លោក ផែង វណ្ណៈ សុំឲ្យព្រះសង្ឃគ្រប់ព្រះអង្គទូទាំងប្រទេស មេត្តាយោគយល់អត់ឱនដោយក្តីអនុគ្រោះ

ភ្នំពេញ៖ លោក ផែន វណ្ណៈ បានសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋមួយចំនួនដោយហេតុថា ដោយសារតែរូបលោកពុំបានយល់ដឹងពីវិន័យផ្ទៃក្នុងរបស់ព្រះសង្ឃ និងបានរិះគន់ខ្លាំងៗទៅលើមន្ត្រីមួយចំនួន ព្រមបុគ្គលសង្ឃរហូតប្រើពាក្យប្រមាថធ្ងន់ធ្ងរ ។

លិខិតសុំទោសសាធារណៈនេះ មានខ្លឹមសារដូចខាងក្រោម៖

ខ្ញុំបាទឈ្មោះ ផែង វណ្ណៈ អាយុ៥២ឆ្នាំ មុខរបរចាងហ្វាងការផ្សាយគេហទំព័រ PhongVannakNews មានទីលំនៅភូមិព្រែកត) ពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមធ្វើការសុំទោសជាសាធារណៈចំពោះព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋមួយចំនួនដោយហេតុថា កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១១ ខ្ញុំបានទទួលវីដេអូព្រះសង្ឃប្រើអំពើហិង្សាវាយទៅលើលោកនេនរាប់សិបរំពាត់ និងរូបថតស្លាកស្នាមរបួសរបស់លោកនេនផងដែរពីប្រជាពលរដ្ឋមួយរូប ។ ដោយមើលឃើញអំពើហិង្សាបែបនេះខ្ញុំបានផ្សាយជូនជាដំណឹងដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធស្រាវជ្រាវករណ៏ហិង្សានេះដើម្បីរកបុគ្គលប្រព្រឹត្តខុសផ្តន្ទាទោសតាមច្បាប់ ។ បន្ទាប់ពីខ្ញុំបានផ្សាយព័ត៌មាននេះរួចនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ ខ្ញុំបានឃើញអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅខេត្តសៀមរាបបានចុះទៅស្រាវជ្រាវដល់វត្តរាជបូណ៌ ដកហូតបានវត្ថុតាងមានរំពាត់មួយចំនួនធំ និងបានធ្វើការសម្របសម្រួលបញ្ចប់ដោយរសាយរចៅអធិកាធ្វើកិច្ចសន្យាមួយសន្លឹក ។

ដោយមើលឃើញមន្ត្រីពាក់ព័ន្ធចុះទៅមិនមានចំណាត់ការច្បាប់ចំពោះបុគ្គលសង្ឃដែលប្រព្រឹត្តខុស ។ ម្យ៉ាងទៀតដោយមានចិត្តអាណិតអាសូរ្យចំពោះជនរងគ្រោះដែលទទួលរងរបួសធ្ងន់ធ្ងរនោះ និងដោយសារតែខ្ញុំបាទពុំបានយល់ដឹងពីវិន័យផ្ទៃក្នុងរបស់ព្រះសង្ឃ ដែលតម្រូវអោយរអប់រំដោយប្រើហឹង្សាមិនខុសច្បាប់ ខ្ញុំបានរិះគន់ខ្លាំងៗទៅលើមន្ត្រីមួយចំនួនដែលចុះទៅសម្របសម្រួល និងបុគ្គលសង្ឃដែលប្រើអំពើហិង្សារហូតប្រើពាក្យប្រមាថធ្ងន់ធ្ងរទៅលើបុគ្គលសង្ឃអង្គនោះ ។

ការរិះគន់ និងប្រមាថទៅលើបុគ្គលសង្ឃដែលប្រព្រឹត្តអំពើហឹង្សានោះ ខ្ញុំបាទមិនមានចេតនាប្រមាថព្រះសង្ឃគ្រប់អង្គទូទាំងប្រទេស ឬធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនាទេដោយគ្រាន់តែចង់បានយុត្តិធម៌សំរាប់ជនរងគ្រោះតែប៉ុណ្ណោះ ។ ក្នុងនាមជាពុទ្ធសាសនិកជនម្នាក់ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការកសាងវត្តព្រះវិហារកុដិ សាលាបាលី សំរាប់ពង្រឹងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។

បើសិនជាស្ថាប័នសង្ឃ និងប្រជាពលរដ្ឋមួយចំនួនយល់ថាការរិះគន់ និងការប្រមាថបុគ្គលសង្ឃដែលប្រើហិង្សាជាការប្រមាថចំពោះព្រះសង្ឃ និងព្រះពុទ្ធសាសនាខ្ញុំបាទសូមសុំទោសជាសាធារណៈចំពោះកំហុសឆ្គងនេះចាប់ពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១នេះតទៅ ។

ខ្ញុំបាទសូមព្រះសង្ឃគ្រប់ព្រះអង្គទូទាំងប្រទេសមេត្តាយោគយល់អត់ឱនអោយខ្ញុំបាទដោយក្តីអនុគ្រោះ ៕

Loading...