លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ស្នើឲ្យរាជរដ្ឋាភិបាលបង្កើតគណៈកម្មការព្រំដែន ដើម្បីពិនិត្យមើលក្នុងតំបន់ស ខេត្តរតនគិរី

ភ្នំពេញ៖ លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលកំពង់ចាម នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៥ នេះបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការជំនាញមួយ ដើម្បីសិក្សាពីបញ្ហាព្រំដែនក្នុងតំបន់ស នៅខេត្តរតនគិរី ឲ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមផែនទីដែលតំកល់ទុកនៅ អង្គការសហប្រជាជាតិ។

លោក ម៉ៅ មុនីវណ្ណ បានថ្លែងប្រាប់ប្រភពព័ត៌មានថា ដើម្បីដោះស្រាយបញ្ហាព្រំដែនបាន លុះត្រាតែប្រជាជនកម្ពុជាគ្រប់និន្នាការនយោបាយរូបរួម និងឯកភាពគ្នាជាធ្លុងមួយ បង្កើតគណៈកម្មការព្រំដែនមួយ
ដែលមានសមាសភាពចេញពី គណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងបណ្ដាអង្គការក្រៅរដ្ឋាភិបាល។
លោក មុនីវណ្ណ បានបញ្ជាក់ថា «ដើម្បីដោះស្រាយបញ្ហានេះ (បញ្ហាព្រំដែនកម្ពុជា-វៀតណាម) ឲ្យបានល្អប្រសើរ សុខដុមរមនាជាមួយគ្នា ទាល់តែខ្មែរបង្កើតគណៈកម្មការ ជាពិសេសខ្មែរគណបក្សទាំងពីរហ្នឹង ឯកភាពគ្នា ត្រូវបង្កើតគណៈកម្មការព្រំដែនមួយ ដែលមានសមាសភាពចេញពីគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា ជាពិសេសគឺឲ្យសង្គមស៊ីវិលចូលរួម ហើយនឹងឲ្យអ្នកបច្ចេកទេសខាងកិច្ចការព្រំដែនចូលរួម» ។

តំណាងរាស្រ្តរូបនោះបានបន្ថែមថា «ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមដោយផ្អែកលើសន្ធិសញ្ញា ឆ្នាំ២០០៥ បណ្ដាលឲ្យកើតមានបន្ទាត់ព្រំដែនថ្មីមួយ ដែលធ្វើឲ្យព្រៃខ្មែរ ជ្រោះខ្មែរ ដីស្រែចំការខ្មែរ ភូមិឋានខ្មែរមួយចំនួន សឹងតែគ្រប់ខេត្តពេលដែលបោះបង្គោលព្រំដែនទៅវានៅក្នុងដីយួន» ។

លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយសារលោកអះអាងថា ជារឿងចាស់ ដដែលជាដដែល ខណៈលោក ថង សាវុធ អភិបាលខេត្តរតនគិរី មិនអាចទំនាក់ទំនងការអត្ថាធិប្បាយបាននៅថ្ងៃសុក្រនេះ។

សូមជំរាបថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ក្រសួងការបរទេសកម្ពុជា បានសេចក្តីជូនដំណឹងមួយ ដោយឆ្លើយតបទៅនឹងការស្នើសុំរបស់វៀតណាម ដោយបានឯកភាពបង្កើត ក្រុមការងារចម្រុះដែលមានភារកិច្ចក្នុងការបន្តពិនិត្យ និងបំភ្លឺអំពីឧប្បត្តិហេតុដែលបានកើតឡើង នៅបង្គោលព្រំដែនលេខ ២០៣ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ តាមការស្នើសុំ៕

110323_b01

Loading...

Leave a Reply

Your email address will not be published. Required fields are marked *