លោក សួស សុខដារ៉ា ប្រព្រឹត្តិអំពើពុករលួយតាមតែអំពើចិត្តដោយមិនមានវិធានការពីថ្នាក់លើ

ខេត្តប៉ៃលិន ៖ យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា បន្ទាប់ពីថ្នាក់លើបាន តែងតាំងលោកស័ក្តិ៥ សួស សុខដារ៉ា អតីតមេនគរបាល អន្តោប្រវេសន៍ច្រកចាំយាម ខេត្តកោះកុង ឲ្យផ្លាស់ប្ដូរប៉ុស្តិថ្មីទៅធ្វើជា មេនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ដោយយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ លេខៈ១៧៤៩ ប្រក ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ កាលណាមក គេបានសង្កេតឃើញថា មកដល់ពេលនេះ កើតមានទំនិញគេចពន្ធ និងទំនិញខុសច្បាប់ ក៍ដូចជាម្ហូបអាហារ ខួចគុណភាពជាច្រើន បាននិងកំពុងតែហូរ ពីប្រទេសសៀម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិព្រំ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន យ៉ាងអនាធិបតេយ្យបំផុត គ្មានសមត្ថកិច្ចណាបង្ក្រាបឡើយ ។

ផ្ទុយទៅវិញ ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងទៀតថា?លោកស័ក្ដិ៥ សួស សុខដារ៉ា ដែលទើបត្រូវបានតែងតាំង ជាមេថ្មីនៃនគរបាល អន្តោប្រវេសន៍ប្រចាំច្រកនេះ គឺជាអ្នកបោះមេ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញខូចគុណភាព យ៉ាងពេញបន្ទុកតែម្ដង ដែលទំនិញទាំងនោះ មានដូចជា៖ ការនាំចូលហ្គាសគេចពន្ធ តាមរថយន្តសៀម ប្រភេទតូយ៉ូតាឃ្លុប ប្រើកញ្ចក់ខ្មៅពី ៤ ទៅ ៥គ្រឿង ហើយក្នុងរថយន្ត ១គ្រឿងៗ គេដឹកហ្គាសចាប់ពី ៧ ទៅ ១០ជើង ក្នុងមួយថ្ងៃៗដូចហែកឋិន ក្នុងរថយន្ត១គ្រឿងៗ គេតែងដឹកហ្គាសចាប់ពី ៣ ទៅ ៥ធុងធំៗ មានទម្ងន់ប្រហែលពី ៥០០ ទៅ ៦០០គីឡូក្រាមឯណោះ ដោយគ្មានមន្ត្រីៗជំនាញណា បង្ក្រាបទប់ស្កាត់ឡើយ ។

គួររម្លឹកដែរថា កាលគាត់នៅកាន់តួនាទី ជាមេអន្តោប្រវេសន៍ ច្រកទ្វារចាំយាម ខេត្តកោះកុង កន្លងមកឈ្មោះ សួស សុខដារ៉ា ដ៍ល្បីល្បាញម្នាក់នេះ ធ្លាប់ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ កោះហៅយកមកព្រមាន ម្តងជាពីរដងរួចមកហើយ ពីបទសង្ស័យមានការជាប់ ពាក់ព័ន្ធនឹងអំពើពុករលួយ តែដោយសារតែគាត់ នៅមានរាសីខ្ពស់នោះ ឈ្មោះ សួស សុខដារ៉ា មិនត្រឹមតែមិនត្រូវបានថ្នាក់លើ ដកហូតពីមុខតំណែង និងមិនទាន់ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនដាក់ទោសទណ្ឌ ដូចមន្ត្រីៗមួយក្ដាប់តូច ផ្សេងៗទៀតប៉ុណ្ណោះទេ ផ្ទុយទៅវិញ គាត់ (សួស សុខដារ៉ា) ថែមទាំងត្រូវបានថ្នាក់លើ ផ្ទេរភារកិច្ចតែងតាំងឲ្យ ទៅកាន់កាប់ប៉ុស្តិថ្មី ជាប្រធាននគរបាល អន្តោប្រវេសន៍ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន យ៉ាងគ្រហ៊ើៗទៀតផង ។

ពាក់ព័ន្ធនឹងបញ្ហានេះ បងប្អូនប្រជាពលរដ្ឋ បានស្នើលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មេត្តាជួយពិនិត្យមើលសកម្មភាពរបស់លោកសួស សុខដារ៉ា ដែលសង្ស័យថា ប្រព្រឹត្តិអំពើពុករលួយខាងលើនោះផង ពីព្រោះសកម្មភាពច្រំដែលៗរបស់លោក សួស សុខដារ៉ា ដែលអាងខ្លួនជាសាច់ញ្ញាតិអ្នកធំមានអំណាចនោះ នឹងធ្វើឲ្យស្អុយកេរ្តិ៍កាន់តែខ្លាំងឡើងៗ ដូចដំបៅមហារីកជាមិនខាន ។

ពាក់ព័ន្ធ និងករណីខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺពីលោកសួស សុខដារ៉ា បាននោះទេ ដោយសារតែទូរស័ព្ទមិនមានអ្នកទទួល ៕

 

%e1%9e%9f%e1%9e%bd%e1%9e%9f-%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%8a%e1%9e%b6%e1%9e%9a%e1%9f%89%e1%9e%b6

Loading...