបានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះវីដេអូរផ្សាយផ្ទាល់ ( Live ) លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannnak News ដោយបានជេរប្រមាថមកលើព្រះសង្ឃ និងពោលពាក្យគំរាមកំហែងញុះញង់ឲ្យមានការរើសអើងចំពោះព្រះសង្ឃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ មិនតែប៉ុណ្ណោះបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួសដោយបាននិយាយថា « ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្តិ » ដែលជាចេតនាគំរាមកំហែងថា នឹងសម្លាប់ដែលមានបញ្ញាត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូចៅអធិការវត្តបូណ៌ នូវពាក្យមិនពិតដោយពោលថា លោកជាជនរងគ្រោះរត់គេចខ្លួនព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហារ មន្ត្រីថេរសភាសង្ឃខេត្តដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។

ក្រសួងធម្មការក៏បានប្រកាសថ្កោលទោសលើបុគ្គល ឈ្មោះ ផែង វណ្ណៈ ចំពោះសកម្មភាពដូចបានរៀបរាប់ខាងលើ និងស្នើសុំឲ្យព្រះរាជអាជ្ញាចាត់វិធានការដោយផ្តន្ទាទោសចំពោះបុគ្គលរូបនេះតាមច្បាប់ជាធរមានថែមទៀត ។

យោងតាមលិខិតខាងលើនេះលោក ផែង វណ្ណៈ នឹងមិនអាចចៀសផុតពីប្រព័ន្ធច្បាប់នោះឡើយ បើទោះជាលោក បានធ្វើលិខិតសុំទោសជាសាធារណៈក៏ដោយចុះ ៕

Loading...