លោក លី ដា នាយកប្រតិបត្តិ នៃក្រុមហ៊ុន គ្រួសារសាមគ្គីជោគជ័យរងបណ្តឹងពីបទឆបោក

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានដាក់ប្តឹងលោក លី ដា (ហៅណាវ) នាយកប្រតិបត្តិ នៃក្រុមហ៊ុន គ្រួសារសាមគ្គីជោគជ័យ (សង់ផ្ទះល្វែង) និងបុគ្គលិកចំនួន៤នាក់ផ្សេងទៀត បទឆបោក និង រំលោភលើសេចក្តីទុកចិត្ត នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

លោក សេង សារិទ្ឋ រស់នៅភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋចំនួន០៥គ្រួសារ បានឲ្យដឹងថា ពួកគាត់គឺជាជនរងគ្រោះ បាននាំគ្នាទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដាក់ពាក្យបណ្តឹងប្តឹងជនចំនួន០៥នាក់ មានដូចជាៈ ១. លោក លី ដា (ហៅណាវ) មានតួនាទីជានាយកប្រតិបត្តិ នៃក្រុមហ៊ុនគ្រួសារសាមគ្គីជោគជ័យ (សង់ផ្ទះល្វែង)។ ២.លោក ពេជ្រ បញ្ញា (ហៅពេទ្យប្រុស) មានតួនាទីជានាយករង។ ៣.លោក តេង ង៉ែត មានតួនាទីជាប្រធានអន្តរាគមន៍។ ៤.លោក ក្រៃ នៅ អនុប្រធានអន្តរាគមន៍ និងទី៥.លោក ហាន តុង មានតួនាទីជាប្រធានទីផ្សាររបស់ក្រុមហ៊ុនគ្រួសារសាមគ្គីជោគជ័យ (សង់ផ្ទះល្វែង) ដែលមានទីតាំងស្ថិតនៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពីបទឆបោក និងរំលោភលើសេចក្តីទុកចិត្ត។

លោកបានរៀបរាប់ថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ កន្លងមក ក្រុមហ៊ុនគ្រួសារសាមគ្គីជោគជ័យ (សង់ផ្ទះល្វែង) ដែលមានឈ្មោះជនទាំង០៥នាក់ និងតួនាទីរៀងៗខ្លួនខាងលើ បានទទួលប្រាក់កក់មុន ពីអតិថិជនចំនួន៣០% ស្មើនិងប្រាក់ចំនួន១០៨០០ដុល្លារ (មួយម៉ឺនប្រាំបីរយដុល្លារអ) ក្នុង១គ្រួសារ និងបានធានាអះអាងថា ធ្វើផ្ទះល្វែងឲ្យប្រជាពលរដ្ឋ ជាអតិថិជនរបស់ខ្លួនបានចូលរស់នៅឲ្យបានឆាប់ផងដែរ។ បន្ទាប់មកពួកគាត់បាននាំគ្នា បង់ប្រាក់ប្រចាំខែ ឲ្យទៅក្រុមហ៊ុន ក្នុង១ខែ ៥៩០ដុល្លារ បន្ថែមទៀត រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ខាងក្រុមហ៊ុនបានផ្អាកការសាងសង់ មកទល់បច្ចុប្បន្ននេះតែម្តង។ បើទោះបីជាយ៉ាងណាក៏ ដោយពួកគាត់បានព្យាយាមទៅជួបជាមួយខាងម្ចាស់ភាគី ក្រុមហ៊ុន ដើម្បីសម្របសម្រួលយ៉ាងណាក្តី ក៏ខាងក្រុមហ៊ុនបានឆ្លើយដាក់គ្នាយកលេសនេះ ! យកលេសនោះ យករួចខ្លួនរៀងៗខ្លួន មិនព្រមរកដំដោះស្រាយជូនពួកគាត់ ដែលជាជនរងគ្រោះ នោះឡើយ។

ប្រជាពលរដ្ឋរងគ្រោះបានបញ្ជាក់ថា រឺឯចំណែកប្លង់ដី វិញខាងក្រុមហ៊ុនមិនបានចេញ លិខិតបញ្ជាក់ ផ្ទេរសិទ្ឋិកាន់កាប់មកឲ្យពួកគាត់នោះឡើយ គឺខាងក្រុមហ៊ុនបានយកទៅដាក់ បញ្ចាំ ខ្ចីប្រាក់ពី ធនាគារ អស់ហើយ។ ដូច្នេះហើយទើបពួកគាត់ កើតទុក្ខមិនសុខចិត្ត ក៏សម្រេចចិត្តនាំគ្នា មកដាក់ពាក្យបណ្តឹងឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ ជូនពួកគាត់តែម្តងទៅ។

ទាក់ទងការប្តឹងនេះ លោក លី ដា នាយកប្រតិបត្តិ នៃក្រុមហ៊ុន គ្រួសារសាមគ្គីជោគជ័យ មិនអាចសុំការបំភ្លឺបានទេ៕

Loading...