លោក ពូទីន អនុម័តច្បាប់ អាចធ្វើឱ្យគាត់កាន់អំណាចរហូតដល់ឆ្នាំ២០៣៦

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីកែប្រែរដ្ឋធម្មនុញ្ញដែលអាចធ្វើឱ្យគាត់កាន់អំណាចបាន ១៦ ឆ្នាំទៀត និងជាជំហានមួយដែលនឹងត្រូវសម្រេចឡើងតាមរយ:ការបោះឆ្នោតសាកលនៅក្នុងប្រទេសរុស្ស៊ី ។

វិមានក្រឹមឡាំងបាននិយាយថា លោកពូទីនបានចុះហត្ថលេខាលើវិធានការណ៍នេះ កាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ គឺបីថ្ងៃបន្ទាប់ពីច្បាប់មួយនេះបានឆ្លងកាត់សភារុស្ស៊ី ហើយមានការបោះឆ្នោតជំទាស់តែមួយសំឡេងប៉ុណ្ណោះ។ ច្បាប់នេះត្រូវតែអនុម័តដោយតុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេសរុស្ស៊ី និងឆ្លងកាត់ការធ្វើប្រជាមតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០។

តាមច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន លោកពូទីន មិនអាចឈរឈ្មោះជាប្រធានាធិបតីម្តងទៀត នៅឆ្នាំ ២០២៤ នោះឡើយ ដោយសារថា មានការដាក់កំហិតអាណត្តិតាមរដ្ឋធម្មនុញ្ញ ។ ប៉ុន្តែវិធានការណ៍ កែប្រែរដ្ឋធម្មនុញ្ញថ្មីនេះ នឹងកំណត់ចំនួនអាណត្តិរបស់លោកពូទីន ឡើងវិញ ដែលអនុញ្ញាតឱ្យឈរឈ្មោះថែមមួយអាណត្តិ ៦ ឆ្នាំទៀត។ គួរបញ្ជាក់ថា មេដឹកនាំរុស្ស៊ី លោកប្រធានាធិបតី ពូទីន បានកាន់អំណាចតាំងពីឆ្នាំ ២០០០មកម្ល៉េះ។

ការកែប្រែរដ្ឋធម្មនុញ្ញនេះ ឆ្លុះបញ្ចាំងអំពីការពង្រឹងប្រធានាធិបតីភាពបន្ថែមទៀត ក៏ដូចជាការសង្កត់ធ្ងន់លើអាទិភាពច្បាប់របស់រុស្ស៊ីស្តីពីបទដ្ឋានអន្តរជាតិ – បទប្បញ្ញត្តិដែលឆ្លុះបញ្ចាំងពីការខឹងសម្បាររបស់វិមានក្រឹមឡាំងជាមួយនឹងតុលាការសិទ្ធិមនុស្សអឺរ៉ុបនិងស្ថាប័នអន្តរជាតិដទៃទៀតដែលតែងតែចេញសាលក្រមប្រឆាំងរុស្ស៊ី។

ការកែប្រែរដ្ឋធម្មនុញ្ញនេះ ក៏បានចាត់ទុកជារឿងខុសច្បាប់ ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ហើយថា តម្លៃជាប្រពៃណីរបស់ប្រទេសរុស្ស៊ី គឺជំនឿលើព្រះ ៕ សុមេធ

Loading...