លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ សារភាព និងទទួលស្គាល់ចំពោះសាររបស់ខ្លួន

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសារភាព និងទទួលស្គាល់ចំពោះសាររបស់ខ្លួន ដែលបានផ្ញើទៅសកម្មជននៅប្រទេសបារាំង ដែលមើលងាយព្រះមហាក្សត្រ និងសារដែលបង្ហោះ ជេរប្រមាថមេទ័ពកម្ពុជាថា ជាមេទ័ពចោរនោះ។

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧​ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា ឥឡូវនេះសាមីខ្លួនបានសារហើយថា សារដែលផ្ញើទៅកាន់សកម្មនៅប្រទេសបារាំង ​រឿងទាត់ឲ្យធ្លាយវាំង និងការបង្ហោះជេរប្រមាថដល់មេទ័ព ជាមេទ័ពនោះជារបស់ខ្លួន។

សូមជម្រាបថា លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននិងវ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីលោកបានបង្ហោះសារ នៅលើគេហទំព័រ ជេរប្រមាថម៉ាក់ងាយដល់កូនខ្មែរ និងកងទ័ពជាតិ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧នេះ។

ការចាប់ខ្លួនលោក សួន សេរីរដ្ឋា ត្រូវបានធ្វើឡើង បន្ទាប់ពីលោកបានបង្ហោះសារនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ប្រមាថដល់កងទ័ពរបស់ខ្មែរដោយ ខ្លឹមសារយ៉ាងដូច្នេះថា៖ «ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះ លទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយនឹងប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង !។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗពាក់ផ្កាយ និងកូនលោកធំៗដែលនៅជួរ ក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ»។

ដោយឡែកសារប្រមាថ ​របស់លោក សួន សេរីរដ្ឋា ដែលត្រូវបាន Facebook «កូននាគអាស៊ី» ទម្លាយនោះបានសរសេរយ៉ាងដូច្នេះថា៖

«សូមក្រុមសមាជិក​ KPPM នៅបារាំង ជួយស្រាវជ្រាវរកឯកសារមួយឲ្យបានមកឲ្យខ្ញុំ ឲ្យបានកាន់តែឆាប់កាន់តែល្អ។ គឺឯកសារ ដែលបង្ហាញបញ្ជាក់ថា នរោត្តម សីហមុនី ជាសញ្ជាតិបារាំង មែនឬមិនមែន? ខ្ញុំ នឹងវ៉ៃមួយឈុតនេះឲ្យល្អមើលកក្រើកក្នុងឆ្នាំ២០១៦នេះ។ សូមជួយរកឲ្យឃើញ យកឲ្យបានឯកសារឲ្យខ្ញុំ។

ហ៊ុន សែន ចង់មានច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់មេបក្សនយោបាយ គឺជាឱកាសរបស់ KPP ធាក់ឲ្យធ្លាយវាំងតែម្ដង។ ចាំមើលស្ដេច និងអាមាត្យវាំង ហ៊ានលាសញ្ជាតិបារាំងទេ? ហើយពួកយួន នៅក្នុងបក្សប្រជាជន រត់ទៅពួននៅកន្លែងណា? ចាប់កន្ទុយរបស់ពួកវា ញាត់ចូលមាត់ពួកវា ឲ្យខាំកន្ទុយខ្លួនឯងវា ហើយយើងចាំឈរមើល!»៕

 

Loading...