រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងចម្បងមួយនាពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់មនុស្សជាតិទាំងមូល ជាពិសេសសម្រាប់ប្រទេសក្រីក្រ ដែលមានសេដ្ឋពឹងអាស្រ័យដោយផ្ទាល់លើអាកាសធាតុ។ នេះជាការលើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសន្និសិទលើកទី ២០ នៃបណ្តាភាគី អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅព្រឹកថ្ងៃទី ៣ ខែ មីនា នៅសណ្ឋាគារសាន់វ៉េ។
ឯកឧត្តមបន្ថែមថា ការប្រែប្រួលអាកាសធាតុគឺជាលទ្ធផលនៃបរាជ័យទីផ្សាដ៏ធំធេងនាពេលបច្ចុប្បន្ន។ ការប្រើប្រាស់យ៉ាងខ្ជះខ្ជាយនូវបរិយាកាសពិភពលោកដែលជាសម្បត្តិរួម ការរីកសាយយ៉ាងលឿននូវវប្បធម៌ប្រើប្រាស់និយម ជាមូលហេតុចម្បងមួយនៃបញ្ហានេះ។
ឯកឧត្តមបន្ដថា ពិតមែនតែកម្ពុជា មានអាទិភាពអភិវឌ្ឍន៍ចំពោះមុខច្រើន ហើយសមត្ថភាព និងធនធានមានកម្រិតក្តី ក៏រាជរដ្ឋាភិបាលនៅតែមានឆន្ទៈនយោបាយខ្ពស់ ក្នុងការត្រៀមខ្លួនរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដោយឈរលើស្មារតីនៃគោលការណ៍ អនុវត្តអនុសញ្ញាប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានោះ ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាលទ្ធផលនៃសកម្មភាពរបស់មនុស្ស ដែលបញ្ហានេះត្រូវបានពិភពលោកទទួលស្គាល់ជាបញ្ហាសកល។
ឯកឧត្តមបន្ថែមថា កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ នៅបរិយាកាស បានធ្វើឲ្យកើនកម្ដៅនៅលើផែនដីដែលជាមូលហេតុចម្បងនៃការប្រែប្រួលអាកាសធាតុជារួមរបស់ភពផែនដែរ។
សូមជម្រាបថា បញ្ហាដែលប្រឈមក្នុងការអភិវឌ្ឍវិស័យកសិកម្ម កសិឧហ្សាហកម្ម កៅស៊ូ របបទឹកភ្លៀង គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត រញ្ជួយដី ជាការបម្រែបម្រួលអាកាសធាតុ។ តាមរបាយការណ៍ របស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបង្ហាញថា ក្នុងឆ្នាំ ២០១៣ គ្រោះទឹកជំនន់បានបណ្តាលឲ្យកម្ពុជាបាត់បង់មនុស្ស ១៦៨នាក់ ខូចខាត់ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនគិតជាទឹកប្រាក់អស់ប្រមាណ ៣៥៦ លានដុល្លាអាមេរិក៕