លោក មុក​ អ៊ុកសំអាត នាយនគរបាលប៉ុស្ដិ៍រដ្ឋបាល​ ចេញពីខារ៉ាអូខេស្រវឹង បើករថយន្ដបុកម៉ូតូ ១គ្រឿង បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តកំពង់ចាម៖ បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ មុក​ អ៊ុកសំអាត ជានាយនគរបាលប៉ុស្ដិ៍រដ្ឋបាល ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើករថយន្ដមួយគ្រឿងលឿនដូចហោះ ចេញពីសីុផឹកក្នុងខារ៉ាអូខេ នៅស្គន់ ហើយស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ក៏បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះ២នាក់ ស្លាប់ភា្លមៗនៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ ក្រោយមកមេប៉ុស្ដិ៍នោះ​ បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៦ នៅចំណុចភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មន្ដ្រីនគរបាលស្រុកជើងព្រៃ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ​​ម៉ាកCamry ពណ៌ឈាមជ្រូក ពាក់ស្លាលេខភ្នំពេញ 2B-2253 បើកពីត្បូង ទៅជើង លុះ​ដល់កន្លែងកើតហេតុ បាន​បុកជាមួយម៉ូតូ១គ្រឿង ម៉ាក​C125 ពណ៌ខ្មៅ ពាក់ស្លាកកំពង់ចាម​1H-8863 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់ភា្លមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

នគរបាលបញ្ជាក់ថា ជនរងគ្រោះទាំង៣ ទី១៖ឈ្មោះ ថុល វាសនា អាយុ១៨ឆ្នាំ (ស្លាប់) ទី២៖ឈ្មោះ សែ វុទ្ធី អាយុ១៨ឆ្នាំ (ស្លាប់) និងទី៣៖ឈ្មោះ ថៃ​ ធា អាយុ១៩ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង៣រស់នៅ​ភូមិសង្កែ ឃុំស្តើងជយ័ ស្រុកជើងព្រៃ​ រី​ឯអ្នកបើកបរជានាយប៉ុស្ដិ៍ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសាកសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង២ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕

Loading...