លោក មាស ច័ន្ទពិសិដ្ឋ បំភ្លឺករណីដោះលែងម្ចាស់ឃ្លាំងស្តុកសារធាតុគីមី

ភ្នំពេញ៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា សំណុំ រឿងកែឆ្នៃស្ករត្នោតលាយសារធាតុគីមី និងសំណុំរឿងទីតាំងស្តុកសារធាតុគីមី ត្រូវបានបែកចែកជា ២សំណុំរឿងដាច់ដោយឡែកពីគ្នា.
លោកថា ទី១.ពាក់ព័ន្ធនឹងសំណុំ រឿងស្ករត្នោតលាយសារធាតុគីមី គឺទាក់ទិននឹងលោក អ៊ូ សុង ភេទប្រុស អាយុ៥៩ឆ្នាំ មិនត្រូវបាននាំខ្លួនមកកាន់តុលាការនោះទេ ពោលគឺសមត្ថកិច្ចបានបញ្ជូនតែសំណុំរឿងមកតុលាការតែប៉ុណ្ណោះ ដោយមានមូលហេតុថា ម្ចាស់ទីតាំងរូបនេះ មានជំងឺលើសឈាម និងជំងឺរបេងសួត ដោយមានលិខិតបញ្ជាក់ ពីស្ថានភាពជំងឺមកតុលាការត្រឹមត្រូវ។ ដោយឡែកលោក អ៊ូ សុង ក៏បានសន្យា និងអះអាងថា លោកនឹងចូលខ្លួនបំភ្លឺគ្រប់បេលការកោះហៅរបស់តុលាការ។
លោក មាស ច័ន្ទពិសិដ្ឋ អះអាងថា ទី២.ចំពោះសំណុំរឿងទីតាំងស្តុកសារធាតុគីមី គឺទាក់ទិននឹងលោកជ្រុយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួច បញ្ជូន ទៅចៅក្រម ដើម្បីបើកសវនាការជំនុំជម្រះផ្ទាល់ នាពេលឆាប់ៗ ខាងមុខ។ ប៉ុន្តែជនត្រូវចោទ ត្រូវបានតំណាងអយ្យការ ដោះលែងឲ្យមានសេរីភាពឡើងវិញ ដោយសំអាងថា មាត្រា ចោទប្រកាន់នេះ ពុំមានទោសដាក់ពន្ធនាគារនោះទេ ពោលគឺត្រឹមពិន័យជាប្រាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការបកស្រាយរបស់លោក មាស ច័ន្ទពិសិដ្ឋ បានធ្វើឡើងក្រោយពីមានការរិះគន់ពីសំណាក់លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ចំពោះនីតិវិធីរបស់តុលាការ ក្នុងការដោះលែងម្ចាស់ឃ្លាំងស្តុកសារធាតុគីមីគ្រោះថ្នាក់ ឈ្មោះ ជ្រុយ សុខ បានប្រតិកម្ម ចំពោះចំណាត់ការរបស់តុលាការពីសំណាក់លោក ឡុង ស្រេង បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងពិធីដុតកម្ទេចកាហ្វេបន្លំគុណភាពប្រមាណ៣០តោន នៅទីលានចាក់សម្រាមបឹងជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឡុង ស្រេង បានថ្លែងថា ” យើងបញ្ជូនសំណុំរឿងទៅតុលាការ ហើយលោកតុលាការ គាត់ដោះលែងជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្តែយើងមិនយល់ម៉េចក៏គាត់ធ្វើចឹង “។ លោកបន្តថា ” តុលាការបានប្រាប់ថា ម្ចាស់ទីតាំងមានជំងឺទើបដោះលែង លោកមិនយល់។ ស្ករត្នោតមានហានិភ័យជាងកាហ្វេមួយពាន់ដង ព្រោះកាហ្វេប្រើសារធាតុគីមីចំណីអាហារដែលច្បាប់អនុញ្ញាត។ ប៉ុន្តែស្ករត្នោត ប្រើប្រាស់សារធាតុគីមី ដែលច្បាប់ហាមឃាត់ មិនឲ្យដាក់លើចំណីអាហារទេ។ សម្តីប្រតិកម្មអំពីភាពមិនពេញចិត្តរបស់លោក ឡុង ស្រេង ចំពោះចំណាត់ការតុលាការ ត្រូវបានស្ថាប័នសារព័ត៌មានក្នុងស្រុក និងបណ្តាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួន ដកស្រង់យកទៅផ្សព្វផ្សាយ ហាក់មិនទាន់មានការបកស្រាយច្បាស់លាស់ណាមួយ ពីភាគីតុលាការឡើយនោះទេ ទើបលោក មាស ច័ន្ទពិសិដ្ឋ បានធ្វើការបកស្រាយបំភ្លឺជាសាធារណៈនៅក្នុងកិច្ចប្រជុំ លើការ រឹតបន្តឹង និងត្រួតពិនិត្យនៃការកសាងសំណុំរឿង បញ្ជូនជនល្មើសទៅតុលាការ។
គួររំឮកថា កាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរទីតាំង កែច្នៃស្ករត្នោតលាយសារធាតុគីមី ប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីត ដែលធ្វើប៉ះពាល់សុខភាព នៅក្នុងខណ្ឌទួលគោក មានម្ចាស់ឈ្មោះ អ៊ូ សុង ភេទប្រុស អាយុ៥៩ឆ្នាំ។ ហើយនៅថ្ងៃដដែលនោះ សមត្ថកិច្ច បានបន្តចុះឆែកឆេរ ទីតាំងស្តុកសារធាតុគីមីមួយកន្លែងទៀត មានម្ចាស់ឈ្មោះ ជ្រុយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ៕

IMG-10

Loading...

Leave a Reply

Your email address will not be published. Required fields are marked *