លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​យ៉ាង​គឃ្លើន​

ភ្នំពេញ៖ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅតែ​កើតមាន​ករណី​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​ហ៊ាន​បន្តសកម្មភាព​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ការដែល​លោក រី ដា​វិ​ន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ជា​បង្អែក​ដ៏​រឹងមាំ ហើយ​លោក ហេង ពិសិដ្ឋ តែងតែ​ជួយ​បិទបាំង​រាល់​សកម្មភាព​របស់លោក រី ដា​វិ​ន យ៉ាង​ក្រអឺតក្រទម​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា ករណី​ឈ្មួញ​ខិលខូច​នាំចូល​ជ្រូក​ពី​ស្រុក​យួន​តាម​ច្រករបៀង​នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល​។ មានការ​រិះគន់​ចំៗ​ថា សមត្ថកិច្ច​តាម​ព្រំដែន​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន ហើយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ទើប​ឈ្មួញ​អាច​នាំចូល​ជ្រូក​មកដល់​ខេត្តកំពង់ចាម និង​ចូល​មកដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ ជាក់ស្ដែង​មួយរយៈ​កន្លងទៅនេះ​សមត្ថកិច្ច​ខេត្តកំពង់ចាម បង្ក្រាប​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​ជាច្រើន​ករណី ហើយ​ជ្រូក​ទាំងនោះ​សុទ្ធតែ​នាំចូល​តាម​ច្រករបៀង​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ហេតុនេះ​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ មិនអាច​បិទបាំង​ទង្វើ​របស់លោក រី ដា​វិ​ន ដែលជា​មនុស្ស​ជំនិត​របស់ខ្លួន​បានទេ ព្រោះ​ឈ្មួញ​បាន​សារភាព​មុខ​សមត្ថកិច្ច​ក្នុង​ខេត្តកំពង់ចាម រួចមកហើយ​ថា​ពួកគេ​នាំចូល​ជ្រូក​តាម​ច្រករបៀង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហេង ពិសិដ្ឋ ចាត់ទុក​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​រស់​និង​មាន់​ទា​ពី​ស្រុក​យួន គឹជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន ហើយ​មិន​ខ្វល់​ពី​ការ​អនុវត្តតាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​នោះទេ​។ ដូច្នេះហើយ​ទើប​លោក ហេង ពិសិដ្ឋ បើកដៃ​ឲ្យ​លោក រី ដា​វិ​ន មេ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការបន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​គឃ្លើន​បំផុត​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួងកសិកម្ម ក៏ដូចជា​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ហេង ពិសិដ្ឋ និង​លោក រី ដា​វិ​ន ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ​។ ដោយហេតុថា​លោក ហេង ពិសិដ្ឋ និង​លោក រី ដា​វិ​ន គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះទេ​ដោយ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​៕

Loading...