លោក សម រង្ស៊ី ថាការកែប្រែមាត្រា២នៃរដ្ឋធម្មនុញ្ញគួរធ្វើឡើងដើម្បីចំណេញជាតិ

ភ្នំពេញ ៖ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា លោកមិនជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ដែលនិយាយអំពីឆ្នាំផលិតនៃផែនទីទេ ក៏ប៉ុន្តែសូមឲ្យការកែប្រែនោះ មានភាពចំណេញសម្រាប់ជាតិទាំងមូល។ ការថ្លែងសារនយោបាយនៅពេលនេះរបស់ លោក សម រង្ស៊ី ធ្វើឡើងប៉ុន្មាននាទីប៉ុណ្ណោះក្រោយពេលលោកចុះពីយន្តហោះភ្លាម។

ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រធានគណបក្សជំទាស់យល់ឃើញថា ប្រសិនបើការសម្រេចកែសម្រួលមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដូចលោកធ្លាប់ពិគ្រោះយោបល់ជាមួយ លោក ហ៊ុន សែន ពិតមែន គឺត្រូវកំណត់ឆ្នាំនៃការផលិតផែនទី ត្រូវធ្វើឡើងមុនឆ្នាំ១៩៣៣ ដែលរៀបចំដោយអាណាព្យាបាលបារាំង នោះ។

មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា បូរណភាពទឹកដីប្រទេសកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។ ផ្ទុយពីនេះ លោក សម រង្ស៊ី ថ្លែងថា ប្រសិនបើច្បាប់នេះត្រូវធ្វើវិសោធនកម្ម គឺមិនត្រូវកំណត់ដោយចង្អៀតដូចនេះឡើយ។ ក្នុងន័យនេះ ប្រធានគណបក្សប្រឆាំងចាត់ទុកថា ឆ្នាំនៃការផលិតផែនទីដែលអាណាព្យាបាលបារាំង បានបន្សល់ទុកនេះ គឺគេត្រូវកែសម្រួលឲ្យបានមុនឆ្នាំ១៩៣៣ ទៅទៀត ទើបជាដំណោះស្រាយ ហើយចំណេញដល់កម្ពុជា។

ការថ្លែងសារនយោបាយរបស់ លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងខណៈកម្ដៅនយោបាយបានផ្ទុះឡើងសាជាថ្មី ស្របពេលទាំងសកម្មជន និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះ ត្រូវបានតុលាការចោទប្រកាន់បន្តបន្ទាប់ និងបន្តឃុំខ្លួន ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មជាញឹកញយជុំវិញភាពចម្រូងចម្រាសរឿងព្រំដែននេះ។

លោក សម រង្ស៊ី ថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន មុននឹងលោកជួបអ្នកគាំទ្ររាប់ពាន់នាក់នៅខាងក្រៅបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា ប្រសិនបើរដ្ឋធម្មនុញ្ញត្រង់មាត្រា២ ពិតជាត្រូវបានធ្វើវិសោធនកម្មមែន គេគួរធ្វើវាឲ្យចំណេញសម្រាប់ជាតិទាំងមូល ជាជាងចងកាតព្វកិច្ចនាំឲ្យបាត់បង់បូរណភាពទឹកដី។ ម្យ៉ាងវិញទៀត ថ្វីបើ លោក សម រង្ស៊ី ពុំបានជំទាស់ទៅនឹងគម្រោងធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញនេះ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការកែសម្រួលមាត្រានេះ គួរចងឲ្យបានទូលាយជាងខ្លឹមសារបច្ចុប្បន្ន គឺត្រូវកំណត់ឆ្នាំនៃការផលិតផែនទីឲ្យបានមុនឆ្នាំ១៩៣៣ ទើបប្រសើរ៖ «»។

បើទោះជាបែបណា លោក សម រង្ស៊ី អះអាងថា ការផ្ដួចផ្ដើមនាំឲ្យគិតគូរពីមាត្រា២ នៃរដ្ឋធម្មនុញ្ញនេះ គឺលោក ហ៊ុន សែន ទេជាអ្នកផ្ដល់យោបល់មុន ហើយលោកជាអ្នកឯកភាពតាមក្រោយ ក្នុងជំនួបជាលក្ខណៈគ្រួសារកាលពីខែកក្កដា កន្លងទៅ។

ផ្ទុយពីអ្វីដែលប្រធានគណបក្សជំទាស់លើកឡើងនេះ លោក ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី១៣ សីហា ថា ការពិតអ្នកដែលផ្ដល់យោបល់ចង់ឲ្យមានការកែសម្រួលមាត្រា២ នេះ គឺលោក សម រង្ស៊ី ខ្លួនឯងទេជាអ្នកផ្ដល់យោបល់ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យបក្សជំទាស់នៅពេលនេះនៅតែខ្វែងគំនិតគ្នា ព្រោះតែព័ត៌មានពីថ្នាក់លើ មិនត្រូវបានចែកចាយទៅថ្នាក់ក្រោម។ លោក ហ៊ុន សែន ចាត់ទុកថា ទាំងនេះគឺជាដើមចមដែលនាំឲ្យមានការយល់ខុសក្នុងបក្ស និងមិនអាចរកចំណុចរួមបាន៖ «»។

គិតមកដល់ពេលនេះ កម្ដៅនយោបាយពាក់ព័ន្ធការខ្វែងគំនិតគ្នាលើរឿងព្រំដែនកម្ពុជា-វៀតណាម នេះ គឺបានបន្តមកដល់ការផ្ទៀងផ្ទាត់ផែនទី ដែលរាជបណ្ឌិត្យសភាកម្ពុជា បានទទួលពីប្រទេសមហាអំណាច និងអង្គការសហប្រជាជាតិ។ បន្ថែមពីលើនេះទៀត ក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើឲ្យគណបក្សសង្គ្រោះជាតិ រកផែនទី ២ផ្ទាំងបន្ថែមទៀតដែលមិនអាចប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់បាន ក្នុងចំណោមផែនទីទាំង ២៦ផ្ទាំងដែលផ្ដល់ជូននោះ ដើម្បីយកទៅពិនិត្យជាមួយផែនទីរបស់រដ្ឋាភិបាលសរុបទាំងអស់ ២៦ផ្ទាំងដែរនោះ។

ក្រៅពីនេះវិញ លោក សម រង្ស៊ី បញ្ជាក់ថា លោកនឹងព្យាយាមគ្រប់មធ្យោបាយធ្វើយ៉ាងណាឲ្យសកម្មជន និងមន្ត្រីជាន់ខ្ពស់ចំនួន ១៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន ឲ្យរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការ ហើយដោះលែងឲ្យមានសេរីភាពវិញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *