លោក សុខ សុដារ៉ា មេគយសៀមរាប ជាខ្នងបង្អែកឈ្មួញនាំទំនិញគេចពន្ធ

ខេត្តសៀមរាប៖ ក្រុមមន្ត្រីគយតូចតាចនៅខេត្តសៀមរាប ដែលពុំសូវបានផលប្រយោជន៍អីចូលហោប៉ៅបានខ្សឹបប្រាប់មកអ្នកសារព័ត៌មានឱ្យដឹងថា លោក សុខ សុដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប កំពុងតែកាក់កបខ្លាំងណាស់រឿងប្រព្រឹត្តអំពើពុករលួយ រឿងសេវាក្រោមតុ រឿងឃុបឃិតជាមួយឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទ ដែលនាំចូលតាមច្រកព្រំដែនប៉ោយប៉ែត ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ច្រកជាំស្រងាំ ខេត្តឧត្ដរមានជ័យ ហើយយកមកស្តុកទុក និងចែកចាយក្នុងខេត្តសៀមរាប ហើយឈ្មួញដែលចង់រកស៊ីបានសុខ ត្រូវតែជួបនិយាយនឹងលោកមេប្រធានគយនេះ ជាមុនសិន ទើបមិនមានជួបបញ្ហាអ្វីដល់ពួកគេ។
ក្រុមមន្ត្រីគយតូចតាចទាំងនោះបានខ្សឹបមកប្រាប់ឱ្យដឹងទៀតថា រាល់ទំនិញដែលគេចពន្ធនឹងបង់ពន្ធមិនគ្រប់មានដូចជាគ្រឿងសំណង់ គ្រឿងកំប៉ុង ប្រេងសាំង។ល។ ដែលឈ្មួញនាំឆ្លងមកពីខេត្តផ្សេងៗមកខេត្តសៀមរាបរាល់ៗថ្ងៃនេះ វាគឺជាប្រភពចំណូលដែលមិនចេះ រីងស្ងួតរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាបនឹងបក្ខពួកមួយក្តាប់តូច។

ប្រភពពីក្រុមមន្ត្រីតូចតាចទាំងនោះនៅបានខ្សឹបប្រាប់ឲ្យដឹងទៀតថា លោក សុខ សុដារ៉ា នឹងក្រុមឈ្មួញប្រៀបដូចជាប្អូនទៅហើយ អ៊ីចឹងហើយបានជាលោក មិនដែលចាត់វិធានការបង្ក្រាបទំនិញគេចពន្ធម្តងណាឡើយ ហើយគិតតែពីរឿងប្រមូលផលប្រយោជន៍យកធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល ជាមួយនឹងបក្ខពួកជំនិតៗរបស់គាត់។ ក្រុមមន្ត្រីគយដដែលបានខ្សឹបបង្ហើបឲ្យដឹងទៀតថា ឈ្មួញដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬ ទំនិញខុសច្បាប់ យកមកចែកចាយលើទីផ្សារក្នុងខេត្តសៀមរាប ត្រូវមានទំនាក់ទំនងឱនលំទោនសុំការយោគយល់និយាយចរចាជាមុនជាមួយ លោក សុខ សុដារ៉ា ទើបពួកគេគ្មានការរំខានពីក្រុមមន្ត្រីគយជំនិតៗរបស់លោកសុខ សុដារ៉ា។

ក្រុមមន្ត្រីគយទាំងនោះបានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា លោក សុខ សុដារ៉ា បានដឹងយ៉ាងច្បាស់អំពីអត្តសញ្ញាណឈ្មួញដែលនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយចាត់ទុកឈ្មួញទាំងនោះជាមិត្តភ័ក្រល្អនិងជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន។ មន្ត្រីគយតូចតាចក្នុងខេត្តសៀមរាបនៅបានខ្សឹបទៀតថា ទំនិញគេចពន្ធនាំចូលពីប្រទេសសៀមតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ យកមកលក់ចែកចាយក្នុងខេត្តសៀមរាប ឬឆ្លងកាត់ខេត្តសៀមរាប យកទៅចែកចាយនៅខេត្តដទៃទៀតនោះ នៅខណៈពួកគេចេញបង្ក្រាបលើទំនិញទាំងនោះត្រូវពួកក្រុមឈ្មួញទាំងនោះតបមកពួកគេវិញថា មិនបាច់ចាប់អីទេយកតែលុយថ្លៃបាយទឹក លុយសាំងបានហើយ ព្រោះ ពួកគេបាននិយាយជាមួយលោក សុខ សុដារ៉ា រួចហើយ។ អ៊ីចឹងហើយបានជា លោកប្រធាន មិនដែលបញ្ជារឱ្យពួកគេចុះបង្ក្រាបប្រមូលចំណូលពន្ធជូនរដ្ឋឲ្យស្របទៅតាមគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់ស្ថាប័នគយនោះទេ។ ផ្ទុយទៅវិញលោក សុខ សុដារ៉ា បានបញ្ជាឲ្យកូនចៅក្រោមឱវាទដើរប្រមូលលុយពីឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ហើយយកមកចែកគ្នាធ្វើមានធ្វើបានយ៉ាងរីករាយ។ ដែលសកម្មភាពរបស់លោក សុខ សុដារ៉ា និងបក្ខពួកនេះ ធ្វើឱ្យក្នុងមួយខែៗទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់នៅក្នុងខេត្តសៀមរាបខាតបង់ចំណូលពន្ធជូនរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយប្រាក់ដែលរដ្ឋបាត់បង់នោះ បានធ្លាក់ទៅចូលហោប៉ៅលោកប្រធានគយខេត្តសៀមរាបនឹងបក្ខពួកមួយក្តាប់តូច៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *